ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​មាន​ផ្ទៃពោះ ​គួរ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ

ភ្នំពេញ​ ៖​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មិនមែន​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ដែល​ធ្វើដំណើរ​ឆ្ងាយ​ឡើយ ដូច្នេះ​ហើយ​អ្នក​ម្តាយ​ទាំងឡាយ​គួរ​ស្វែងយល់​អំពី​បញ្ហា​នេះ​ដើម្បី​ទុកជា​អត្ថប្រយោជន៍​សម្រាប់​ខ្លួន​យើង​ផងដែរ​។

ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​ហាមឃាត់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នៅពេល​ដែល​មាន ផ្ទៃពោះ​ដូចជា​កូនភ្លោះ ប្រវត្តិ​រលូត​កូន​មាន​សញ្ញា​គំរាម​កើត​មិន​គ្រប់​ខែ​និង​ជំងឺលើសឈាម រួម​ទាំង​ជំងឺ​ទឹកនោមផ្អែម​។

រីឯ​ទីកន្លែង​ដែល​មិន​គួរ​ធ្វើដំណើរ​ទៅ​នោះ​ គឺ​ក្នុង​តំបន់​ពុំ​មាន​កន្លែង​សម្រាក​ពេទ្យ ក្នុង​តំបន់​ដែលមាន​ជំងឺគ្រុនចាញ់ ជំងឺ​ហ្ស៊ី​កា​ជាដើម។ ក្នុង​ធ្វើដំណើរ​ស្ត្រី​ត្រូវ​យក​ទៅ​ជាមួយ​នូវ​ប្រដាប់​ស្ទង់​កម្ដៅ ថ្នាំ​Paracétamol​ឬ​ប្រដាប់​វាស់​ឈាម។

ចំពោះ​ការធ្វើដំណើរ​តាម​យន្តហោះ​វិញ, ស្ត្រី​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ (​ចំពោះ​ការហោះហើរ​រយៈពេល​ខ្លី​) បាន​រហូត​ដល់​កូន​ក្នុង​ផ្ទៃ​អាយុ ៧​ខែ ឬ ៨​ខែ ដោយមាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ពី​ការ​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​ព្រោះ​ការ​ធ្វើដំណើរ​តាម​យន្តហោះ​ត្រូវ​ហាមឃាត់​ក្នុង​រយៈពេល​ខែ​ចុងក្រោយ និង​៧​ថ្ងៃ ក្រោយ​សម្រាល​។

ដូច្នេះហើយ​សូម​បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​នៅ​អំឡុង​ពេល​ធ្វើដំណើរ ឬ​នៅ​តំបន់​ដែល​គ្មាន​មន្ទីរពេទ្យ​។ ប្រសិនបើ​មាន​បញ្ហា​កើតឡើង បន្ទាប់ពី​ការ​ធ្វើដំណើរ សូម​ប្រញាប់​មក​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ធ្វើការ​ពិគ្រោះ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតឡើង​ចំពោះ​អ្នក​ម្តាយ​និង​កូន​នៅក្នុង​ផ្ទៃ​ផងដែរ​៕