ព័ត៍មានទាន់​ហេតុការណ៏
Search

បេក្ខភាព​ឈរឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ចុះ​ណែនាំ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ដល់ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បេក្ខភាព​ឈរឈ្មោះ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ចុះ​ណែនាំ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ដល់ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា ពី​របៀប​បោះឆ្នោត ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ​បន្ថែមទៀត​។

ការ​ចុះ​បង្រៀន​នេះ បាន​ធ្វើ​ឡើង​ក្នុង ឱកាស​ដែល​លោកជំទាវ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុ​ជាជាង​១០០០​នាក់ នៅ​ឃុំ​ដូន​ស ​ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា ឆ្នាំ​២០១៨​នេះ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោកជំទាវ​តំណាងរាស្ត្រ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​អង្គពិធី និង​លើកឡើង​អំពី​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​កោះ​ពេជ្រ កាលពី​៧​កក្កដា​ថ្មីៗ​នេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​លើក​ឡើង​ថា ជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​រីកចម្រើន​ជឿនលឿន ផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ពោល​បាន​ក្លាយ​ពី​ប្រទេស​ក្រីក្រ ឈាន​មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នា​ពេល​បច្ចុប្បន្ន ហើយ​កំពុង​ប្រឹងប្រែង​ជំរុញ​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ប្រធាន​គណៈ​ពង្រឹង​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្វាយរៀង​រូបនេះ បន្ត​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​ជំរុញ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​កើន​ឡើងជា​បន្តបន្ទាប់ ប្រាក់​សោធនិវត្តន៍​ក៏បាន​កើនឡើង ហើយ​ប្រាក់​ឈ្នួល​របស់​កម្មករ នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ក៏បាន​កើនឡើង​ផងដែរ។

ដើម្បី​បន្ត​រក្សា​បាន​ភាព​រីកចម្រើន​របស់​ជាតិ​កម្ពុជា​ទៅមុខ​បន្ត​ទៀត ជាពិសេស​រក្សា​បាន​នូវ​សុខសន្តិភាព​នោះ លោកជំទាវ ម៉ែន សំអន បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ ឆ្នាំ​២០១៨ ​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត​៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684