ព័ត៍មានទាន់​ហេតុការណ៏
Search

៣៩​ឆ្នាំ កន្លង​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព

ភ្នំពេញ​ ៖ រយៈពេល​ជាង ៣៩ ឆ្នាំ​គឺជា​រយៈពេល​ដ៏​វែង​មួយ ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​តាំងពី​ការចាយ​អង្ករ​ជំនួយ​ប្រាក់ ពី​គ្មាន​ហូប​គ្រប់គ្រាន់ គ្មាន​សំលៀកបំពាក់​សមរម្យ រស់​យ៉ាង​លំបាកលំបិន ក្នុង​ស្ថានភាព​ប្រទេស​ជួប​ទុរភិក្ស​ផង និង ទប់ស្កាត់​ការ​វិល​ត្រឡប់មកវិញ​នៃ​របប​ខ្មែរក្រហម​ផង។ រហូត​ទទួល​បាន​ជោគជ័យ​គួ​រជាទី​មោទនៈ​ក្នុង​ភាពជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​ដោយបាន​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ និង​ការលំបាក​សព្វបែបយ៉ាង។

លើ​កំណាត់​ផ្លូវ​ដ៏​វែង​នេះ នៅ​គ្រប់​កាលៈទេសៈ​និង​គ្រប់​ស្ថានភាព គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់​ដែល​បាន​ផ្សារភ្ជាប់​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន និង​បានធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន។

នៅក្នុង​រយៈពេល ៣៩ឆ្នាំ​ អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន​ជូន​ជាតិ​និង ប្រជាជន​ក្នុង នោះ​អ្វីដែល​យើង​មិនអាច​បំភ្លេច​បាន​នោះ គឺ​គណបក្ស​បាន​ដឹកនាំ​ការតស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ទទួល​បាន​មហា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែល​ធ្វើ​ឲ្យ​ប្រជាជាតិ​បាន​រស់​ឡើងវិញ ហើយ​បាន​នាំមក​ជូន​ប្រជាជន​នូវ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ ដែល​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​នៅក្នុង​របប​ដ៏​យង់ឃ្នង​នោះ ។ ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​ឤ​ច​វិល​ត្រឡប់មកវិញ​បាន ហើយ​បានសម្រេច​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ស្តារ និង កសាង​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ ចាប់ពី​ចំណុចសូន្យ​ឲ្យមាន​ការវិវឌ្ឍ​ឈានឡើង​ជា​ជំហាន ៗ រហូតមកដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ន​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើឲ្យ​ប្រជាជាតិ​ទាំងមូល​ទទួល​បាន​សន្តិ​ភាព​ពេញលេញ និង​សម្រេចបាន​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង តាមរយៈ «​នយោបាយ ឈ្នះ ឈ្នះ » តាំងពី​ចុងឆ្នាំ ១៩៩៨ មក​ដែល​បានបញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ រយៈពេល​ជិត ៣០ ឆ្នាំ នៅ​កម្ពុជា។

គណបក្ស​បាន​លើកស្ទួយ​កិត្តិនាម និង​កិត្យានុភាព​របស់​កម្ពុជា​ឲ្យ​ខ្ពស់ត្រដែត​ឡើងវិញ​លើ​ឆាក​អន្តរជាតិ ធ្វើឲ្យ​កម្ពុជា​ក្លាយទៅជា​រដ្ឋ​មួយ​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញលេញ ដែល​កំពុង​ចូលរួម​យ៉ាងសកម្ម ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ ក្នុង​រាល់​កិច្ចការ អន្តរជាតិ​នានា ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ ក៏ដូចជា​ពិភពលោក។

