ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ជាង​១២០០​នាក់ ទទួល​បាន​បទពិសោធន៍​ ពី​ការ​ចែករំលែក​របស់​ក្រុម​ទាំង​១០​ក្នុង​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​សហការ​ជាមួយ​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​ទាំង​១០​ក្នុង​ពានរង្វាន់​ជើងឯក​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ កំពុង​ចុះ​ចែករំលែក​ដល់​សិស្ស​នៅ​តាម​វិទ្យាល័យ​ទាំង​២០​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡាករ​មួយ​ក្នុង​ត្រៀម​គោលដៅ​ពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ហ្វូ​ត​សាល​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ឃុ​ល ភិរម្យ បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​បើក​ចុះឈ្មោះ​សិស្សានុសិស្ស​នៅតាម​បណ្ដា​វិទ្យាល័យ​ទាំង​២០​ចូលរួម​កម្ម​វិធីចែក​រំលែក​បាល់ទាត់​ក្នុង​សាល (Clear Futsal Clinic) ដោយមាន​ការចូលរួម​ពី​ក្រុម​ទាំង​១០​កំពុង​ប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​ថ្នាក់ជាតិ ២០១៨ នៅ​ទីលាន the Blue (​ម្តុំ​ទួលគោក​) រៀងរាល់ថ្ងៃ​អាទិត្យ​។

គិត​ត្រឹម​ដើម​សប្ដាហ៍​នេះ​ឃើញថា​មាន​សិស្សានុសិស្ស​ចុះឈ្មោះ​ប្រមាណ​ជាង​១២០០​នាក់​ពី​វិទ្យាល័យ​ផ្សេងគ្នា​គឺ​នៅ​វិទ្យាល័យ​សម្ដេច ជា ស៊ីម សាមគ្គី​, វិទ្យាល័យ​សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី និង វិទ្យាល័យ សន្ធរម៉ុក​, វិទ្យាល័យ​ជាស៊ីម បឹង​កេងកង​, វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ​, វិទ្យាល័យ​បាក់​ទូ​ក​,​វិទ្យាល័យ​ព្រះ​យុគន្ធរ​,​វិទ្យាល័យ​ទួល​ស្វាយព្រៃ​,​វិទ្យាល័យ​ទួល​ទំពូង​,​វិទ្យាល័យ​ទឹកល្អក់​, វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​,​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័​ន្ត​, វិទ្យាល័យ​ឥន្ទ្រ​ទេវី​, វិទ្យាល័យ​អនុវត្តន៍​, វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ​, វិទ្យាល័យ​ហ៊ុនសែន​១០០​ខ្នង​។ ចំណែក​វិទ្យាល័យ​វត្ត​កោះ​, វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ​,​វិទ្យាល័យ​ឫស្សី​កែវ​,​វិទ្យាល័យ​បឹងត្របែក នឹង​បន្ត​ធ្វើឡើង​នៅ​ចុងសប្ដាហ៍​នេះ​។

លោក​ថា កម្មវិធី Clear Futsal Clinic នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​ការហ្វឹកហាត់ និង ផ្សព្វផ្សាយ​ពី​ហ្វូ​ត​សាល​ដល់​សិស្ស​វិទ្យាល័យ ដោយ​បែង​ចែកជា​៥​សប្ដាហ៍​ផ្សេងៗ​គ្នា​ជា​៥​ដំណាក់កាល​ដែរ​។ លោក ឃុ​ល ភី​រម្យ បន្តថា «​កម្មវិធី​នេះ​ហៅថា កម្មវិធី​ហ្វឹកហាត់​ហ្វូ​ត​សាល ដែលជា​កម្មវិធី​អភិវឌ្ឍន៍​ហ្វូ​ត​សាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។ យើង​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​វិទ្យាល័យ​ទាំង​២០​នៅ​រាជធានី​ភ្នំពេញ​។ ទី​១) យើង​រក​អ្នកគាំទ្រ​ដល់​ក្រុម​ទាំង​១០​នៅ​លី​គ​ហ្វូ​ត​សាល​កម្ពុជា យើង​ឲ្យ​គាត់​មក​គាំទ្រ​ហ្វូ​ត​សាល​កម្ពុជា​យើង​។ ទី​២) យើង​នឹង​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ហ្វូ​ត​សាល​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ទាំង​១០ និង អ្នកបច្ចេកទេស ហើយនឹង​អាច​ជ្រើសរើស​ពួកគាត់​ត្រៀម​ស៊ី​ហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​»​។​

តាម​គម្រោង​កម្មវិធី Clear Futsal Clinic នេះ​រៀបចំឡើង​នៅ​រាល់ថ្ងៃ​អាទិត្យ គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា នៅ​ទីលាន the Blue Sport​។ ចំណែក​ក្លិប​ទាំង​១០​នៅក្នុង​លី​គ​ហ្វូ​ត​សាល​មាន​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ​,​ក្រុម B.A United,​ក្រុម Home Sport FC,​ក្រុម​អាណាចក្រ​បៃតង​,​ក្រុម Down Town Sport,​ក្រុម​ឱ​ម៉ា​ល់ ,​ក្រុម Fan Sport FT,​ក្រុម Panda FC ,​ក្រុម​ឆន្ទៈ​កីឡា​,​ក្រុមយុវជន​៧​មករា​៕