ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ជួញដូរ​ថ្នាំញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់

រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ជួញ​ដូរ​គ្រឿងញៀន​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​អូរ​កន្សែង ក្រុង​បាន​លុង​។

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ រួមមាន ​ទី​១.​ឈ្មោះ មិន នី ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិ​ខ្មែរ ទី​២.​ឈ្មោះ ហេង សោ​វ​ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​ ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំងពីរ​នាក់​។

វត្ថុតាង​ដកហូត​រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច ទម្ងន់ ០.៥២ ក្រាម ទាំង​សំបក​ថង់​។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ពីរ​នាក់​រួចមក​ក៏​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ អែម សុ​ភី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ វត្ថុ​តាង​ដកហូត​រួមមាន ម្យៅ​ក្រាម​ ពណ៌​ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២ ថង់​ធំ​ល្មម ទម្ងន់ ៤.១២ ក្រាម ទាំងសំបកថង់។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