ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​វ៉ា​ត់ ចំរើន​ ៖​ កម្ពុជា​មិន​បញ្ជូន​កីឡា​ប្រកួត​ជា​ក្រុម​ទាំង​អស់​ទៅ ​Asian Games ឆ្នាំ​នេះ បូក​ទាំង​កីឡាបាល់ទាត់​ដែរ

ថ្មីៗ​នេះ ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអាស៊ី (Asian Games 2018) ដែល​គ្រោង​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួចរាល់​ហើយ ដោយ​ក្នុងនោះ​មាន​ក្រុម​ទៅ​ពី​តំបន់​អាស៊ាន​ជាច្រើន​បានសម្រេច​ចិត្ត​ចូល​រួម​ តែ​មិនមាន​ក្រុមបាល់ទាត់​របស់​កម្ពុជា នោះទេ​។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្ម​ធិ​ការ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រាប់​អ្នកសារព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​កីឡា Asian Games ឆ្នាំនេះ​ថា​៖«​ការលើកឡើង​ពី​ការប្រកួត​ជា​ក្រុម របស់​យើង​ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ … យើង​មិនដែល​បាន​ចូលរួម​កម្រិត​អាស៊ី​ទេ តែ​យើង​ប​ញ្ជូន​​​ទៅកាន់​ប្រកួត​ស៊ី​ហ្គេម​វិញ​។ យើង​ឃើញ​កីឡា​មួយចំនួន​គេ​រៀបចំ​បានល្អ តែ​គេ​រៀបចំ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​២០២៣ ឱ្យមាន​ប្រសិទ្ធភាព សម្រាប់ Asian Games 2018 នេះ​យើង​មិនបាន​បញ្ជូនទៅ​ទេ​»​។

​ថ្នាក់ដឹកនាំ​ក្បាលម៉ាស៊ីន​កីឡា​ប្រចាំ​ប្រទេស​កម្ពុជា ខាងលើ​បាន​បន្តថា ​៖«​យើង​ឃើញ​បាល់ទាត់​មានការ​រីកចម្រើន​បច្ចេកទេស​ក៏​ល្អ​ ប៉ុន្តែ​នៅ​កម្រិត​អាស៊ី​នេះ​យើង​មិនទាន់​បានដាក់​ទៅក្នុង​កម្រិត​មនុស្សពេញវ័យ ឈុត​ធំ​។ ប៉ុន្តែ​បើ​ក្នុង Asian Games សម្រេច​ថា​ដាក់​ក្រុមយុវជន​ចន្លោះ U16 ដល់ U19 នោះ​យើង​ក៏​សម្រេច​បញ្ជូនទៅ​ដែរ ព្រោះថា​ការប្រកួតប្រជែង​មាន​លក្ខណៈ​ល្អ​។ យើង​មើលឃើញថា​ឯកឧត្តម សៅ សុខា លោក​រៀបចំ​បានល្អ​នៅ​កម្រិត​យុវជន​ថ្នាល​ដែលមាន​គោលដៅ​នៅ​ថ្ងៃ​ខាងមុខ​»​។​

​សម្រាប់​លទ្ធផល​នៃ​ការបែងចែក​ពូ​ល​សម្រាប់​បាល់ទាត់​បុរស​មាន​ពូ​ល A ឥណ្ឌូណេស៊ី​,​ហុក​កុង​,​ឡាវ​,​តៃវ៉ាន់ ពូ​ល B មាន​ថៃ​,​អ៊ូ​ប៊ែ​គី​ស្ថាន​,​បង់​ក្លា​ដេ​ស​,​កាតារ ពូ​ល​C អ៊ីរ៉ាក់​,​ចិន​,​ទី​ម័​រ​ខាងកើត​,​ស៊ី​រី ពូ​ល D ជប៉ុន​,​វៀតណាម​ប៉ា​គី​ស្ថាន​,​នេ​ប៉ាល់ ពូ​ល E កូរ៉េខាងត្បូង​,​គី​ជី​ស្ថាន​,​ម៉ាឡេស៊ី​ប៉ា​រ៉ែ​ន ពូ​ល F មាន​កូរ៉េខាងជើង​,​អា​រ៉ា​ប៊ី​សា​អូឌីត​,​អ៊ីរ៉ង់ និង​មី​យ៉ាន់​ម៉ា​។ ចំណែក​បាល់ទាត់​នារី​វិញ​មាន​ពូ​ល A ឥណ្ឌូណេស៊ី​,​កូរ៉េខាងត្បូង​,​តៃវ៉ាន់​,​ម៉ា​ល់​ឌី​វ ពូ​ល B មាន​កូរ៉េខាងជើង​,​ចិន​,​ហុងកុង​និង​តាជី​គី​ស្ថាន ពូ​ល C ជប៉ុន​,​វៀតណាម​,​ថៃ​។

​សម្រាប់​កម្ពុជា ​ ត្រៀម​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​ចំនួន​១៣ ប្រភេទ​កីឡា​ចូលរួម​ប្រកួត ប្រជែង​កីឡា​អាស៊ី​ឆ្នាំ​២០១៨​នេះ ដូចជា​អត្តពលកម្ម​,​ហែល​ទឹក​,​ចំបាប់​,​ស៊ូ​ហ្វ​ទី​នី​ស​,​តេ​ក្វាន់​ដូ​, Jujitsu​កា​រ៉ា​តេ​ដូ​,​យូ​ដូ​,​ទូកក្តោង​,​ទូក​កា​ណូ​, ម៉ូតូ​ទឹក​, ចាក់​ដាវ និង​កាយសម្ព័ន្ធ​។ តាម​គម្រោង​Asian Games ឆ្នាំនេះ​បានដាក់​កីឡា​៤០​ប្រភេទ​ដែលមាន​៤៦២ វិញ្ញាសា ឱ្យ​ប្រទេស​ជា​សមាជិក​ចំនួន​៤៥​ប្រទេស​ចូលរួម​ប្រកួតប្រជែង​ចាប់ពី​ទី​១៨ ខែសីហា ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​កាតា​និង​Palembang៕