ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​លក្ខណ​សម្បត្តិ ៦ យ៉ាង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​រហូតមក

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហោះ​សារ​នយោបាយ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច ដែល​បានបង្ហាញ​ពី​មូលហេតុ​ចម្បង​ចំនួន ៦ ដែល​នាំ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលុប​ពី​ប្រជាពលរដ្ឋ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ក្នុង​សារ​ក្នុង​នៅ Facebook ផ្ទាល់​របស់​សម្តេច នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ថា មូលហេតុ​ចម្បង​ចំនួន ៦ រួមមាន​៖ ទី​១- ជា​គណបក្ស​ដែល​បាន​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍ ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ​។ ​ទី​២-​ជា​គណបក្ស​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ ទោះបី​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ។ ទី​៣-​ជា​គណបក្ស​ដែល​បាន​ថែរក្សា​សុខសន្តិភាព​យូរអង្វែង ដែល​កំពុងផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស។ ទី​៤-​ជា​គណបក្ស​ដែល​ផ្តល់ឱកាស​ដល់​យុវជន និង​កូនក្មួយ​កម្មករ​។​ ទី​៥-​ជា​គណបក្ស​ដែល​បាន​ប្រែក្លាយ​កម្ពុជា​ពី​វាល​ពិឃាដ មក​ជា កម្ពុជា​អច្ឆរិយៈ ស្មើមុខ ស្មើ​មាត់ ជាមួយ​អន្តរជាតិ ដែលមាន​ការទាក់ទាញ​បំផុត​នៅក្នុង​តំបន់។ ទី​៦-​ជា​គណបក្ស​តែ​១​គត់ ដែល​សម្បូរ​ធនធានមនុស្ស មាន​សមត្ថភាព​ពេញលេញ និង មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​យូរអង្វែង​។

ជាមួយ​ការបង្ហាញ​មូលហេតុ​ចម្បង​ទាំង​៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី ២០ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ។

នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សម្តេច​ប្រធាន​មុខ​គណបក្ស​ប្រជាជន​ក៏បាន​បង្ហោះ​សារ​ខ្លីៗ​តែ​មាន​អត្ថន័យ​បំរើ​ឲ្យ​ការឃោសនា​ដោយ​បាន​គូស​បញ្ជាក់​ថា “​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០ គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​លើស​លុប​បំផុត​ពី​ស្រទាប់​យុវវ័យ។ អរគុណ​កូនក្មួយ យុវជន យុវតី ដែល​តែងតែ​សកម្ម​ចូលរួម​ជាមួយ​សកម្មភាព​គណបក្ស​ប្រជាជន​នៅ​ទូទាំង​ប្រទេស។ ច្បាស់​ណាស់​កូនក្មួយ​យុវជន​គឺជា​អ្នក​បន្តវេន​ក្នុង​ការ​ដឹកនាំ​កសាង​ប្រទេស​ទៅ​ថ្ងៃ​អនាគត មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស គឺ​កូនក្មួយ យុវជន​កាន់តែ​មានឱកាស​ច្រើនឡើង​ទាំង​ក្នុង​ការ​សិក្សា និង​ក្នុង​ជ្រើសរើស​ការងារ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ដោយ​សេរី​”។

បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ​គឺ​បោះឆ្នោត​ឲ្យ​ខ្លួន​យើង​និង​ប្រទេសជាតិ​យើង​គឺ​កម្ពុជា​ឈ្នះ ទាំងអស់គ្នា។ “​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ជា​គណបក្ស​ដែល​មាន​បងប្អូន​ខ្មែរឥស្លាម គាំទ្រ និង​បោះឆ្នោត​ឲ្យ​ច្រើនជាង​គេ​បំផុត​! មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស គឺ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ជ្រើសរើស​ជំនឿ​សាសនា​ដែល​ខ្លួន​ពេញចិត្ត។ មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស ទោះបី​ពលរដ្ឋ​មាន​ជំនឿ​សាសនា​ខុសគ្នា​ក៏ដោយ គឺ​អាច​រួម​រស់នៅ​ជាមួយគ្នា​ដោយ​សុខសន្តិភាព​”។

សម្តេច​តេ​ជោ បាន​ថ្លែង​អរគុណ​បងប្អូន​ខ្មែរឥស្លាម​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​តាំង​ពី​ដើម​រហូត​មក​។ សូម​អញ្ជើញ​បងប្អូន​បោះឆ្នោត​ជូន “​គណបក្ស​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។

“​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ជា​គណបក្ស​ដែល​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ច្រើន ជាងគេ​បំផុត​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​! មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស គឺ​មាន​ភាព​កក់ក្តៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​គ្រប់​ប្រទេស​។ អរគុណ​បងប្អូន​ខ្មែរ​រស់នៅ​បរទេស​ទាំងអស់​ដែល​គាំទ្រ​ជានិច្ច​ចំពោះ ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​ដែល​បានធ្វើអោយ​កម្ពុជា​មា​នស​ន្តិ​ភាព​និង​រីកចម្រើន​ដល់​សព្វថ្ងៃ​”។

សូម​អញ្ជើញ​បងប្អូន​បោះឆ្នោត​ជូន “​គណបក្ស​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។

ខាងលើនេះ សុទ្ធតែ​សារ​នយោបាយ ដែល​ត្រូវ​បាន​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី ១១ ខែកក្កដា នេះ៕