ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ទួរគី ចង់​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ទូ​គី លោកស្រី Ayda Unlu( អៃ​ដា អ៊ុន​លូ ) ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​កក្កដា នេះ លោកស្រី​បាន​បញ្ជាក់ថា ក្នុងនាម​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ទួរគី មានបំណង​ចង់​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បីអោយ​ប្រទេស​ទាំង​២ កម្ពុជា _​ទួ​រគី កាន់​តែមាន​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អប្រសើរ​ឡើង​។​

លោកស្រី អៃ​ដា អ៊ុន​លូ បាន​មានប្រសាសន៍​លើកឡើងថា ខណៈដែល​លោកស្រី​មកដល់​រាជធានី​ភ្នំពេញ​ភ្លាម គឺ​លោកស្រី​ពិតជា​រីករាយ​ណាស់ ដោយ​ឃើញ​រាជធានី​នេះ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​អ្វី​ដែល​ល្អប្រសើរ ​និង​ចាប់អារម្មណ៍​ថែមទៀត​នោះ គឺ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ភាព​រស់​រាយ​រាក់ទាក់។ លោកស្រី​ថា អ្វីៗ​ដែល​ល្អៗ​ទាំងនេះ លោកស្រី នឹង​យក​ទៅ​ជម្រាប​ដល់​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទួរគី ដើម្បី​សុំ​ចង​ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា ដោយហេតុថា ទំនាក់​ទំនង​ប្រជាជន​និង​ប្រជាជន ជាមួយនឹង​ការចង​សម្ព័ន្ធមេត្រីភាព​នេះ នឹង នាំអោយ​ប្រទេស​ទាំង​២​មាន​សក្តានុពល​កាន់តែ​ខ្លាំង​ឡើង​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​លើកឡើង​ពី​ការកកើត​រាជធានី​ភ្នំពេញ​ដែលមាន​អាយុកាល​ជាច្រើន​រយ​ឆ្នាំ​។ លោក​បន្តថា​ ក្នុង​របប​ប៉ុលពត ភ្នំពេញ​បាន​ធ្នាក់​ដល់​ចំណុចសូន្យ ក្រោយ​ឆ្នាំ​១៩៧៩ ភ្នំពេញ​មានតែ​ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់​ប៉ុណ្ណោះ​។ តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំអោយ​ទីក្រុង​មួយ​នេះ​ក្លាយជា​ទីក្រុង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​ទីក្រុង​ផ្សេងៗ ដូចជា​ថៃ ឡាវ ជប៉ុន ចិន​ជាដើម​។​

លោក​បន្តថា ប្រជាជន​កាន់តែ​កើន​នៅ​ភ្នំពេញ និង​ការ​លំហូរ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​នាំអោយ ប្រជាជន​កើតឡើង​ជា​លំដាប់ ដែល​ធ្វើអោយ​រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដូចជា​បញ្ហា​សណ្តាប់ធ្នាប់ បញ្ហា​សំរាម ​និង​បញ្ហា​កកស្ទះ​ចរាចរ​ជាដើម ដែល​រដ្ឋបាល​រាជធានី​កំពុងតែធ្វើការ​ដោះស្រាយ​អោយ​ប្រសើរឡើង​។​

លោក​ឃួ​ង ស្រេង​បានបញ្ជាក់​ទៀតថា នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​បទល្មើស​មានការ​ថយចុះ​ច្រើន​នាំ​អោយ​អ្នកវិនិយោគ​ទាំងអស់​មាន​ភាពកក់ក្តៅ ទេសចរណ៍​កើនឡើង រួម​នឹង​បង្ក​ភាពកក់ក្តៅ​ដល់​ទូត​នានា ក្នុងការ​បំពេញការងា​រ​ការទូត​របស់​ខ្លួន​។​

លោក​បន្តថា នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​កម្ពុជា​នឹង​មាន​ការ​បោះឆ្នោត ទន្ទឹមនឹងនេះ​យើង​បាន​ត្រៀម​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ជូន​គ្រប់​គណបក្ស​រួចហើយ​។ ចំពោះ​ការចង់អោយ​មានការ​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានបញ្ជាក់​នៅ​ចំពោះ​លោកស្រី​អៃ​ដា អ៊ុន​លូ​ថា កម្ពុជា​ស្វាគមន៍ ក្នុងការ​ចង​សម្ព័នភាព​មេត្រីភាព ជាមួយ​ទីក្រុង​នៃ​ប្រទេស​ទួរ​គី ដោយ​លោក​ថា នេះ​ជា​គោល​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើ​ប្រទេស​កម្ពុជា​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨។ ជាងនេះទៅទៀត សម្តេច​បាន​ទប់ស្កាត់​បដិវត្ត​ពណ៌ ដែល​គាំទ្រ​ពី​ខាងក្រោយ​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន។

ក្នុងនោះដែរ​លោក​ឃួ​ង ស្រេង​ក៏បាន​លើកឡើង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រទេស​កម្ពុជា​មិន​ត្រូវ​កា​រ​សង្គ្រាម​នោះទេ ហើយ​ការ​រំលាយ​បក្ស​មួយ​នោះ​ ក៏ដោយ​សារ​អ្នកដឹកនាំ​បក្ស​នោះ​ធ្វើ​ខុសច្បាប់ យើង​អនុវត្ត​ច្បាប់ មិន​ថា បក្ស​ណា ស្ថាប័ន​ណា​នោះ​ទេ បើ​ធ្វើ​ខុសច្បាប់​ត្រូវតែ​មានទោស​ចំពោះមុខ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684