ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស ប៊ែ​ល​ធី​ចំនួន ៥២១៧​នាក់​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា​លើក​ទី​២

ភ្នំពេញ ​៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀប​ចំ​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា​លើក​ទី​២​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ (​សាខា​ស្ទឹងមានជ័យ​)​ក្រោម​អធិបតីភាព​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​បាន​ឲ្យ​ដឹងថា ដើម្បី​ពង្រឹងគុណភាព​អប់រំ​បន្ថែម​ទៀត សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បង្កើត កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន ៨ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន​៖ ទី​១.​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ទី​២-​កម្មវិធី​ពង្រឹងស្មារតី ទី​៣-​កម្មវិធី ទស្សនកិច្ច​សិក្សា ទី​៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ទី​៥-​កម្មវិធី​ប្រឡង​សំណេរ ទី​៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ទី​៧-​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ និង​ទី​៨-​កម្មវិធី​កីឡា​។

ក្នុង​ឆ្នាំ​សិក្សា​នេះ សាលា​បានកំណត់​យក​ថ្នាក់​វិទ្យាសាស្ត្រ ស្របតាម​កម្មវិធី​ស្តែ​ម (STEM: Science, Technology, Engineering, Mathematics) របស់​ក្រសួង​អប់រំ និង​បានរៀបចំ​បង្កើត​បន្ទប់​ពិសោធន៍ (Laboratory) នៅ​គ្រប់​ទីតាំង​សាខា ប៊ែ​ល​ធី ដែល​បំពាក់​នូវ​សម្ភារ​ពិសោធន៍​ទំនើបៗ សម្រាប់​សិស្ស​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ទី​៧​ដល់ទី​១២ ដើម្បី​សិក្សា និង​ផ្សាភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​ដែល​ផ្តោត​សំខាន់​លើ​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។

ក្នុងឱកាស​នោះ​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ប្អូនៗ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​តាំងពី​សាខា​របស់ខ្លួន រហូតដល់​ពាក់កណ្តាល​វគ្គ​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេលនេះ​។​លោក​អគ្គនាយករង​បាន​បន្ថែមទៀតថា​កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព​អប់រំ ដោយ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ខួរក្បាល​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​ក្នុង​ការគិត​ឲ្យ​មាន​ភាពរហ័សរហួន ដូចជា ការ​បូក​-​ដក​-​គុណ​-​ចែកលេខ ក៏ដូចជា​ការ​គណនា​រូបមន្ត​គណិតវិទ្យា​ផ្សេងៗ និង​ផ្តល់ឱកាស​ដល់​សិស្ស ដើម្បី​បង្ហាញ​នូវ​សមត្ថភាព និង​ស្វែងរក​អ្នក​ដែល​ពូកែ​បំផុត ឆ្លាត​វៃ​ឲ្យ​ស្របតាម​បាវចនា​ប៊ែ​ល​ធី “​គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌​” ។ លោក​អគ្គនាយករង​ក៏បាន​បន្ថែមទៀតថា ថ្មីៗ​នេះ ប៊ែ​ល​ធី ទើបតែ​ទទួលបាន​សិទ្ធិផ្តាច់មុខ​លើ​កម្មវិធី​”​គណនា​លេខ​រហ័ស IMA”(​អាយ អ៊ឹម អេ​) ធំ​បំផុត​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុងការ​អប់រំ និង​ផ្តល់​ចំណេះដឹង​លើ​កម្មវិធី INTELLIGENT MENTAL-ARTHEMATIC ដែលជា​កម្មវិធី​ដ៏​ល្បីល្បាញ និង​លេចធ្លោ​ជាងគេ​ក្នុងប្រទេស​ម៉ាឡេស៊ី និង​មាន​កិច្ចសហប្រតិបត្តិការ ១៨​ប្រទេស​លើ​ពិភពលោក​។ ការសិក្សា​វគ្គ​អាយ អ៊ឹម អេ​នេះ នឹង​ជួយ​ដល់​ការ​បង្កើនល្បឿន នៃ​ការ​គណនា​លេខ និង អភិវឌ្ឍ​ការប្រើប្រាស់​ខួរក្បាល​របស់​កុមារ​អោយមាន​ភាព​វ័យឆ្លាត ស្ទាត់ជំនាញ និង ឆាប់រហ័ស តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ក្បាច់​អាល់​បេ​ឃឺ​ស (Abacus) និង​បច្ចេកទេស​បង្រៀន​បែប​វិទ្យាសាស្ត្រ​ទំនើប ដើម្បី​ឲ្យ​សិស្ស​ប៊ែ​ល​ធី​កាន់​តែមាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​ថែមទៀត និង​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ និង​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ​ទៅ​ថ្ងៃ​អនាគត​។

ជាទី​បញ្ចប់​លោក​លី ប៊ុនឆៃ ក៏បាន​ប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស ជ័យលាភី​ថ្នាក់​ទី​៥ ទី​៨​និង​ទី​១១​ចំនួន ០៩​នាក់​ផងដែរ​៕