ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែការពារ Ryota Hayashi របស់​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រឡប់​មកកាន់​ទីលាន​បាន​វិញ​ហើយ​ក្រោយ​ព្យាបាល​របួស​ជង្គង់​នៅ​ស្រុកកំណើត

កីឡាករ​ខ្សែការពារ​ជនជាតិ​ជប៉ុន Ryota Hayashi នៅក្នុង​ក្លិប​ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) បាន​ត្រឡប់មក​ដក់​ខេត្តសៀមរាប វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ក្រោយ ត្រឡប់​ទៅ​ព្យាបាល​ជង្គង់​នៅ​ស្រុកកំណើត​រយៈពេល​១​ខែ​។

​កីឡាករ Ryota Hayashi កើត​នៅ​ទីក្រុង Yokohama មាន​វ័យ​២២​ឆ្នាំ លេង​ក្នុង​តួនាទី​ជា​ខ្សែការពារ ដោយ​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ដូចជា Jr. CHAMP SC មុន​ចេញទៅ​ក្រុម Tokyo Champ និង​បន្តទៅ​ក្រុម​Hosei University Second Secondary School និង​ចុងក្រោយ​ចូលរួម​ក្លិប Hosei University ជា​ក្លិប​ប្រកប​អាជីព​នៅ​លី​គ​សាកលវិទ្យាល័យ​ជប៉ុន មុន​សម្រេចចិត្ត​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាលពីដើមឆ្នាំ​២០១៨​។

កីឡាករ​រូបនេះ​បាន​ឆ្លើយឆ្លង​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជាមួយ​សារព័ត៌មាន​កម្ពុជា​ថ្មី ក្រោយ​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ថា​៖«​របួស​របស់ខ្ញុំ​បានជា​សះស្បើយ​ហើយ​។ ខ្ញុំ​អាច​បង្ហាញខ្លួន​លើ​ទីលាន​ដូច​មុន​បាន​ហើយ​ដែរ​។ អរគុណ​គ្រប់គ្នា​ដែល​តែងតែ​សួរ​សុខ​ទុក​ខ្ញុំ​»​។ Ryota Hayashi ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​៥​នាក់​របស់​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​ចុះបញ្ជី​ស្របតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ ក្លិប​ជា​សមាជិក​លី​គ​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។

ដូច្នេះ​ដំណើរ​ត្រឡប់​មកពី​ព្យាបាល​របួស​នៅ​ស្រុកកំណើត​របស់​ខ្សែការពារ​Ryota Hayashi នឹង​អាចឱ្យ​រូបគេ​បង្ហាញខ្លួន​លើ​ទីលាន​បាន​វិញ ពេល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បើកទ្វា​កីឡដ្ឋាន​ខេត្តសៀមរាប ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ២០១៨ ចុង​សប្ដាហ៍​នេះ​។ ឆ្លងកាត់​ការប្រកួត​១៣​លើក​មកនេះ​អង្គ​រថា​យ​ហ្គឺ​រ ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម​ក្រុម​សមាជិក​ទាំង​១២ បន្ទាប់ពី​ប្រកួត​ឈ្នះ​បាន​៣​លើក ស្មើគ្នា​២​លើក និង​ចាញ់​៧​លើក​មាន​១១​ពិន្ទុ​ក្នុង​ដៃ​៕