ព័ត៍មានទាន់​ហេតុការណ៏
Search

សរ រាជសីហ៍ ជួប​គៀរ​ហ្ស៉ី​ស្ថាន​Sergei នៅ SEATV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​១​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​ពេលព្រឹក​Boostrong Fighter On Fire លើស​ង្វៀន​SEATV ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨​នេះ ។ នោះ​គឺ សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គៀរ​ហ្ស៉ី​ស្ថាន​ឈ្មោះ Sergei ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​
នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត រវាង​សរ រាជសីហ៍ និង Sergei ព្រោះថា​អ្នក​ប្រដាល់​គៀរ​ហ្ស៉ី​ស្ថាន​រូបនេះ មិនធម្មតា​នោះឡើយ​។​នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEATV អោយដឹង។

សរ រាជសីហ៍ គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ប៉ុន្មាន​នាក់​ហើយ តែ​ភាគច្រើន​ជា​អ្នក​ប្រដាល់​ថៃ​ប៉ុណ្ណោះ គឺ​ពុំ​ធ្លាប់​ដែល​ជួប​ប្រកួត​ជាមួយ​ជនជាតិ​គៀរ​ហ្ស៉ី​ស្ថាន​នេះឡើយ ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​រាជសីហ៍ វាយ​ចេញ​ខ្លាំង​និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ Sergei ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។

ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូ​ដៃ​នោះទេ អោយតែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាបបាន គឺ​សរ រាជសីហ៍ គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្តួល​យកឈ្នះ​តែម្តង ។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ គេ​នៅ​ស្ទើរ​នៅឡើយ តែ​កម្លាំង​កាយសម្បទា​រឹងមាំ​ល្អ ។ សរ រាជសីហ៍ ធ្លាប់​ឡើង​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ ៥៣​ដង ចាញ់​១២ ដង និង​មិនដែល​ស្មើ។

តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា Sergei នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​លើក​ទី​១​ប៉ុណ្ណោះ។

Sergei គេ​ជា​អ្នក​ប្រដាល់​ដែល​ហ្វឹក​ហាត​នៅ​ស្រុកថៃ ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥​លើក ដោយ​ឈ្នះ​៣៨​ដង ចាញ់​០៧ លើក​និង​មិនដែល​ស្មើ ។ នេះ​បើតាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង ។​

ចាំមើល រវាង​Sergei​និង​សរ រាជសីហ៍ តើន​រណា​ជា​អ្នកឈ្នះ សម្រាប់​ជំនួប​លើកដំបូង​នេះ​? ។​
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​វ័យក្មេង ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។

ផាន រះ ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ ស្នៀត​ទាត់ កែង និង​ជង្គង់​របស់គេ​ល្អ ។ ជាមួយនេះ គេ​មានបទពិសោធន៍​ជោគជាំ​ហើយ លើស​ង្វៀន​ប្រដាល់ ។ ចាំមើល តើ​សូត្រ ខេ​វិ​ន គេ​អាច​យកឈ្នះ​ផាន រះ បាន​ឬ​អត់ ? ។​

ខេ​វិ​ន គេ​មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង តែ​អន់​កម្លាំង​ស៊ុ​ហ្វ ដែល​បញ្ហា​នេះហើយ​ដែល​តែងតែ​ធ្វើ​អោយគេ​ជួប​បរាជ័យ​កន្លងមក ។ ខេ​វិ​ន ប្រកួត​លើកចុងក្រោយ​នេះ គេ​វាយ​ចាញ់​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ឯ ការប្រកួត​លើកចុងក្រោយ​របស់​ផាន រះ​វិញ គឺ​វាយ​ឈ្នះ​សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​អ្នក​បាត់ដំបង ក្នុង​ទឹក​ទី​២ ។​

អាន ទាវ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ នឹង​ឡើង​ប្រកួត​សងសឹក វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ។ ពីរ​នាក់​នេះ បាន​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​២០​ខែឧសភា​២០១៨ ដែល​ពេលនោះ អាន ទាវ គេ​ចាញ់ វ៉ន វ៉ុ​ន ដោយ​ពិន្ទុ​ប្រផុតប្រផើយ​តែប៉ុណ្ណោះ ។​ដោយសារ​យ៉ាង​នេះហើយ ទើប​អាន ទាវ មិន​អស់ចិត្ត​សុំ​សងសឹក​វិញ​នោះ ។ ចាំមើល តើ​អាន ទាវ អាច​សងសឹក​វ៉ន វ៉ុ​ន បានសម្រេច​ឬ​អត់​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684