ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​បូស​អន្ទង់​ ក៏​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​ បើសិនណា​មិន​ព្យាបាល​ឲ្យ​ទាន់ពេល​នោះទេ

ភ្នំពេញ​ ៖​ មនុស្ស​ជាច្រើន​តែងតែ​គិតថា​ខ្លួន​គាត់​មាន​ជំងឺ​ឫសដូងបាត​នៅ​ពេល​ដែល​គាត់​មាន​រោគសញ្ញា​ផ្សេងៗ​នៅ​ម្ដុំ​បាត​(​ម្ដុំ​ទ្វារ​លាមក​) ក៏ប៉ុន្តែ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន​នៅ​តំបន់​នោះ​ផងដែរ​។

អញ្ចឹង​សូម​ស្វែងយល់​ពី​បូស​អន្ទង់​ជា​អ្វី​?
វា​គឺជា​បូស​កើត​នៅ​ម្ដុំ​ទ្វារ​លាមក ដែល​កើតឡើង​ដោយ​ការ​ស៊ី​ចាក់​រូង​ពី​ក្នុង​រន្ធ​បាត​ចេញមក​ខាងក្រៅ ជំងឺ​នេះ​កើតមាន​ជាទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ ក៏ប៉ុន្តែ​វា​ក៏​អាច​កើតមាន​លើ​ក្មេង​តូចៗ​ផងដែរ​។ រោគសញ្ញា​បូស​អន្ទង់​នោះ​គឺ​មាន​ដុំ​ពក​ហើម​និង​ឈឺ​នៅ​តំបន់​បាត​ដែល​ទើបតែ​កើតមាន​ថ្មីៗ ដូចជា​ឈឺចាប់​នៅ​ខាងក្នុង​បាត​ដែល​ទើបតែ​កើតមាន​ថ្មីៗ មាន​ហូរ​ខ្ទុះ​នៅ​បាត​។​ ដូច​ជា​មាន​អារម្មណ៍​ថា​សើម​ជាប់​ជាប្រចាំ​នៅ​បាត​រមាស់​នៅ​បាត​ជាដើម​។

ជា​ធម្មតា​នៅ​ខាងក្នុង​រន្ធ​បាត​របស់​មនុស្ស​គ្រប់គ្នា គឺ​មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជាច្រើន​ដែល​គេ​សន្និដ្ឋាន​ថា ​ជំងឺ​បូស​អន្ទង់​បណ្ដាលមកពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំងនេះ ដែល​បង្ក​​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញមក​ខាងក្រៅ​។

ចំពោះ​វិធី​ព្យាបាល​ជំងឺ​នេះ​ គឺជា​ការ​ព្យាបាល​តែមួយគត់​ដែល​មាន​ប្រសិទ្ធភាព​គឺ​ការវះកាត់​។ ការ​វះ​បូស​អន្ទង់​មាន​ពីរ​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរបន្ថយ​ការឈឺចាប់ និង​ការ​វះ​ឲ្យ​ជាសះស្បើយ​។ ជំងឺ​នេះ​មិនមាន​វិធី​ផ្សេងៗ​សម្រាប់​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ក្រៅពី​ការវះកាត់​នោះទេ​។ ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរបន្ថយ​ការឈឺចាប់​ដូចជា​ការ​វះ​នេះ​ធ្វើ​នៅ​ពេល​ដែល​បូស​កំពុងតែ​ហើម​និង​ឈឺ​។

