ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ ប្រឹងប្រែង​បោសសម្អាត​ ខណៈ​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ទឹកភ្លៀង​កើន​ដល់​ជិត​២០០​នាក់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នក​ជួយសង្គ្រោះ​ជប៉ុន​ បាន​រុករក​តាម​ផ្ទះ​ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដើម្បី​ស្វែងរក​មនុស្ស​រាប់​សិប​នាក់ ​ដែល​នៅតែ​បាត់​ខ្លួន ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ដ៏​សាហាវ​បាន​សម្លាប់​មនុស្ស​ជិត​២០០​នាក់​។​

ប្រតិបត្តិការ​កំពុង​ប្រព្រឹត្តទៅ​ដើម្បី​ជីក​រក​និង​បោសសម្អាត​បន្ទាប់ពី​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​និង​ការបាក់​ដី​ដែល​បាន​លេប​ត្របាក់​សង្កាត់​ទាំងមូល​។​

ប៉ុន្តែ​ខណៈដែល​មនុស្ស​ប្រហែល​៦០​នាក់​នៅតែ​ត្រូវបាន​គេ​គិតថា​បាត់​ខ្លួន​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា​ពួកគេ​នឹង​បន្ត​ស្វែងរក​តាម​ផ្ទះ​ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​នៅរស់​ឬ​ជនរងគ្រោះ​។​

លោក Mutsunari Imawaka មន្ត្រី​ម្នា​ក់នៅ​ក្រុង Okayama ដែលជា​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​បាន​ទទួលស្គាល់ថា “​រយៈពេល​៧២​ម៉ោង​បាន​កន្លងផុត​ទៅហើយ​”​។ លោក​បាន​ប្រាប់ AFP ថា “​ប៉ុន្តែ​យើង​នឹង​បន្ត​ការស្វែងរក​របស់​យើង​ដោយ​ជឿថា​នៅតែមាន​អ្នក​នៅរស់​”​។​

គាត់​បាន​និយាយថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​បាត់​ខ្លួន​នៅក្នុង​ក្រុង Okayama ហើយ​មនុស្ស​រាប់ពាន់នាក់​ទៀត​កំពុង​ពិនិត្យមើល​ផ្ទះ​នៅ​ទូទាំង​តំបន់​នេះ​។​

រូបភាព​ក្នុង​ទូរទស្សន៍​បានបង្ហាញ​ពី​អ្នក​ជួយសង្គ្រោះ​រាប់សិប​នាក់​រាប់បញ្ចូល​ទាំង​ទាហាន​ផងដែរ​កំពុង​យក​ថ្ម​ធំៗ​ចេញពីផ្ទះ​ដែល​កប់​ដោយសារ​ការបាក់​ដី​។ អ្នក​ជួយសង្គ្រោះ​ក៏បាន​ជីកដី​ភក់​ដើម្បី​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​ផងដែរ​។​

ភ្លៀង​នេះ​គឺជា​គ្រោះមហន្តរាយ​ទាក់ទង​ទៅនឹង​អាកាសធាតុ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ប្រទេស​ជប៉ុន​ហើយ​ទំហំ​នៃ​ចំនួន​អ្នកស្លាប់​បានលើកឡើង​ជា​សំណួរ​ថា​តើ​អាជ្ញាធរ​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ដែរ​ឬក៏​យ៉ាងណា​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា នឹងមាន​ការពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ដែល​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ដោយសារតែ​ចំនួន​អ្នកស្លាប់​កើនឡើង​នៅ​សប្តាហ៍​នេះ​គឺ​បាន​ច្រានចោល​ការរិះគន់​ចំពោះ​ការឆ្លើយតប​អំឡុងពេល​ធ្វើដំណើរ​ទៅកាន់​តំបន់ Okayama កាលពី​ថ្ងៃ​ពុធ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​របស់គាត់​ដែល​បាន​និយាយថា “​យើង​បានធ្វើ​ល្អ​បំផុត​ហើយ​ចាប់តាំងពី​គ្រោះមហន្តរាយ​នេះ​កើតឡើង​”​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​សន្យា​បង្កើន​ជំនួយ​ដល់​តំបន់​ដែល​រង​ផលប៉ះពាល់​ហើយ​បាន​និយាយថា រដ្ឋាភិបាល​បាន​ធានា​សុវត្ថិភាព​លំនៅដ្ឋាន​បណ្តោះ​អាសន្ន​ចំនួន​៧១,០០០​សម្រាប់​ជន​ជម្លៀស​។​

រដ្ឋាភិបាល​បាន​និយាយ​រួចទៅហើយ​ថា ខ្លួន​នឹង​ទុក​ប្រាក់​ប្រហែល​២០​លាន​ដុល្លារ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ហើយ​លោក Abe បាន​និយាយថា នឹងមាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​កសាងឡើង​វិញ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684