ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ធ្វើ​ឲ្យ​ណា​តូ​ភ្ញាក់ផ្អើល​ដោយ​តម្រូវ​ឲ្យ​បង្កើន​ការចំណាយ​ទ្វេដង​លើ​វិស័យ​ការពារ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅឯ​ជំនួប​កំពូល​អង្គការ​ណា​តូ​ដ៏​ចម្រូងចម្រាស​មួយ​កាលពី​ថ្ងៃ​ពុធ​ ដោយ​ទាមទារ​ភ្លាមៗ​ឲ្យ​សមាជិក​ទាំងអស់​បង្កើន​ការប្តេជ្ញាចិត្ត​ក្នុងការ​ចំណាយ​ផ្នែក​ការពារ​របស់​ពួកគេ​ឲ្យ​បាន​ទ្វេដង​។​

ការទាមទារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Trump បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​ប៉ះទង្គិច​ជាមួយ​លោកស្រី​អធិការបតី Angela Merkel ដោយ​ហៅ​ប្រទេស​អាល្លឺម៉ង់​ថា​ជា “​ចំណាប់ខ្មាំង​” របស់​រុស្ស៊ី​ដោយសារតែ​តំណ​ភ្ជាប់​ឧស្ម័ន​របស់ខ្លួន​និង​ដោយសារ​ការខកខាន​មិនបាន​បង់ប្រាក់​។​

ក្រុម​សម្ព័ន្ធមិត្ត​ណា​តូ​បាន​ព្រមព្រៀងគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​វេ​លន៍​កាលពី​ឆ្នាំ​២០១៤​ក្នុងការ​ព្យាយាម​ចំណាយ​២​ភាគរយ​នៃ GDP លើ​ការការពារ​ក្នុង​រយៈពេល​១០​ឆ្នាំ​ប៉ុន្តែ​សេត​វិមាន​បាន​និយាយថា លោក Trump បាន​លើកឡើងថា វា​មិន​គ្រប់គ្រាន់​នោះទេ​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា “​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​របស់​ប្រធានាធិបតី​នៅថ្ងៃនេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ លោក​បាន​លើកឡើងថា ប្រទេស​នានា​មិន​ត្រឹមតែ​ត្រូវបំពេញ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​នៃ​២​ភាគរយ​នៃ GDP របស់​ពួកគេ​លើ​ការចំណាយ​លើ​វិស័យ​ការពារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​ត្រូវតែ​បង្កើន​ដល់​ចំនួន​៤​ភាគរយ​ផងដែរ​”​។​

ប្រធានាធិបតី​ប៊ុលហ្គារី​លោក Rumen Radev បាន​បញ្ជាក់ថា លោក Trump បានធ្វើ​ការទាមទារ​បែបនេះ​និង​បាន​សួរថា តើ​វា​មានន័យ​អ្វី​សម្រាប់​អនាគត​នៃ​សម្ព័ន្ធភាព​មួយ​នេះ​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​អឺរ៉ុប​អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ​នោះ​។​

មេដឹកនាំ​ណា​តូ​ទាំង​២៩​រូប​រួមទាំង​លោក Trump ផងដែរ​គឺ​បាន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​បាន​ប្តេជ្ញា​ថា ខ្លួន​នឹងមាន “​ការចែករំលែក​បន្ទុក​” កាន់តែ​ធំធេង​និង​ការប្តេជ្ញាចិត្ត​ចំពោះ​សម្ព័ន្ធមិត្ត​ថា ការវាយប្រហារ​លើស​មា​ជិ​ក​ណាមួយ​គឺជា​ការវាយប្រហារ​ទៅលើ​ពួកគេ​ទាំងអស់​ប៉ុន្តែ​មិនបាន​និយាយ​ពាក់ព័ន្ធ​នឹង​ចំនួន​បួន​ភាគរយ​នោះទេ​។​

បន្ទាប់មក លោក Trump បាន​វាយប្រហារ​ទៅលើ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​គឺ​ប្រទេស​អាល្លឺម៉ង់​នៅឯ​កិច្ចប្រជុំ​អាហារ​ពេលព្រឹក​មួយ​ជាមួយ​ប្រធាន​អង្គការ​ណា​តូ​លោក Jens Stoltenberg​។​

លោក Trump បាន​ថ្លែងថា “​ប្រទេស​អាល្លឺម៉ង់​គឺជា​ចំណាប់ខ្មាំង​របស់​រុស្ស៊ី​ដោយសារតែ​ប្រទេស​នេះ​កំពុង​ទទួលបាន​ថាមពល​យ៉ាងច្រើន​ពី​រុស្ស៊ី​”​។ លោក Trump បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream II ដែល​លោក​បាន​រិះគន់​កាលពីមុន​។​

លោកស្រី Merkel បាន​វាយបក​ទៅវិញ​ថា លោកស្រី​ដឹងថា​លោក Trump ចង់​សំដៅថា អាល្លឺម៉ង់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​ប៉ុន្តែ​អាល្លឺម៉ង់​មាន​សិទ្ធិ​ដើម្បី​សម្រេច​ជម្រើស​គោលនយោបាយ​របស់ខ្លួន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684