ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាង​សហជីព​ធំៗ​ស្នើ​ឲ្យ​អឺរ៉ុប កុំ​យក​បញ្ហានយោបាយ​ជា​មូលហេតុ ហើយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា

ភ្នំពេញ​ ៖ តំណាង​សហជីព​ធំៗ​នៅ​ប្រទេស​កម្ពុជា បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប កុំ​យក​បញ្ហា​នយោបាយ​ធ្វើជា​មូលហេតុ ហើយ​ចាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ កម្មការិនី និង​និយោជិត ប្រមាណ​៨០​ម៉ឺន​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​។

ការ​ស្នើសុំ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ញត្តិ​នេះ​បាន​ដាក់​ជូន​កាលពី​តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នេះ​បើ​តាម​លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ហើយ​មូលហេតុ​នៃ​ការ​ដាក់​ញត្តិ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ដែល​ការ​អនុគ្រោះ​ពន្ធ​នេះ កំពុង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ការ​ពន្ធ​ដក​នេះ នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ​ផ្ទាល់​ជិត​៨០​ម៉ឺន​នាក់ និង​ប្រជាជន​កម្ពុជា​ដទៃទៀត​រាប់​លាន​នាក់ ដែល​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​សាមញ្ញ។

យោង​តាម​ញត្តិ​របស់​ប្រធាន​សហជីព​ចំនួន​១១២​នាក់ មាន​ទាំង​ស្នាម​មេដៃ​ផង​នោះ ដែល​បាន​ដាក់​ជូន​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ក្នុងនាម​តំណាង​សហជីព​កម្មករ​នៅ​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បានផ្តល់​ការ​អនុគ្រោះ​ពន្ធ (EBA) ដល់​កម្ពុជា ហើយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ផ្តល់​ការងារ និង​ប្រាក់ចំណូល​ផ្ទាល់​កម្មករនិយោជិត និង​ក្រុម​គ្រួសារ​។ ញត្តិ​បន្ត​ថា ការ​បញ្ជាទិញ​យ៉ាងច្រើន​ពី​សហភាព​អឺរ៉ុប និង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ដល់​កម្មករ ហើយ​លក្ខខណ្ឌ​ការងារ និង​សេរីភាព​សហជីព ក៏​មាន​ការប្រែប្រួល​ច្រើន ប៉ុន្តែ​ថ្មីៗ​នេះ យើង​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ព័ត៌មាន​ដែល​សហភាព​អឺរ៉ុប ពិចារណា​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ កំពុងផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ដល់​កម្មករនិយោជិត​នៅ​កម្ពុជា ហើយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​រស់នៅ​ផ្ទាល់​របស់​កម្មករ​ជិត​៨០​ម៉ឺន​នាក់ និង​ប្រជាជន​កម្ពុជា​ដទៃទៀត​រាប់​លាន​នាក់ ដែល​សុទ្ធ​សឹង​ជា​ពលរដ្ឋ​សាមញ្ញ និង​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។

តំណាង​សហជីព​បាន​លើក​ឡើង​ទៀត​ថា “​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​តំណាង​ឲ្យ​សហជីព និង​កម្មករនិយោជិត​ត​ត្រូវការ​យ៉ាង​ចាំបាច់​ឲ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​មិន​ផ្សារ​ភ្ជាប់​នឹង​សកម្មភាព​នយោបាយ ឬ​អ្នកនយោបាយ​ណាមួយ​នោះ​ទេ​។ សូម​សហភាព​អឺរ៉ុប​កុំ​ចាត់វិធានការ​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យើងខ្ញុំ​ទាំងអស់គ្នា​ដោយ​យក​បញ្ហា​នយោបាយ​ជា​មូលហេតុ​ចម្បង​។ យើងខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​សហភាព​អឺរ៉ុប​មេត្តា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ដល់​កម្ពុជា ដើម្បី​យើងខ្ញុំ និង​ក្រុម​គ្រួសារ​មានការ​ងារ មាន​ចំណូល​ទ្រទ្រង់​ជីវភាព និង​ដើម្បី​បន្ត​ដល់​ការ​កែលម្អ​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​សេរីភាព សហជីព​នៅ​កម្ពុជា​”៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684