ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Lee Tae Hoon ត្រៀម​ដឹកនាំ​ក្រុម U16​កម្ពុជា ទៅ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី​រយៈពេល​១០​ថ្ងៃមុន​ចេញទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី

លោក Lee Tae Hoon គ្រូបង្វឹក​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នឹង​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រោម​អាយុ​១៦​ឆ្នាំ (U16) របស់​កម្ពុជា ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​១០​ថ្ងៃមុន​ចេញដំណើរ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង Solo ក្នុងប្រទេស​ឥណ្ឌូណេស៊ី។

បុរស​កូរ៉េខាងត្បូង រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ​៖«​យើង​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី សិន​ដោយ​ចេញដំណើរ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ហើយ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​១០​ថ្ងៃ។ តាម​គម្រោង​នៅ​ថ្ងៃទី​២០ ខែ​កក្កដា យើង​ត្រូវ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ហើយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា យើង​ត្រៀម​ប្រកួត​១​លើក​ទៀត​ដោយ​ប៉ះ​ក្រុម​ក្នុងស្រុក​របស់​ម៉ាឡេស៊ី។ ចប់​ការប្រកួត​យើង​បន្តដំណើរ​ទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី តែម្តង»។

ពានរង្វាន់ 2018 AFF U16 Championship មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១​ ចាប់​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium។ យោងតាម​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ឡាវ និង​ប្រ៊ុយណេ​។​

​តាម​គម្រោង​នៃ​កាលវិភាគ​ប្រកួត​ក្នុង​ពូ​ល​ឃើញថា​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​វៀតណាម ក្នុងជំនួប​បើក​ពូ​ល​ក្នុង​ថ្ងៃទី​២៩ ខែកក្កដា ហើយ​នៅ​ថ្ងៃទី​៣១ កក្កដា បន្ត​ប៉ះ​ក្រុម​ហ្វីលីពីន ខណៈ​នៅ​ថ្ងៃទី​២ ខែសីហា កម្ពុជា ជួប​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​៤ ខែសីហា កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា និង​នៅ​ថ្ងៃទី​៦ ខែសីហា កម្ពុជា ប្រកួត​បិទ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី៕