ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ ប្រជា​នេសាទ​និង​អ្នកទេសចរ​ណ៍ ប្រុង​ប្រ​យ័ត្ន ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់បោក ខ្លាំង

ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​និង អ្នក​នេសាទ​និង​ភ្ញៀវ ទេសចរ​​ ដែល​ធ្វើដំណើរ នៅ​លើ​ផ្ទៃ​សមុទ្រ សូម​មានការ ប្រុង​ប្រ​យ័ត្ន​ឲ្យ​បាន​ខ្ពស់ ដែល​អាច​នឹង​មាន ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​បោក ខ្លាំង​និង​រលក​ខ្ពស់ៗ។

ការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក​នេះ​ បាន​ធ្វើឡើង ក្នុង​សេចក្តី​ប្រកាស​របស់ ក្រសួងធនធានទឹក កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ក្រសួង​បាន​ព្យាករ​ណ៍​ឃើញថា ខ្យល់​មូ​ស្យុ​ង និរតី បាននឹង​កំពុង បន្ត​បង្កើន ឥទ្ធិពល​មក​លើ តំបន់ឆ្នេរ​សមុទ្រ ក្នុង​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​សម្ពាធ​ទាប​នេះ បាននិង​កំពុង​អូស បន្លាយ កាត់​ទទឹង អាង​ទន្លេ មេគង្គ ក្នុង​ប្រទេស​ឡាវ។ លក្ខណ​បែបនេះ នឹង​ធ្វើ​ឲ្យ អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ដូច​ខាង​ក្រោម ៖ នៅ​តាម​បណ្តា ឆ្នេរ​ជាប់មាត់​សមុទ្រ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​បន្តបន្ទាប់។ ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក ខ្លាំង និង​មាន​រលក​ខ្ពស់ៗ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ត​ថា បណ្តា​រាជធានី​ខេត្ត​មួយចំនួន ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង​តាកែវ ការ​ធ្លាក់​ភ្លៀង​នឹង​ថយ​មក​ក្នុង​កម្រិត​តិច​។ រីឯ​ខេត្ត​ដទៃទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។

ជា​មួយ​គ្នា​នេះ ប្រកាសប្រាប់​ឲ្យ​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ព្រោះ​ក្នុង​សប្តាហ៍​នេះ (​ចាប់ពី​ថ្ងៃទី​១២ ដល់ ១៨​ខែកក្កដា​) ខេត្ត​តាម​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684