ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ហាមឃាត់​ជនបរទេស​មិន​ឲ្យ​ហាត់​ការ​នៅ​សភា​ ដោយសារ​ខ្វាយខ្វល់​អំពី​ចិន

អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ជនបរទេស​ត្រូវបាន​ហាមឃាត់​ពី​ការធ្វើជា​អ្នក​ហាត់​ការ​សម្រាប់​សមាជិកសភា​អូស្ត្រាលី​នៅក្នុង​ការធ្វើកំណែទម្រង់​ជាក់ស្តែង​មួយ​ដោយ​សំដៅ​ទប់ស្កាត់​ជនជាតិ​ចិន​មិន​ឲ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​អូស្ត្រាលី​។​

កម្មវិធី​ដែល​ដាក់​មនុស្ស​វ័យក្មេង​នៅក្នុង​មុខតំណែង​ដែល​ធ្វើការ​ឲ្យ​តំណាងរាស្ត្រ​សហព័ន្ធ​សម្រាប់​រយៈពេល​បី​ខែ​មួយ​នេះ​គឺ​ត្រូវបាន​បើកចំហ​ដល់​គ្រប់​សញ្ជាតិ​ទាំងអស់​ដរាបណា​អ្នក​ដែល​ដាក់​ពាក្យសុំ​មិនមាន​កំណត់ត្រា​ព្រហ្មទណ្ឌ​។​

អ្នកនាំពាក្យ​របស់លោក Scott Ryan ដែលជា​ប្រធានព្រឹទ្ធសភា​ដែល​បាន​ឃ្លាំមើល​ការផ្លាស់ប្តូរ​នេះ​បាន​និយាយថា “​ការហាត់​ការ​នៅ​សភា​គឺជា​ដែន​កំណត់​សម្រាប់​ប្រជាពលរដ្ឋ​អូស្ត្រាលី​”​។​

យ៉ាងណាក្តី អ្នកនាំពាក្យ​រូបនេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​អ្វីដែល​ជំរុញ​ឲ្យ​មានការ​កែប្រែ​នេះ​ឬថា​តើ​វា​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​របស់​ចិន​មែន​ឬក៏​មិនមែន​។​

កាលពី​ចុង​ឆ្នាំមុន លោកនាយក​រដ្ឋមន្ត្រី Malcolm Turnbull បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ ប៉ុន្តែ​ចិន​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ទំនាក់ទំនង​តានតឹង​រវាង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទាំងពីរ​។​

កាសែត Financial Times បាន​រាយការណ៍​កាលពី​ខែកញ្ញា​ថា ពលរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​ដែល​ធ្លាប់បាន​ហាត់​ការ​ក្នុង​គណៈកម្មាធិការ​សភា​អូស្ត្រាលី​គឺមាន​តំណ​ភ្ជាប់​ទៅនឹង​សាលា​ចារកម្ម​យោធា​របស់​ចិន។​

របាយការណ៍​នោះបាន​ជំរុញ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធ​កម្មសិក្សា​ដែល​បានធ្វើ​ការសម្រេច​ថា ស្តង់ដារ​គួរ​មាន​ស្របតាម​រដ្ឋាភិបាល​។​

គួរ​បញ្ជាក់ថា និស្សិត​ចិន​តែងតែ​ដាក់​ពាក្យសុំ​ចំពោះ​កម្មវិធី​នេះហើយ​មាន​មនុស្ស​ជាច្រើន​បានធ្វើការ​ជា​អ្នក​ហាត់​ការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕ REUTERS

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684