ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជា ត្រៀមខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ុង​ហ្គោ​លី សឹង្ហ​បុរី ម៉ាឡេស៊ី និង​ក្រុម​មួយទៀត​កំពុង​ចរចា​គ្នា

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ចុងឆ្នាំ​នេះ ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ច្បាស់​ពី​កាលបរិច្ឆេទ​នៅឡើយ​នោះទេ​។

លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី កាលពី​ពេល​ថ្មីៗ​នេះ​ថា «​មាន​ប្រទេស​ចំនួន​៣​ហើយ​បាន​យល់ព្រម​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​យើង ដោយ​ក្នុង​នោះ​មាន​ម៉ាឡេស៊ី សិង្ហ​បុរី និង​ម៉ុង​ហ្គោ​លី ខណៈ​ប្រទេស​១​ទៀត​យើង​កំពុង​ចរចា​គ្នា​សិន​។ ការប្រកួត​ទាំងនេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ត្រៀម AFF Suzuki Cup ចុងឆ្នាំ ហើយ​ការប្រកួត​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​»​។ យ៉ាង​ណា​ក្តី​កាលបរិច្ឆេទ​នៃ​ការប្រកួត សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗ​។

បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​បែងចែក​ប្រកួត​ជម្រុះ​ជា​២​វគ្គ​ដោយ​ក្នុងនោះ​មាន​វគ្គ​ជម្រុះ​បឋម​និង​វគ្គ​ជម្រុះ​តាម​ពូ​ល​មុន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​ដណ្តើម​ជើងឯក​។ ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ក្រុមទី​ម័​រ​ខាងកើត ត្រូវ​ប៉ះ​ប្រ៊ុយណេ ចំនួន​២​ជើង​គឺ​ប្តូរ​ទឹកដី​គ្នា​ដោយនៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​។ ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​នេះ​ទទួលបាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ជាមួយ​ក្រុម​៩​ផ្សេងទៀត​។

​ក្រុម​ដែល​ចាំ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ចាប់ឆ្នោត​រួចរាល់​គឺ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​អាចជា​ប្រ៊ុយណេ ឬ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹង​ធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។

ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន មាន​ឈ្មោះថា AFF Championship ដោយ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ​ដោយ​ត្រូវ​ប្រកួត​រាល់​២​ឆ្នាំ​ម្ដង ប៉ុន្តែ​កាលនោះ​ក្រុម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Tiger ទើប​ប្តូរ​ឈ្មោះថា AFF Tiger Cup​។ ចូលដល់​ឆ្នាំ​២០០៧ ក្រុមហ៊ុន Suzuki ទទួល​សិទ្ធិ​បាន​ឧ​បត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​ទើប​ប្តូរ​ឈ្មោះ​ទៅជា AFF Suzuki Cup មកទល់​បច្ចុប្បន្ន​។ ក្រុម​ជម្រើសជាតិ​ថៃ ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ​គឺ​រហូតដល់​៥​លើក ហើយ​ឈ្នះ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ថ្មីៗ​នេះ​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