ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​វ័យក្មេង​ម្នាក់ ​ដាក់​ជណ្តើរ​ចូល​ផ្ទះ​អ្នកលក់​ទូរស័ព្ទ​ដៃ​ លួច​បាន​ទូរស័ព្ទ​ទំនើប៤​គ្រឿង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ចោរ​វ័យក្មេង​ម្នាក់​ ដាក់​ជណ្តើរ​ចូល​ផ្ទះ​អ្នកលក់​ទូរស័ព្ទ​ដៃ​លួច​បាន​ទូរស័ព្ទ​៤​គ្រឿង  ម៉ាក អាយ​ហ្វូ​ន ៥ ចំនួន ២​គ្រឿង ម៉ាក ហ៊ូ​វៃ ចំនួន ១​គ្រឿង និង​ម៉ាក SIAO MI ចំនួន ១​គ្រឿង​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ងុ​ន រ៉ា ភេទស្រី អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ថា​ខ្លួន​បាន​បាត់​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​ ត្រូវ​ចោរ​ចូល​​ផ្ទះ​លួច​យក​ទៅ​បាត់​ លោក​ក៏បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ មានឈ្មោះ ជ័យ ចាន់​បូរី​ ភេទប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​បាលិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​ ខ្លួន​ឃើញ ផ្ទះ​របស់​ជនរងគ្រោះ​បិទ​របង​ខាងក្រៅ​ជិត តែ​ក្នុងផ្ទះ​ចំហរទ្វារ និង​គ្មាន​មនុស្ស​នៅ ឃើញ​សភាព​បែបនេះ​ខ្លួន​ក៏​យក​ជណ្តើរ​តោង​ឡើង​ តាម​របង​ហើយ​ផ្លោះ​ចូលក្នុង​ផ្ទះ និង​បាន​លួច​យក​ទូរស័ព្ទ​បាន​ចំនួន៤​គ្រឿង​បាន​យក​ទូរស័ព្ទ ១​គ្រឿង​ទៅ​បញ្ចាំ យក​ប្រាក់​មកលេង​ល្បែង​ក្នុង​កាស៊ីណូ ចំណែក​ទូរស័ព្ទ ៣​គ្រឿង ទៀត នៅ​នឹង​ខ្លួន​នៅឡើយ លុះដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៨ ក៏​ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​ថា ​ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ ចំណែក​ទូរ​ស័ព្ទ​៣​គ្រឿង​នៅ​នឹង​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684