ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​Teregganu ​FA ​របស់ ធា​រី ចន្ថា​ប៊ី​ន ឡើង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី ត្រឹម​សប្ដាហ៍​ទី​១៨

ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ បានបញ្ចប់​ការប្រកួត​សប្ដាហ៍​ទី​១៨ របស់ខ្លួន​ថ្មីៗ​នេះ ស្របពេល​ក្រុម​ដែល​កីឡាករ​របស់​កម្ពុជា ១​រូប​កំពុង​ប្រកប​អាជីព​នៅ​ទីនោះ Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន រកបាន​៣​ពិន្ទុ​បន្ថែម​ ហើយ​ឡើងឈរ​លេខ​៣​កំពូល​តារាង​បណ្តោះអាសន្ន។

សរុប​លទ្ធផល​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​១៨​ឃើញថា​ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម Melaka United ឈ្នះ​ក្រុម Kedah ៤​ទល់​១ ហើយ​ក្រុម Perak ចាញ់​ក្រុម Johor Darul Ta’zim ២​ទល់​១ ខណៈ​ក្រុម Terengganu របស់​ធា​រី ចន្ថា​ប៊ី​ន ឈ្នះ​ក្រុម Kuala Lumpur ៣​ទល់​១​។ ចំណែក​នៅ​ថ្ងៃទី​១១ ខែកក្កដា វិញ​ក្រុម Pahang FA ស្មើគ្នា​ជាមួយ​ក្រុម PNKP ០​ទល់​០ ស្របពេល​ក្រុម Kelantan ឈ្នះ​ក្រុម Selangor ២​ទល់​១ និង​ក្រុម PNKS ឈ្នះ​ក្រុម Negeri Sembilan ៥​ទល់​៣​។​

​លី​គ​កំពូល​ម៉ាឡេស៊ី ឆ្លងកាត់​១៨​ប្រកួត​មកនេះ​ក្រុម​Terengganu របស់ ធា​រី ចន្ថា​ប៊ី​ន កំពុង​ប្រដេញ​តំបន់​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម​ខ្លាំង​Jorhor និង​ក្រុម Pahang FA ជា​ក្រុម​ចាស់​របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុម​Kedah និង​ក្រុម PKNS ជាដើម​។ ចំណែក​ក្រុម Negeri Sembilan អតីត​ក្រុម​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏ត្រូវ​ការ​ពិន្ទុ​ដែរ​ដើម្បី​គេ​ឱ្យ​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចេញ​ឱ្យ​ទៅលេង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី​។​

​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​សរុប​ចំនួន​១២​ក្រុម​ដោយ​តម្រូវឱ្យ​ក្រុម​ទាំងអស់​ប៉ះគ្នា​ចំនួន​២​លើក (២​ជុំ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នៅ​ចប់​រដូវ​កាល​នឹង​ឈ្នះ​ជើងឯក​ នឹង​ទទួល​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។ តាម​គ្រោង​ការប្រកួត​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ មុន​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នេះ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។​

​សូមបញ្ជាក់​ថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុង​នោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ប៉ុណ្ណោះ​៕