ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​ថៅកែ​គ្រឿងបន្លាស់​រថយន្ត ស៊ី​ដាច់​ប្រាក់​ជាង​៣​លាន​ដុល្លារ

ភ្នំពេញ​ ៖​ លោក រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ បាន​លើកយក​សំណុំ​រឿ​ឆបោក​ប្រាក់​ជាង​៣​លាន​ដុល្លារ​របស់​ថៅកែ​គ្រឿងបន្លាស់​រថយន្ត​មក​បើកសវនាការ។

ជនជាប់ចោទ​ឈ្មោះ អឿ អឿន អាយុ​៥៧​ឆ្នាំ​ ត្រូវបាន​បញ្ជូនមក​ក្នុង​សវនាការ​ដើម្បី​សាក​សួរ​ដោយផ្ទាល់។ ដើម​​បណ្ដឹង​ក្នុង​រឿងក្ដី​ឆបោក​នេះ​ឈ្មោះ ហុក ជីវិន អាយុ​៤៣​ឆ្នាំ ជា​ឈ្មួញ​ឈើ។​

អង្គហេតុ​ដែល​ផ្ដើម​អោយមាន​ការចោទប្រកាន់​ឈ្មោះ​អឿ អឿន ជា​ថៅកែ​នាំចូល​គ្រឿងបន្លាស់​រថយន្ត​នោះ​ពីបទ​ឆបោក​នោះ ​គឺពាក់ព័ន្ធ​នឹង​ការរត់​ការចេញ​អាជ្ញាប័ណ្ណ​​​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស​មានតម្លៃ​ជាង​៥​លាន​ដុល្លារ គិត​ជា​បិរមាណ​ឈើ​គឺ​ជាង​២០០​កុងតឺន័រ ប៉ុន្តែ​ឈ្មោះ​អឿ អឿន​បាន​បំពេញ​​កាត្វកិច្ច​បានតែ​១០០​កុងតឺន័រ​ប៉ុណ្ណោះ នៅសល់ ជាង​១០០​កុងតឺន័រ​ទៀត​ គឺ​ស៊ីដាច់​ប្រាក់ជាង​៣​លាន​ដុល្លារ​ដល់​បច្ចុប្បន្ន។

នៅ​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​បដិសេធ​ថា ​ខ្លួន​មិនបាន​កេង​បំបាត់​ប្រាក់​របស់​ដើមបណ្ដឹង​ទេ ពោលគឺ​អ្វីៗ​ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​អោយ​ម្ចាស់​ឈើ​អស់ហើយ​នៅក្នុង​ជំពូក​ឈើ អឺ​ម​៣ រហូត​អស់ពី​ឃ្លាំង។

ចំណែក​ដើមបណ្ដឹង ​និង​សាក្សី​ចំនួន​៥​នាក់ ​បាន​ឆ្លើយ​ស្រដៀង​គ្នា​ថា​ នៅ​អំឡុង​ឆ្នាំ​២០១៤ ពួកគេ​បានប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ចំនួន​១១​ដង​អោយមក​ឈ្មោះ​អឿ អឿន ដើម្បី​រត់ការ​មក​ក្រុមហ៊ុន​ទ្រីភាព​នាំ​ឈើ​ជំពូក​អឹម ៨ មានតម្លៃ​ជាង​៥​លាន​ដុល្លារ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ក្នុង​អំឡុង​ពេលនោះ​ខ្លួន​បានទទួល​អាជ្ញាប័ណ្ណ​នាំចេញ​តែ​១០០​កុងតឺន័រ​ នៅសល់​ជាង​១០០​​កុងតឺន័រ​ទៀត​ឈ្មោះ​អឿ អឿន មិន​បំពេញ​កាតព្វកិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​អោយ​ទេ ថែមទាំង​គេចវេះ​មិន​ទទួលខុសត្រូវ​ទើប​ខ្លួន​ប្ដឹង​តែម្ដង។

