ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុ​ជា​ថ្មី ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​២​ប្រកួត​ក្នុង​ចំណោម​៦​ប្រកួត​ពី​លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៤ ចុង​សប្ដាហ៍​នេះ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងត្រូវ​ប្រកួត​សប្ដាហ៍​ទី​១៤ នៅ​ចុង​សប្ដាហ៍​នេះ​ចំនួន​៦​ប្រកួត ដោយមាន​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ដែល​មានការ​ចាប់ដៃគ្នារ​វាង​ទូរទស្សន៍ BTV New, គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ (CNCC) និង​សារព័ត៌មាន​កម្ពុជា​។​


កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៤ នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កម្ពុ​ជាថ្មី និង​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅវេលា​ម៉ោង​៣:៣០​នាទី​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក CNCC​។

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វិញ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បើកទ្វា​កីឡដ្ឋាន​ខេត្តសៀមរាប ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល មាន​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កម្ពុ​ជាថ្មី និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​វិសាខា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។

ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១៣ កន្លងទៅ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​វិញ ឃើញថា​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ណាហ្គា​វើ​ល មាន​៣១​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​២៩​ពិន្ទុ ហើយ​ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​២៧​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​២១​ពិន្ទុ ក្រុម​លេខ​៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​២០​ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប លេខ​៧ មាន​១៨​ពិន្ទុ ក្រុម​លេខ​៨ ព្រះខ័ន​រាជ​ស្វាយរៀង មាន​១៧​ពិន្ទុ​។ ក្រុម​លេខ​៩ អង្គ​រថា​យ​ហ្គឺ​រ មាន​១១​ពិន្ទុ ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១១​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​៕