ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ព្រះមហា​ក្ស​ត្រាស់បង្គាប់​តែងតាំង​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ

ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ ដែល​ការិយាល័យ​យើង​ទទួល​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា តែងតាំង​មុខងារ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ​០៣៣៨៨៣ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។

ជា​មួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏​បានចេញ​សេចក្តីសម្រេច​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ដែល​ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មាន​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្តីទី លើ​ការងារ​ដឹកនាំ បញ្ជា និង​គ្រប់គ្រង​កងទ័ពជើងគោក​។

សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ត្រូវ​បាន​ក្រសួងការពារជាតិ ប្រគល់​ភារកិច្ច​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ដ្រ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ហើយ​ការដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ឡើង​ពី​មេបញ្ជាការ​រង​កងទ័ព​ជើងគោក ទៅជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី គឺ​ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក បាន​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ព្រះវិហារ​៕