ដោយឡែក នៅក្នុង​នីតិកាល​ទី ៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​នានា និង​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដោយ​ជោគជ័យ ទោះបី​មាន​មជ្ឈដ្ឋាន​អគតិ​ខាងក្នុង និង​ខាងក្រៅ​មួយចំនួន​បាន​ព្យាយាម​បង្ក​ការលំបាក​គ្រប់បែបយ៉ាង​ដល់​ដំណើរ​ការ​កសាង ការពារ​និង​អភិវឌ្ឍភាព​ក៏ដោយ។ ចលនា​បដិវត្តន៍​ពណ៌ ដឹកនាំ​ដោយ​អតីត​គណបក្សប្រឆាំង​និង​ដោយមាន​បរទេស​បញ្ជា​ពីក្រោយ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ត្រូវ​បាន​រាំង​ស្កាត់​ទាន់ពេលវេលា​តាមរយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់។

លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាន​បញ្ចៀស​ប្រទេសជាតិ​មិន​ឲ្យ​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ជាថ្មី​ម្តងទៀត ហើយ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែលជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិន​ឤ​ច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​និង​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន។

ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% តាម​ការគ្រោងទុក ទន្ទឹម​នឹង​ការ​ធានា​បាន​ជា​រួម​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ពិសេស​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​ការគ្រប់គ្រង​អតិផរណា​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទាប។

កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​ប្រកបដោយ​ចីរភាព សមធម៌ បរិ​យា​ប័ន្ន និង​មាន​លក្ខណៈ​ធុន​នឹង​វិបត្តិ​នេះ សម្រេច​បាន​មក​លើ​មូលដ្ឋាន​នៃ​ការរីកចម្រើន​យ៉ាង​រហ័ស​នៃ​វិស័យ​ឧស្សាហកម្ម ពិសេស​កម្មន្តសាល និង​សំណង់ ក៏ដូចជា​វិស័យ​កសិកម្ម ព្រមទាំង វិស័យ​សេវាកម្ម រួមបញ្ចូល​នូវ​ទេសចរណ៍ អចលនទ្រព្យ និង​ការដឹក​ជញ្ជូន​គ្រប់​ប្រភេទ និង​គមនាគមន៍។ ទំហំ​នៃ​ការ​វិនិយោគ ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន មានការ​កើនឡើង​យ៉ាង​ខ្លាំង តុល្យភាព​ជញ្ជីងទូទាត់​ក៏​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង រីឯ​ស្ថានភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ក៏មាន​លក្ខណៈ​រឹងមាំ និង​កាន់​តែមាន​ចីរភាព ដោយសារ​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​កៀរគរ​ចំណូល​ថវិកា ដែល​មាន​ការ​កើនឡើង​ប្រមាណ ២ ដង ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ គួបផ្សំ​ជាមួយនឹង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ចំណាយ​ថវិកាជាតិ ទាំង​ប្រសិទ្ធភាព​ក្នុង​ការ​វិភា​ជ​ថវិកា ដែល​ផ្តោត​ឤទិភាព​ខ្ពស់​ទៅលើ​វិស័យ​សង្គមកិច្ច ពិសេស​គឺ​វិស័យ​អប់រំ និង​សុខាភិបាល ទាំង​ប្រសិទ្ធភាព​ក្នុង​កិច្ចប្រតិបត្តិការ​ចំណាយ សំដៅ​ធានា​នូវ «​តម្លៃ​នៃ​លុយ​» និង​ដោយសារ​ការគ្រប់គ្រង​បាន​ល្អ​ប្រសើរ​នូវ​បំណុល​សាធារណៈ ដែល​ធានាបាន​នូវ​ចីរភាព និង​ហានិភ័យ​ទាប​ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា នៅក្នុង​តំបន់ និង​លើ​សកលលោក។ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ បាន​កើន​ពី ១ ០៤២ ដុល្លារ ក្នុង​ឆ្នាំ ២០១៣ ដល់ ១ ៤៣៥ ដុល្លារ ក្នុង​ឆ្នាំ ២០១៧ ហើយ​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ដល់​ប្រមាណ ១ ៥៦០ ដុល្លារ ក្នុង​ឆ្នាំ ២០១៨ នេះ។

