ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​ថៃ​រីករាយ​ចំពោះ​ជោគជ័យ​នៃ​ការជួយ​សង្គ្រោះ​ដ៏​អស្ចារ្យ​ចេញពី​រូងភ្នំ

ប្រទេស​ថៃ ​បាន​អបអរ​បេសកកម្ម​ទទួល​បាន​ជោគជ័យ​ក្នុង​ការរំដោះ​ក្មេងប្រុស​ចំនួន​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ចេញពី​រូងភ្នំ​មួយ​កាលពី​ថ្ងៃ​ពុធ​ ជាមួយនឹង​ការកោតសរសើរ​ទូទាំង​ប្រទេស​លើ​ក្រុម​ជួយសង្គ្រោះ ​ខណៈដែល​ស្លាក​សញ្ញា​ជ័យជំនះ “Hooyah” បាន​គ្របដណ្តប់​នៅ​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

បេសកកម្ម​រយៈពេល​៣​ថ្ងៃ​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ដោយ​ក្មេងប្រុស​បួន​នាក់​ចុងក្រោយ​និង​គ្រូបង្វឹក​បាន​ចេញពី​រូងភ្នំ​បន្ទាប់ពី​ជាប់​នៅ​ខាងក្នុង​អស់​រយៈពេល​១៨​ថ្ងៃ​។​

ការជួយ​សង្គ្រោះ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​បណ្តាញសារព័ត៌មាន​ថៃ​ដោយ​កាសែត The Nation បាន​ចុះផ្សាយ​ថា “Hooyah! បេសកកម្ម​បានសម្រេច​” ហើយ​កាសែត Bangkok Post បានសរសេរថា “​ក្រុម​ជ្រូកព្រៃ​ត្រូវបាន​ជួយសង្គ្រោះ​ទាំងអស់​”​។​

ថ្វីបើ​ស្ថិតនៅក្នុង​ទី​ងងឹត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ក៏ដោយ ក្រុមមន្ត្រី​សុខាភិបាល​បាន​និយាយថា ក្មេងប្រុស​ដែលមាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​ទាំងនេះ​គឺមាន​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្តល្អ​។​

លោក Thongchai Lertwilairattanapong អគ្គ​អធិការ​ក្រសួងសុខាភិបាល​សាធារណៈ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​វា​ប្រហែលជា​ដោយសារតែ​ពួកគេ​ទាំងអស់គ្នា​រួមគ្នា​ជា​ក្រុម​ជួយ​គ្នា​ទៅវិញទៅមក​”​។

គាត់​បាន​និយាយថា ក្រុម​នេះ​នៅតែ​ស្ថិតនៅ​ដាច់ដោយឡែក​ពីគ្នា​នៅឯ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​។ គាត់​បាន​បន្ថែមថា ក្មេងប្រុស​ដែល​ត្រូវបាន​រំដោះ​ខ្លះ​អាច​ជួប​ឪពុកម្តាយ​របស់​ពួកគេ​បាន​។​

រឿងរ៉ាវ​របស់​ក្រុមបាល់ទាត់​ជ្រូកព្រៃ​នេះ​បាន​ទាក់ទាញ​ចំណាបអារម្មណ៍​ពិភពលោក​ខណៈដែល​ជីវិត​នៃ​ក្រុម​នេះ​ត្រូវ​រង​ការគំរាមកំហែង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​បន្ទាន់​ចំពោះ​ការប៉ុនប៉ង​ដ៏​គ្រោះថ្នាក់​ដើម្បី​នាំ​ពួកគេ​ចេញពី​រូងភ្នំ​។​

កាលពី​ថ្ងៃ​ពុធ សិស្សសាលា​ថៃ​ពីរ​បី​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​មន្ទីរពេទ្យ​ដោយ​សម្លឹង​មើលទៅ​អគារ​។ គ្រូបង្រៀន​របស់​ពួកគេ​បាន​ដឹកនាំ​ពួកគេ​ដើម្បី​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់​អ្នក​ទាំងអស់​ដែល​មកជួយ​ធ្វើ​ឲ្យ​បេសកកម្ម​ទទួលបាន​ជោគជ័យ​នៅក្នុង​ការដឹងគុណ​មួយ​ចំពោះ​អ្នកជំនាញ​បរទេស​ដែល​បាន​ជួយ​នាំ​ក្រុម​នេះ​ចេញ​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ពិចារណា​ជម្រើស​ជាច្រើន​ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​ទាំងនោះ​រួមទាំង​ទុក​ពួកគេ​ឲ្យ​នៅក្នុង​រូងភ្នំ​រហូតដល់​ទឹក​ស្រក​ផងដែរ​។​

ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រញាប់ប្រញាល់​ធ្វើ​ភារកិច្ច​ដ៏​គ្រោះថ្នាក់​នៃ​ការ​មុជទឹក​ចេញមកក្រៅ​តាមរយៈ​កន្លែង​លិច​ទឹក​និង​ផ្លូវ​ដែលមាន​កម្រិត​អុកស៊ីសែន​ធ្លាក់ចុះ​។​

ក្រុម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​មុជទឹក​ចម្រុះ​អន្ដរជាតិ​ចំនួន​១៣​នាក់​អមដោយ​ទាហានជើងទឹក​ថៃ​ដែល​បាន​ស្វាគមន៍​រាល់​ការជួយ​សង្គ្រោះ​ទទួលបាន​ជោគជ័យ​ជាមួយនឹង​ពាក្យ “Hooyah” នៅលើ​ទំព័រ Facebook របស់​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684