ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ឃុំ​ធ្លក​ស្រុក​ទ្រាំង​ ខេត្តតាកែវ ​ទទួល​បាន​ទិន្នផល​ស្រូវ​គួរ​ជាទី​គាប់ចិត្ត

ភ្នំ​ពេ​ញ ៖ បើ​និយាយ​មកដល់​ដើមខែ​កក្កដា​នេះ​គេ​សង្កេតឃើញ​នៅ​តាម​បណ្តា​ដីស្រែ​ក្នុង​ឃុំ​ធ្លក​ស្រុក​ទ្រាំង​ខេត្តតាកែវ​ គឺ​ស្រូវ​ចេញ​ផ្លែ​ឡើង​ក្រហមឆ្អិនឆ្អៅ​គួរ​ឲ្យ​រំភើប ​ហើយ​កសិករ​ជា​ម្ចាស់​ក៏​កំពុង​រៀបចំ​ច្រូតកាត់​ដើម្បី​ប្រមូលស្រូវ​ដាក់​ជង្រុក​ និង ​បន្ត​ដាស់ដី​ភ្ជួរ​រាស់​ក្នុង​បំណង​ដាក់​សំណាប​ស្ទូង​ស្រូវធ្ងន់​ជា​បន្ត​។

លោក​អ៊ុំ ហម កប ជា​កសិករ​រស់​នៅក្នុង​ភូមិ​ក្រាំង​ដៃ​ឃុំ​ធ្លក​បាន​និយាយ​ថា ​នៅ​ឆ្នាំនេះ​ទឹកភ្លៀង​បាន​អំណោយផល​ល្អ​ណាស់​ដោយ​ពុំ​ចាំបាច់​ឲ្យ​ម្ចាស់​ស្រែ​ស្វែងរក​បូមទឹក​ពី​ប្រឡាយ​បញ្ចូល​ស្រែ​នោះ​ឡើយ​ គឺ​មាន​ទឹក​បបូរ​ហូរហៀរ​តែម្តង។

លោក​អ៊ំ​បន្ត​ថា​ ពី​ដើមឡើយ​អ្នកស្រុក​នេះ​ គឺ​រង់​ចាំតែ​ទឹកភ្លៀង​ដើម្បី​បាន​ទឹក​ធ្វើស្រែ​ហើយ​ក្នុង​មួយឆ្នាំ​បើ​ខំប្រឹង​ណាស់​បានតែ​ពី​រដង​ តែ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​កសិករ​ក្នុង​ឃុំ​ធ្លក​ស្រុក​ទ្រាំង​អាច​ធ្វើ​បាន​រហូតដល់​៣​ដង​ក្នុង​មួយឆ្នាំ​។ ដោយឡែក​ពូជស្រូវ​វិញ​អ្នកស្រុក​នៅ​ទី​នេះ​ច្រើន​ប្រើ​ពូជ​ស្រូវផ្កាខ្ញី ដែលមាន​រសជាតិ​ឆ្ងាញ់​ជាង​ស្រូវ​ដទៃ​។

លោក​អ៊ំ​បញ្ជាក់​ថា ​ពី​មុន​មក​អ្នកស្រុក​អ្នកភូមិ​នេះ​ច្រើនតែ​ចេញទៅ​រក​ស៊ី​ក្រៅ​ស្រុក​តែ​ប​ច្ចុប្ប​ន្ន​គេ​វិល​មក​ធ្វើស្រែ​វិញ​ ព្រោះ​មាន​ទឹក​ធ្វើស្រែ​បាន​គ្រប់គ្រាន់​រហូតដល់​មួយឆ្នាំ​ធ្វើ​បាន​៣​ដង​។

ប៉ុន្តែ​ទាស់​តែ​ម្យ៉ាង ​គឺ​ផ្លូវលំ​ចូល​មក​ឃុំ​ធ្លក​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២​ជាប់​ផ្សារ​ព្រៃ​សណ្តែក​មក​សាលាឃុំធ្លក ​គឺ​ផ្លូវ​មានការ​លំបាក​ធ្វើដំណើរ​ណាស់​ពិសេស​មាន​អ្នកជំងឺ​ គឺ​ត្រូវ​ប្រើ​ពេល​យូរ​ទម្រាំ​បាន​ដឹក​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​សឹង​អស់​ពេល​មួយ​ព្រឹក​ទើប​ដល់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684