ក្នុង​ពេល​ជាមួយគ្នា រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ក៏​កំពុងតែ​ផ្លាស់ប្តូរ​ជា​បណ្តើរៗ ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​វិញ។ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,៥% ក្នុង​ឆ្នាំ ២០០៤ មក​នៅ​ត្រឹម ១៣,៥% ក្នុង​ឆ្នាំ ២០១៤ ហើយ​បន្ត​ធ្លាក់ចុះ​ថែមទៀត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ។

មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​ទទួល​បាន​នូវ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សំដៅ​ដំឡើង​ប្រាក់បៀវត្សរ៍ ក្នុង​គោលដៅ​ជាង ១ លាន​រៀល នៅ​ឆ្នាំ ២០១៨ ចាប់​តាំងពី​ដើម​នីតិកាល​ទី ៥ នេះ​មក​ហើយ​និវត្តជន​ក៏បាន​ទទួល​នូវ​ការ​បង្កើន​ប្រាក់​សោធន​និវត្តន៍ (​ក្នុង​ឆ្នាំ ២០១៨ មាន​កម្រិត​ទាប​បំផុត ៤៨ ម៉ឺន​រៀល​) និង​របប​តាវកាលិក​ផ្សេងទៀត​ជា​បន្តបន្ទាប់​ផង​ដែរ។ ដូចគ្នា​នេះ​ដែរ កម្មករ​-​និយោជិត​រាប់​សែន​នាក់​ទៀត ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក៏​ទទួល​បាន​នូវ​ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​របស់​ខ្លួន​តាម​រយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់ក​ម្មករ​-​និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង​ជា​រៀងរាល់​ឆ្នាំ​ដែល​នៅ​ឆ្នាំ ២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​នេះ បាន​កើន​ឡើង​ដល់​ចំនួន ១៧០ ដុល្លារ​ឤ​មេ​រិ​ក ដោយ​មិនទាន់​គិតដល់​ការ​ទទួលបាន​នូវ អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល រួមមាន ការកំណត់​ផ្តល់​ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់​កម្មករ ដោយ​និយោជក​ជា​អ្នក​បង់ថ្លៃ​ជួស​និង​ការ​ផ្តល់​នូវ​របប​ឧបត្ថម្ភ មាតុភាព​សម្រាប់​ការកើត​បានកូន​មួយ ៤០ ម៉ឺន​រៀល​ជាដើម។ ចំណូល​របស់​កសិករ ឤជីវករ និង​ពលករ​ផ្សេងៗ​ទៀត ក៏បាន​កើនឡើង​ដូចគ្នា​ដែរ។ ជាពិសេស​បងប្អូន​ប្រជាកសិករ​បាន​ទទួល​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ការវិនិយោគ​ដ៏​សន្ធឹកសន្ធាប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច​ជនបទ និង​លើ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម​ក៏ដូចជា​តាមរយៈ​អន្តរាគមន៍​ទាន់ពេល​ខណៈដែល​កសិផល (​ពិសេស ស្រូវ​-​អង្ករ​) ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ។

សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់​នេះ គឺជា​សក្ខីភាព​យ៉ាង​ជាក់ស្តែង​ដែល​បញ្ជាក់​ច្បាស់​ថា ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទេស​កម្ពុជា បាននឹងកំពុង​ធ្វើ​ដំណើរ​ទៅមុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ​ហើយ​កាន់តែ​ពង្រីក​បាន​នូវ​ភាព​អំណោយ​ផល​ឲ្យ​ប្រជាជន​យើង​បន្ត​ឈាន​ទៅ​សម្រេច​ជោគជ័យ​កាន់ តែ​ធំធេង​ថែមទៀត​ក្នុង​ការ​កសាង និង​ការពារ​មាតុភូមិ។ ប្រការ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ច្បាស់ នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​, គ្រប់​ជនជាតិ និង គ្រប់​ជំនឿ​សាសនា​, មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ និង មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​នានា ក្នុង​សាមគ្គី​ភាពជា​ធ្លុង​មួយ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រទេសជាតិ ក៏ដូចជា​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះ​ស ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍ អន្តរជាតិ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​កម្ពុជា៕