ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ២​នាក់ ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ

កំពង់ស្ពឺ ៖ កម្លាំង​ការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិ​វិធី នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​អធិការ​នគរបាល​ក្រុង​ច្បារមន ចុះ​បង្ក្រាប​ជនជាតិ​វៀតណាម ២​នាក់ ដោយ​ឃាត់ខ្លួន​រួច​បំពេញបែបបទ​ដើម្បី​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ដោយ​ចូល​មក​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

ការ​បង្ក្រាប​ជនជាតិ​វៀតណាម​មក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ខាងលើ​នេះ ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោងជាង ១៧​និង​៣០​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​ផ្នែក​អន្តោប្រវេសន៍​ក្រុង​ច្បារមន បាន​ឃាត់​ជនបរទេស​ចំនួន ០២​នាក់ សញ្ជាតិ​វៀតណាម ត្រង់​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាល​អន្តោរ​ប្រវេសន៍​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​២​នាក់ រួមមាន ទី​១-​ឈ្មោះ LE VAN CHANH ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ និង​ទី​២-​ឈ្មោះ NGENG VAR GION ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ បាន​លួច​ឆ្លងដែន​ចូល​មក​ស្នាក់ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា​។

លោក​ឧត្ដមសេនីយ៍ត្រី ឯក សា​លួត ស្នងការរង ទទួល​ផែន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង២​នាក់​ខាងលើ​នេះ បាន​លួច​ចូល​មក​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ព្រមទាំង​គ្មាន​ឯកសារ​អ្វី​ទាំងអស់​ក្នុង​ទឹកដី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង២​នាក់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បំពេញបែបបទ​នីតិវិធី​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​បញ្ជូន​ចេញទៅ​ប្រទេស​ដើម​វិញ​៕