ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

សៀមរាប ​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​សហការគ្នា ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែលមាន​សារធាតុ​ញៀន​។​ រីឯ​ម្ចាស់​ទីតាំង​គេចខ្លួនបាត់​។ ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី នោះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​
​ខេត្តសៀមរាប​
​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ហ្គេម​បាញ់​ត្រី​)​នោះ ដោយមាន​ការចូលរួម​សហការ​ជាមួយ​អធិការ​នគរបាល​ក្រុង និង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ដោយមាន​ការ​សម្របសម្រួល​ពី​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ទើប​កម្លាំង​ជំនាញ​ចូល​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២នាក់ ដែល​ជា​អ្នក​ញៀន​ថ្នាំ រួច​ប្រគល់​ឲ្យ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន យក​ទៅ​ធ្វើការ​សួរនាំ​បន្ត ចំណែក​វត្ថុ​តាង​យក​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​។​ចំណែក​ម្ចាស់​ទីតាំង​គេចខ្លួនបាត់​។

លោក​បាន​បញ្ជាក់ថា វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ទូ​ហ្គេម​ចំនួន​៥​គ្រឿង ក្នុងនោះ​ទូ​ហ្គេម​ខូចគុណភាព​ចំនួន​២​គ្រឿង កៅអី​ជ័រ​ចំនួន​១៥​កៅអី។

បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​សៀមរាប រីឯ​ទីតាំង​បើក​លេង​ល្បែងស៊ីសង (​ហ្គេម​បាញ់​ត្រី​) ត្រូវបានធ្វើ​ការបិទជា​បណ្តោះអាសន្ន​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684