ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​អាជ្ញាកណ្ដាល​២​នាក់​ត្រៀម​ទៅ​ដឹកនាំ​ប្រកួត​ក្នុង​ពានរង្វាន់ AFF U16 Championship នៅ​ឥណ្ឌូណេស៊ី ចុងខែ​នេះ

មន្ត្រី​អាជ្ញាកណ្ដាល​របស់​កម្ពុជា ចំនួន​២​រូប នឹងធ្វើ​ដំណើរ​ទៅ​ដឹកនាំ​ការប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង Solo ក្នុងប្រទេស​ឥណ្ឌូណេស៊ី ខណៈ​កម្ពុជា ក៏​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះដែរ​។

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​អាជ្ញាកណ្ដាល​ទាំង​២​រូប​របស់​កម្ពុជា​នោះ​មាន​លោក ទុយ វិច្ឆិកា អ្នក​វាយតម្លៃ​អាជ្ញាកណ្ដាល និង​លោក ជី សាម​ឌី មន្ត្រី​អាជ្ញាកណ្ដាល​លើ​ទីលាន​ដែល​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ (FIFA)​។ យ៉ាងណាក្តី​មាន​អាជ្ញាកណ្ដាល​២​រូប​ទើបតែ​បញ្ចប់​បេសកម្ម​ក្នុង​ពានរង្វាន់ 2018 AFF U19 Championship ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែរ​គឺ​លោក ឃួន វីរៈ និង​លោក គឹម ស៊ី​ពិសាល​។

​សម្រាប់​ពានរង្វាន់ 2018 AFF U16 Championship មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១ ចាប់​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium​។ យោងតាម​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ឡាវ និង​ប្រ៊ុយណេ​។

ភាគី​កម្ពុជា នៅ​មិនទាន់​បង្ហាញ​ពី​សម​សភាព​កីឡាករ​និង​គ្រូបង្វឹក ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ខាង​លើ​នេះ​នោះ​ទេ ប៉ុន្តែ​លោក Lee Tae Hoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ដឹកនាំ​ក្រុម​យុវជន​ថ្នាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី អាចជា​បេក្ខភាព​គ្រូបង្វឹក​របស់​ក្រុម U16​កម្ពុជា​។ តាម​គម្រោង​នៃ​កាលវិភាគ​ប្រកួត​ក្នុង​ពូ​ល​ឃើញថា​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​វៀតណាម ក្នុងជំនួប​បើក​ពូ​ល​ក្នុង​ថ្ងៃទី​២៩ ខែកក្កដា ហើយ​នៅ​ថ្ងៃទី​៣១ កក្កដា បន្ត​ប៉ះ​ក្រុម​ហ្វីលីពីន ខណៈ​នៅ​ថ្ងៃទី​២ ខែសីហា កម្ពុជា ជួប​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​៤ ខែសីហា កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា និង​នៅ​ថ្ងៃទី​៦ ខែសីហា កម្ពុជា ប្រកួត​បិទ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​៕