ព័ត៍មានទាន់​ហេតុការណ៏
Search

លោកវេង សាខុន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​តាំង​ពិព័រណ៍​ផ្សារណាត់​បន្លែ​និង​ផលិតផល សុវត្ថិភាព

ព្រៃវែង ៖ នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អ​ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​តាំង​ពិព័រណ៍​ផ្សារណាត់​បន្លែ​ និង ផលិតផល សុវត្ថិភាព​ដែល​រៀបចំ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​។ ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង លោក​អភិបាលរង​ខេត្ត លោក លោកស្រី មន្ត្រីរាជការ អាជីវករ ក្រុន​ហ៊ុន កសិករ សហគមន៍​ផលិត​បន្លែ​សុវត្ថិភាព ក៏បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។

បន្ទាប់ពី​លោក​អ៊ុក សំណាង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ពី​លទ្ធផល​របស់​គម្រោង​រួចមក លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​គម្រោង​ស្តីពី ការជំរុញ​ផលិតកម្ម​ស្បៀង (Boosting Food Production) ដែល​បានការ​ឧបត្ថម្ភ​ពី រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នូវ​ថវិកា​ក់​២០,២៥ លាន​ដុល្លារ យក​ទៅ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ មាន​ខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ក្នុង​បំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ប្រកបដោយ​និរន្តរភាព​ក្នុង ទិសដៅ​កាត់បន្ថយ​ការ​នាំ​ចូល​។ មាន​ចំណាប់អារម្មណ៍​នា​ពេល​នេះ​លោក​អភិបាលរង​ខេត្ត​បាន រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ពី ស្ថានភាព​បង្កបង្កើនផល នយោបាយ សន្តិសុខ សុ​វ​ត្ថិ​ភាព​សង្គម​ជា​រួមនឹង​ដោយឡែក​ក្នុងនាម​លោក​អភិបាលខេត្ត លោក​សូម​ធ្វើការ​គាំទ្រ​សកម្មភាព របស់​គម្រោង ពិសេស​ផ្សារណាត់​ពិព័រណ៍​ផលិតផល​បន្លែ​សុ​វត្ថិភាព​នេះ​ ព្រោះ​វា​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការ នាំចូល និង​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។

ឆ្លៀត​យក​ឱកាស​ដ៏​មានតម្លៃ​នេះ លោក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ជូន​បងប្អូន​កសិករ សហគមន៍​ផលិត​នៅ​ទី​នេះ និង​នៅ ទូទាំង​ប្រទេស​ថា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នេះ​ក្នុង​គោលបំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ការ​នាំ​ចូល ធានា និរន្តរភាព​នៃ​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាត​តូច និង​ខ្នាត​មធ្យម​។ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​គោលបំណង​នេះ លោករដ្ឋមន្ត្រី​តាមរយៈ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ណែនាំ​មន្ត្រី​អនុវត្ត​គម្រោង ផលិតករ និង​សហគមន៍​ផលិត​ត្រូវ​អនុវត្ត​តាម​គោលនយោបាយ​របស់​ក្រសួង​ដូចជា​ទី​១.​ធ្វើការ​បង្វែរ​ទិសដៅ​ផលិត​ពី​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការផលិត​ដើម្បី​ធ្វើ​កសិពាណិជ្ជកម្ម កែប្រែ​សួន​បន្លែ​ទៅជា​ចំការ​បន្លែ ទី​២.​បញ្ចូល​បច្ចេកទេស​ផលិត ការ​ជ្រើសរើស ពូជ ការប្រើ ប្រព័ន្ធ​ដំណក់ទឹក ការប្រើប្រាស់​ផ្ទះ​សំណាញ់ ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី​ដដែល ទី​៣. កែលម្អ​ខ្សែ​សង្វាក់​ផលិតកម្ម ផលិត​តាម​ផែនការ ឬ​តាម​កម្មវិធី​ច្បាស់លាស់ ផលិត​តាម​ការ​បញ្ជាទិញ តាម​តម្រូវការ​ទីផ្សារ និង​ចាំបាច់​ត្រូវ​អនុវត្តតាម​គោលការណ៍​អនុវត្ត​កសិកម្ម​ល្អ​(GAP)​ហើយ​ត្រូវ​ធ្វើក​សិកម្ម​តាម​កិច្ចសន្យា ទី​៤.​ត្រូវ​គិតគូ​ពី ការកែច្នៃ វិច​ខ្ចប់​ដើម្បី​បង្កើន​តម្លៃបន្ថែម ថែរក្សា ទុកដាក់ និង​មធ្យោបាយ​ដឹកជញ្ជូន​ផលិតផល ទៅកាន់​ទីផ្សារ​ដើម្បី​ផ្តល់​សេវា​ឲ្យ​មាន​ប្រសិទ្ធ ភាព និង​ទាន់ពេលវេលា​។ ទាំង​យន្តការ និង​បច្ចេកទេស​ផលិត​បាននិងកំពុង​ចូលរួមចំណែក​យ៉ាង​ពេញលេញ​ក្នុង​ការ​កសាង​គោលនយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-​ឆ្នាំ​២០៣០ ដែល​ត្រូវ​ប្រែក្លាយ​វិស័យ​កម្ពុជា​ទៅ​កសិកម្ម​ទំនើបកម្ម មានការ ប្រកួតប្រជែង ការ​បម្រែបម្រួល​អាកាសធាតុ និង​ពិសេស​ឆ្លើយតប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ ដើម្បី​ធានា បាន​នូវ​តម្លាភាព​ទីផ្សារ សច្ចភាព និង​យុត្តិធម៌​ក្នុងការ​ប្រកួតប្រជែង៕