ព័ត៍មានទាន់​ហេតុការណ៏
Search

តំបន់​ជួយសង្គ្រោះ​នៅ​រូងភ្នំ​ថៃ ​នឹង​ក្លាយជា​សារមន្ទីរ

ក្រុម​អ្នក​ជួយសង្គ្រោះ ​ដែល​បាន​នាំ​ក្រុមបាល់ទាត់​ថៃ​វ័យក្មេង​ចេញពី​រូងភ្នំ​លិច​ទឹក​ដ៏​ជ្រៅ​គឺ​បាន រុះរើ​កន្លែងធ្វើការ​របស់​ពួកគេ​ហើយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​មាន​ផែនការ​បាន​លេចឡើង​ដើម្បី​ប្រែក្លាយ​ទីនោះ​ទៅជា​សារមន្ទីរ​មួយ​ ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​ដ៏​ក្លាហាន​។​

យ៉ាងហោចណាស់​មាន​ផលិតកម្ម​មួយ​បានធ្វើការ​រួចទៅហើយ​ដើម្បី​ផលិត​ខ្សែភាពយន្ត​ហូលីវូដ​មួយ​ដែល​រៀបរាប់​អំពី​វីរភាព​របស់​អ្នក​មុជទឹក អ្នកជំនាញ​រូងភ្នំ​ និង​គ្រូពេទ្យ​ដែល​បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​ដើម្បី​រំដោះ​ក្រុមបាល់ទាត់ “​ជ្រូកព្រៃ​”​។​

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការជួយ​សង្គ្រោះ​នោះ​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ដែល​បង្ហាញ​ពី​ក្មេងៗ​ដែលមាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​ត្រូវបាន​គេ​សែង​លើ​ហ្វ្រ​ង់​ការ​ទៅកាន់​ទី​សុវត្ថិភាព​។​

ពួកគេ​ក៏ត្រូវ​បាន​គេ​មើលឃើញ​កំពុង​អង្គុយ​ដោយ​ក្តី​រីករាយ​នៅលើ​គ្រែ​មន្ទីរពេទ្យ​របស់​ពួកគេ​ផងដែរ​ដែល​នៅ​ទីនោះ​ពួកគេ​ត្រូវបាន​រក្សាទុក​ដាច់ដោយឡែក​ពីគ្នា​រហូតដល់​គ្រូពេទ្យ​ច្បាស់​ថា​ពួកគេ​មិនបាន​ទទួល​ជំងឺ​ណាមួយ​ក្នុងអំឡុងពេល​ជាង​២​សប្តាហ៍​នៅក្នុង​ទី​ងងឹត​នោះទេ​។​

ក្រុមកម្មករ​បាន​ប្រមូល​ទុយោ​ទឹកធំៗ ម៉ាស៊ីន​កម្លាំង​ខ្លាំង​និង​ឧបករណ៍​សំណង់​នៅឯ​មាត់​រូងភ្នំ Tham Luang បន្ទាប់ពី​ប្រតិបត្តិការ​ជួយសង្គ្រោះ​រយៈ​ពេល​១៨​ថ្ងៃ​។​

ប្រធាន​ក្រុម​ជួយសង្គ្រោះ​លោក Narongsak Osottanakorn បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា នៅ​ទីបំផុត ទីតាំង​នេះ​នឹងត្រូវ​បានប្រែក្លាយ​ទៅជា​សារមន្ទីរ​មួយ​ដែល​ដាក់​បង្ហាញ​សម្លៀកបំពាក់​និង​ឧបករណ៍​ដែល​ត្រូវបាន​គេ​ប្រើ​ក្នុងអំឡុងពេល​នៃ​ការសង្គ្រោះ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​។​

លោក​បាន​និយាយថា “​ខ្ញុំ​ជឿថា វា​នឹង​ក្លាយជា​ចំណុច​សំខាន់​មួយទៀត​នៅក្នុង​ប្រទេស​ថៃ​។ ភ្ញៀវទេសចរ​នឹង​មក​ទស្សនា​នៅទីនេះ​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោក Pinitpong Wongma អ្នកត្រួតពិនិត្យ​ឧទ្យាន​ជាតិ​បាន​ប្រាប់ AFP ថា មនុស្ស​ប្រហែល​៥០​នាក់​កំពុងធ្វើការ​នៅ​កន្លែង​នោះ​។ លោក​បាន​បន្ថែមថា លោក​រំពឹងថា ការងារ​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃអាទិត្យ​។​

លោក​បាន​និយាយថា “​គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅក្នុង​រូងភ្នំ​នោះទេ​បើទោះបីជា​នៅតែមាន​ឧបករណ៍​ជាច្រើន​នៅ​ទីនោះ​ក៏ដោយ​ដោយសារតែ​កម្រិត​ទឹកបាន​កើនឡើង​ចាប់តាំងពី​បេសកកម្ម​ជួយសង្គ្រោះ​មក​”.

គួរបញ្ជាក់​ឡើងវិញ​ថា នៅ​ថ្ងៃទី​២៣​ខែមិថុនា ក្រុមបាល់ទាត់​ជ្រូកព្រៃ​បាន​ដើរចូល​ទៅក្នុង​រូងភ្នំ Tham Luang បន្ទាប់ពី​ការហ្វឹកហ្វឺន​បាល់ទាត់​ហើយ​ត្រូវបាន​ជាប់​នៅពេលដែល​ទឹកជំនន់​រដូវ​មូសុង​បាន​បិទ​ច្រកចេញ​របស់​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684