ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ចិន​បើកសម្ពោធ “​សប្ដាហ៍​ភាពយន្ត​ចិន​” និង​“​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី ៣”

ភ្នំពេញ ​៖ “​សប្ដាហ៍​ភាពយន្ត​ចិន​” និង “​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី​៣” ត្រូវ​បា​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ​២០១៨ ​នៅ​សាល​មហោស្រព​ចតុមុខ​រាជធានី​ភ្នំពេញ​ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនងជា​មួ យ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្តម ស្យុ​ង ប៉រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ ​រួមមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​តំណាង​ស្ថាប័ន​ផ្សេងៗ​ទៀត ។

លោក ស្យុ​ង ប៉រ បាន​មា​នប្រសាសន៍​ថា ​ខ្សែភាពយន្ត​គឺជា​ស្ពាន​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​និង​ប្រជាជន ព្រមទាំង​ជួយ​ជំរុញ​ការផ្លាស់ប្ដូរ ទំនាក់ទំនង​ផ្នែក​វប្បធម៌​ផងដែរ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ទូត​បាន​បន្ត​ថា ​កម្មវិធី “ ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​” បាន​ប្រារព្ធ​ធ្វើឡើង​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ដែល ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុម​បញ្ចាំងភាពយន្ត​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទី​ជនបទ​ដាច់ស្រយាល សហគមន៍ សាលារៀន ទីបញ្ជាការដ្ឋាន​កងទ័ព និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម នៅក្នុង​១៤​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​បញ្ចាំងភាពយន្ត​ចិន​ដ៏​ឆ្នើម​ជិត​១០​រឿង និង​ភាពយន្ត​ខ្មែរ​ជាច្រើន​រឿង​ទៀត ដែល​មាន​ចំនួន​២៤​លើក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ទស្សនា ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​តាម​តំបន់​ផ្សេងៗ​ទៀត ដែល​មាន​ចំនួន​ជិត​៤​ម៉ឺន​នាក់ ព្រមទាំង​បាន​ផ្ដល់​នូវ​ច្រក​ថ្មី​មួយ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់ សាធារណៈ​និង​ទី​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា​យល់ដឹង​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ស្ថានភាព​បច្ចុប្បន្ន​របស់ ប្រទេស​ចិន​ផង​ដែរ ហើយ​បាន​ក្លាយទៅជា​ស្លាក​សញ្ញា​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្ដូរ​វប្បធម៌​មនុស្សជាតិ រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ។

ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ​ដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា តាមរយៈ សប្ដាហ៍​ភាពយន្ត​ចិន​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យល់​កាន់​តែ​ច្បាស់​អំពី​វប្បធម៌​ចិន និង​មិត្តភាព​កម្ពុជា​ចិន ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​លើកទីមួយ​គឺ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​ពីរ​គឺ ”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២”​នៅ​ឆ្នាំ​២០១៧ បាន​បង្កើត​ឡើង ហើយ​ដែល​ព្រឹត្តិការណ៍​ទាំងពីរ​លើក​នេះ សុទ្ធតែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​តាម​តំបន់​ដែល​បាន​ចុះទៅ​ចាក់​បញ្ចាំង។

លោកជំទាវ​សង្ឃឹមថា​ សម្រាប់​លើក​ទី​៣​នេះ​នឹង​កាន់តែ​ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​បន្ថែមទៀត​។ គួរ​បញ្ជាក់​ថា ​កម្មវិធី “​សប្ដាហ៍​ភាពយន្ត​ចិន​” និង “​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី ៣”​នេះ មានការ​សហការ​ចូល​រួម​ពី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា និង​រៀបចំ​ផ្ទាល់​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន និង​ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប​។

កម្មវិធី​“​សប្ដាហ៍​ភាពយន្ត​ចិន​”​នេះ មាន​រយៈពេល​៥​ថ្ងៃ ហើយក៏​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​សម្រាប់​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ផងដែរ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​និង​ពង្រឹង​ការផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​របស់​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត។

ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​”​សប្ដាហ៍​ភាពយន្ត​ចិន​”​នេះ ក៏​មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ដ៏​ឆ្នើម​របស់​ចិន​ដែល​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​ជូន​ប្រជាជន​កម្ពុជា​ទស្សនា​ដោយ​ឥតគិតថ្លៃ រួមមាន​រឿង ក្រុម​នារី​ខ្យល់​គួច រឿង ប្រតិបត្តិការ​សមុទ្រ​ក្រហម រឿង អ្នក​ចម្បាំង​ចចក ជាដើម​។

ម្យ៉ាងវិញទៀត​ភាពយន្ត​ទាំងនេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​អគ្គ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​កម្ពុជា កង​យោធា​ឆ័​ត្រ​យោង​ព្រមទាំង​យក​ទៅ​កាន់​តំបន់​មួយចំនួន​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្ត​ដែល​ជា​តំបន់​ដាច់ស្រយាល​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា ដើម្បី​ចាក់​បញ្ចាំង​ជូន​ប្រជាជន​នៅ​ទីនោះ​ទស្សនា​ដោយ​ឥតគិតថ្លៃ។

​ពិធី​សម្ពោធ​នេះ​ផង​ដែរ ជា​ឱកាស​ដ៏​ប្រពៃ​មួយ​ដែល​ស្រប​នឹង​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំ​នៃ​ដំណើរការ​ផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​ស្ថានីយ​វិទ្យុ​អន្តរ​ជាតិចិន​ផង​ដែរ ដែល​ក្នុង​រយៈពេល​១០​ឆ្នាំនេះ វិទ្យុ​មិត្តភាព​កម្ពុជា​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់​កម្ពុជា។

វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០០៨ ដែល​បច្ចុប្បន្ន​នេះ​មាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ និង​ផ្សាយ​ក្នុង​រលកអាកាស FM96.5 MHz នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប FM105 MHz ដោយ​ផ្សព្វផ្សាយ​នូវ​សម្លេង​មិត្តភាព​នៃ​ប្រជាជន​ចិន​ជូន​ប្រជាជន​កម្ពុជា​៕