ព័ត៍មានទាន់​ហេតុការណ៏
Search

ថៃ ​ផ្អាក​កិច្ចប្រឹងប្រែង​ស្រង់​ទូក​ទេសចរណ៍​ បន្ទាប់ពី​គ្រោះមហន្តរាយ​មួយ ​ដែល​បាន​សម្លាប់​មនុស្ស​៤៦​នាក់

ក្រុមមន្ត្រី​បាន​និយាយថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ថៃ​បាន​ផ្អាក​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្រង់​ទូក​ដែល​លិច​ជិត​កោះ​រមណីយដ្ឋាន​ភូ​កេ​ត​ ខណៈ​អ្នកស្លាប់​នៅក្នុង​គ្រោះមហន្តរាយ​ទាក់ទង​នឹង​វិស័យ​ទេសចរ​ដ៏​អាក្រក់​បំផុត​នេះ​មាន​ចំនួន​៤៦​នាក់​។​

ទូក Phoenix មាន​មនុស្ស​ជិះ​ចំនួន​១០១​នាក់​រួមទាំង​ភ្ញៀវទេសចរ​ចំនួន​៨៩​នាក់​ផងដែរ​ដែល​ភាគច្រើន​មកពី​ប្រទេស​ចិន​នៅពេលដែល​វា​បាន​លិច​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ក្នុងអំឡុងពេល​ចេញដំណើ​រ​ទៅកាន់​កោះ​តូច​មួយ​។ អ្នកដំណើរ​ចំនួន​៤២​នាក់​និង​នាវិក​ជា​ជនជាតិ​ថៃ​បួនដប់​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

មេបញ្ជាការ​ប៉ូលិស​ខេត្ត​ភូ​កេ​ត​លោក Teerapol Tipcharoen បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ប្រតិបត្តិ​ការសង្គ្រោះ​ត្រូវបាន​ផ្អាក​ដោយសារ​ទូក​ស្ថិតនៅ​ជម្រៅ​ជ្រៅ​និង​អាកាសធាតុ​មិនល្អ​។​
​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Chareonpol Kumrasee ដែល​បាន​ជួយ​ដឹកនាំ​កិច្ចប្រឹងប្រែង​នេះ​បាន​និយាយថា អ្នក​មុជ​ទឹកនឹង​យក​សព​ចុងក្រោយ​ចេញពី​ទូក​ដែល​លិច​នៅពេល​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​។​

រដូវ​ខ្យល់មូសុង​អាច​នាំ​ឲ្យ​មាន​រលក​ធំៗ​និង​ទឹកសមុទ្រ​ឡើង​ខ្ពស់​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ជាពិសេស​នៅតាម​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់ខ្លួន​ហើយ​មាន​សំណួរ​ជាច្រើន​អំពី​មូលហេតុ​ដែល​ទូក​ចេញដំណើរ​ទៅ​សមុទ្រ​បើទោះបីជា​មានការ​ព្រមាន​អំពី​អាកាសធាតុ​មិនល្អ​ក៏ដោយ​។​

ប៉ូលិស​បាន​និយាយថា អ្នក​បើកទូក Phoenix ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​។ យ៉ាងណាក៏ដោយ គាត់​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

ការ​ប្រារព្ធ​ពិធី​សាសនា​សម្រាប់​អ្នកស្លាប់​ត្រូវបាន​ធ្វើឡើង​ពេញ​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុមគ្រួសារ​ដែល​មកពី​ប្រទេស​ចិន​បាន​ទៅដល់​កោះ​ភូ​កេ​ត​ដើម្បី​កំណត់​អត្តសញ្ញាណ​សាច់ញាតិ​និង​មើលថែ​អ្នក​រស់រានមានជីវិត​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684