ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron ពិភាក្សា​បញ្ហា​ការទូត ​និង​មើល​បាល់ទាត់​ជាមួយ​លោក Putin នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ World Cup

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃអាទិត្យ​ក្នុងអំឡុងពេល​ដំណើរ​របស់គាត់​ទៅកាន់​ទីក្រុង​មូ​ស្គូ​ដើម្បី​មើល​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​។

ជំនួយការ​ប្រធានាធិបតី​បាន​ប្រាប់ AFP ថា មិនទាន់មាន​ការសម្រេច​ចិត្ត​នៅឡើយ​ទេ​ថា​តើ​មេដឹកនាំ​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​នៅ​វិមាន​ក្រឹម​ឡាំង​ឬ​នៅ​ពហុកីឡាដ្ឋាន​ដែលជា​កន្លែង​ក្រុម​ជម្រើសជាតិ​បារាំង​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

ជំនួប​នេះ​នឹង​ធ្វើឡើង​មួយថ្ងៃ​មុនពេល​លោក Putin នឹងត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​ទីក្រុង​ហែល​ស៊ីន​គី​សម្រាប់​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ជា​លើកដំបូង​រវាង​មេដឹកនាំ​ទាំងពីរ​។​

លោក Macron និង​លោក Putin តែងតែ​និយាយ​គ្នា​តាម​ទូរស័ព្ទ​ហើយ​បានទទួល​គ្នា​ទៅវិញទៅមក​សម្រាប់​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំមុន​ប៉ុន្តែ​ពួកគេ​បាន​រកឃើញ​មូលដ្ឋាន​រួម​តិចតួច​ណាស់​លើ​បញ្ហា​នានា​ដូចជា​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​និង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ជាដើម​។​

មន្ត្រី​អង់គ្លេស​បានធ្វើ​ពហិការ​មិន​ចូលរួម​ការប្រកួត World Cup នៅ​ប្រទេស​រុស្ស៊ី​បន្ទាប់ពី​បាន​ស្តីបន្ទោស​ក្រុង​មូ​ស្គូ​ចំពោះ​ការប៉ុនប៉ង​ធ្វើឃាត​អតីត​អ្នក​ស៊ើបការណ៍​រុស្ស៊ី​លោក Sergei Skripal នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​អង់គ្លេស​មួយ​កាលពី​ខែមីនា​។​

ប្រទេស​មួយចំនួនទៀត​ដូចជា​ប៉ូឡូញ ស៊ុយអែត​និង​ដា​ណឺ​ម៉ាក​គឺ​បាន​ធ្វើតាម​អង់គ្លេស​ប៉ុន្តែ​មាន​កម្រិត​ខុសៗ​គ្នា​។​

គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ឧបនាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Salvini ដែលជា​អ្នក​កោតសរសើរ​លោក Putin ក៏​នឹងចូលរួម​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​នៅ​ថ្ងៃអាទិត្យ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684