យើង​គ្រាន់តែ​ចាក់​ថ្នាំស្ពឹក​វះ​ផ្នែក​ខាងក្រៅ​និង​វះ​បង្ហូរ​ខ្ទុះ​ចេញ ក៏ប៉ុន្តែ​វា​មិនមែន​ជា​វិធី​ព្យាបាល​ឲ្យ​ជាសះស្បើយ​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​វះ​បន្ធូរបន្ថយ​ការឈឺចាប់​ប៉ុណ្ណោះ​។ បូស​នេះ​នឹង​លប​មកវិញ ប្រសិនបើ​មិន​ធ្វើការ​វះ​ផ្ដាច់​ផ្លូវ​រូង​របស់​វា​ទេ​។ ការវះកាត់​ផ្ដាច់​ផ្លូវ​រូង​បូស​អន្ទង់​នេះ​ជា​វិធី​តែមួយគត់​ព្យាបាល​ឲ្យ​ជាសះស្បើយ និង​មិន​លប​ឡើងវិញ​។ ការ​វះ​នេះ​ខុសពី​ការ​វះ​ខាងក្រៅ​បង្ហូរ​ខ្ទុះ​ចេញ គឺ​ត្រូវ​វះកាត់​ផ្ដាច់​ផ្លូវ​រូង និង​ប្រភព​ដើម​នៃ​បូស​ដែល​ស្ថិតនៅ​ខាងក្នុង​រន្ធ​បាត​។ ការ​វះ​អាច​នឹង​ត្រូវ​ធ្វើឡើង​២​ឬ​៣​ដង ប្រសិនបើ​បូស​នោះ​ស៊ី​រូង​ប៉ះពាល់​សាច់​ដុះ​បាត​ធ្ងន់ធ្ងរ​នោះ​។

វិធី​វះ​វិញ​ គឺ​ត្រូវធ្វើ​នៅក្នុង​បន្ទប់វះកាត់ ប្រើ​ថ្នាំ​ឲ្យ​ស្ពឹក​ត្រឹម​ចង្កេះ​ចុះក្រោម និង​វះ​ដោយ​គ្មាន​ការឈឺចាប់​។ ប្រសិនបើ​បូស​នោះ​ស៊ី​រូង​ប៉ះពាល់​សាច់​ដុះ​បាត​ធ្ងន់ធ្ងរ យើង​ត្រូវ​វះ​ផ្ដាច់​សាច់​ដុះ​បាត​ខ្លះ និង​ទុក​ខ្លះ និង​រង់ចាំ​រហូត​របួស​លើកទីមួយ​ជា​សះ​សិន ទើប​ធ្វើការ​វះ​ម្ដង ឬ​ពីរ​ដង​ទៀត​ ឲ្យ​អស់​តែម្ដង​។ ពីព្រោះ​ប្រសិនបើ​កាត់ផ្ដាច់​សាច់​ដុះ​បាត​ច្រើនពេក អ្នកជំងឺ​នឹង​មាន​ផលវិបាក​ទាក់ទង​នឹង​ការ​ទប់​លាមក​នៅពេល​ក្រោយ​។ បន្ទាប់ពី​វះកាត់​តម្រូវ​ឲ្យ​សម្រាក​តាមដាន​នៅ​មន្ទីរ​ពេទ្យ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​នឹង​ធ្វើ​ការងារ​ផ្សេងៗ​បានជា​ធម្មតា​។

ចំពោះ​ផលវិបាក​នៃ​បូស​អន្ទង់​នោះ​គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ក៏មានដែរ​ក្នុងករណី​ដែល​បូស​កំពុងតែ​ហើម​ឈឺ ហើយ​មិនបាន​វះ​បង្ហូរ​ខ្ទុះ​ចេញ លេបថ្នាំ​អូស​បន្លាយ​ពេលវេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត (Gangrène de Fournier) និង​ឆ្លង​មេរោគ​ចូលក្នុង​ឈាម​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។ ករណីនេះ​ងាយ​នឹង​កើតមាន​ជាពិសេស​ចំពោះ​មនុស្ស​ដែល​ខ្សោយ​ប្រព័ន្ធ​ការពារ​ដូចជា មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម។​ល​។

ប្រសិនបើ​លោកអ្នក​មាន​បញ្ហា ឬ​រោគសញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទទួលបាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល ទាន់​ពេល​វេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684