ព័ត៍មានទាន់​ហេតុការណ៏
Search

ទណ្ឌិត​សម រង្ស៊ី អវត្តមាន​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ

ភ្នំពេញ​ ៖ លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​ បានចេញ​ដីកា​កោះហៅ​ទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ អោយចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ប៉ុន្តែ​​ទណ្ឌិត​រូបនេះ មិនបាន​ចូល​​បំភ្លឺ​តាម​ការកោះហៅ​នោះទេ នេះ​បើតាម​ការបញ្ជាក់​ពី​តុលាការ​។​

ការកោះហៅ​ទណ្ឌិត សម រង្ស៊ី អោយចូល​បំភ្លឺ លើ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ បានធ្វើ​ឡើង ​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បានធ្វើ​អធិបញ្ជា​ឱ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​ករណីនេះ ហើយ​អធិបញ្ជា​​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយថា លិខិត​ដែល​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​លិខិត​ក្លែងក្លាយ ដែល​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង។

​សូមបញ្ជាក់ថា តាមច្បាប់​ថ្មី មាត្រា​៤៣៧ ស្ទួន ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គន្ថី​ទី​៤ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា “​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​​ ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​”​។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា សម​មុខ​ហើយ ដែល​ទណ្ឌិត​សម រង្សី ត្រូវ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចេញ​អធិបញ្ជា​​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់​។

លោក​បញ្ជាក់ថា ទណ្ឌិត​សម រង្សី ជា​មេខ្លោង​ប្រមាថ​ព្រះ​ចេស្តារ​នៃ​ព្រះមហាក្សត្រ ដោយ​ហ៊ាន​និយាយ​ជា​ចំហ​រថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ក្លែងក្លាយ ទោះបី​ក្រសួងព្រះបរមរាជវាំង​បាន​បញ្ជាក់​ថា ជា​ព្រះរាជសារ​ពិតប្រាកដ​យ៉ាងណាក៏ដោយ ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​តាម​សម្បជញ្ញៈ​របស់​ខ្លួន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684