ដោយសារ​ចម្លើយ​ជនជាប់ចោទ​មានការ​ប្រែប្រួល​ដូច្នេះ តំណាង​អយ្យការ​លោកស្រី ស៊ឺ វណ្ណ​នី បាន​ស្នើ​ប្ដូរ​បទ​ចោទ​មក​ជា​បទ​រំលោភ​លើ​ទំនុកចិត្ត​វិញ ​និង​បាន​ស្នើអោយ​ចៅក្រម​សម្រេច​តាមច្បាប់។​

លោក​រស់ ពិសិដ្ឋ ចៅក្រម​ក្នុង​រឿងក្ដី​នេះ​ បាន​កំណត់​យក​ថ្ងៃទី ៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ប្រកាស​សាលក្រម។​
កាលពី​ថ្ងៃទី​២៨ ​ខែ​​កក្កដា ​ឆ្នាំ ២០១៧ លោក រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ អឿ អឿន ដាក់ពន្ធនាគារ​កំណត់​១៨​ខែ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ឈ្មោះ Shao Jianfen ជា​ជន​ជាតិចិន​ចំនួន​៨០​ម៉ឺន​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៦០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ​ដែល​អាច​ជួញដូរ​បាន (​ចេញ​សែក​អត់​លុយ ) បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

រឿងក្ដី​នេះ តុលាការ​បាន​បើកសវនាការ​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧ លោក អឿ អឿន បាន​សារភាពថា ពិតជា​បានចេញ​សែក​ដែលមាន​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ដើមបណ្ដឹង​មែន តែ​ក្នុង​កុង​នោះ​គ្មាន​ប្រាក់​ទេ។ ជនសង្ស័យ អឿ អឿន បាន​សារភាព​ទៀតថា នៅ​អំឡុង​ឆ្នាំ ២០១៥ ខ្លួន​បាន​ចុះកិច្ចសន្យា​ជាមួយ​ជនជាតិ​ចិន​ក្នុង​ការប្រមូលទិញ​ឈើ​ពី​ក្រុមហ៊ុន​ទ្រី​ភាព​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​មួយខែ​ឲ្យ​បាន​៤០​កុងតឺន័រ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​បាន​បិទ​មិន​ឲ្យ​មាន​ឈើ​ចេញ​ទើប​ខ្លួន​មិនអាច​ប្រមូល​ទិញ​ឈើ​បាន។

កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ លោក សេង លាង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ជនសង្ស័យ អឿ អឿន ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ក្រោម​ការចោទប្រកាន់​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី ឧបករណ៍​អាច​ជួញដូរ​បាន​។​

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក អឿ អឿន មានមុខ​របរ​លក់​គ្រឿងបន្លាស់​រថយន្ត ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០១៦ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​អង្គ​សវនាការ​ឈ្មោះ អឿ អឿន បាន​អះអាងថា ខ្លួន​ពិតជា​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​ទិញ​ឈើ​ឲ្យ​ទៅ​ជនជាតិ​ចិន​ក្នុង​ទឹកប្រាក់​៦.២០០.០០០​ដុល្លារ ពិតមែន​ដោយ​មួយ​ខែ​ត្រូវ​ប្រគល់​ឈើ​ឲ្យ​៤០​កុងតឺន័រ តែ​ខ្លួន​ពិតជា​គ្មាន​ឈើ​ប្រគល់​ឲ្យ​មែន ហើយ​លុយ​៦.២០០.០០០​ដុល្លារ នោះ​ក៏​ខ្លួន​បានទទួល​ដែរ។ ចំណែក​ការ​ចេញ​សែក ខ្លួន​ពិតជា​បានចេញ​សែក​គ្មាន​សាច់ប្រាក់​ឲ្យ​ទៅ​ជនជាតិ​ចិន​នោះ​ពិតប្រាកដ​មែន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684