ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​លោក​សំ លាង​ទ្រី​ នាំ​យក​ទៀន​ព្រះវស្សា​ និង​ទេយ្យវត្ថុ​មួយចំនួន​ទៅ​ប្រគេន​ថ្វាយ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ទ្រី​សទ្ធា​រាម

ព្រះវិហារ ​៖ ទៀន​ព្រះវស្សា​ និង​ទេយ្យវត្ថុ​មួយចំនួន​រួម​នឹង​បច្ច័យ​ផង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​លោក​សុខ សាន្ត​ដា​រ៉ា អភិបាលស្រុក​ឆែប នាំទៅ​ប្រគេន​ថ្វាយ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​ទ្រី​សទ្ធា​រាម ដែល​ស្ថិតនៅ​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

លោក សំ លាង​ទ្រី បាន​មានប្រសាសន៍​អោយដឹងថា ទេយ្យវត្ថុ​ ដែល​ត្រូវបាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​ទ្រី​សទ្ធា​រាម​នេះ រួមមាន​អង្គរ​៥០​គីឡូក្រាម ទៀនវស្សា ប្រេងម៉ាស៊ូត​ តែ ស្ករ ទឹកដោះគោ មី អំបិល ទឹក​សុទ្ធ ប្រហុក ទឹក​ត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ឆៃប៉ូវ ត្រីខកំប៉ុង និង​បច្ច័យ​ចំនួន ៥៨​ម៉ឺន​រៀល ព្រមទាំង​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៦​អង្គ ដែល​ក្នុង​១​អង្គ​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ​។​

លោក សំ លាង​ទ្រី បាន​បន្តទៀតថា សម្រាប់​ថ្ងៃទី​១៣ កក្កដា ២០១៨​នេះ លោក​នឹង​អញ្ជើញ​ទៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ បន្តទៀត ដើម្បី​យក​ទេយ្យវត្ថុ​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​ចំនួន​៨​ទៀត ហើយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​មួយចំនួន​រួម​នឹង​បច្ច័យ​ដូចៗ​គ្នា​នឹង​វត្ត​ទ្រី​សទ្ធា​រាម នេះដែ ។ ក្រៅពី​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ហើយ ក្នុងនោះ​ក៏មាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង អនុគុណ​ស្រុក​ស្តីទី​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា វត្ត​ទ្រី​ស​ន្ធា​រាម គឺជា​វត្ត​ថ្មី​មួយ​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ចំងាយ​ពី​ទី​រួម​ខេត្ត​ឬ​ក្រុង​ព្រះវិហារ​ជាង​៤០​គីឡូម៉ែត្រ។ ក្រោយ​បង្កើតអោយមាន​វត្ត​នេះ​ឡើង ពោលគឺ​កាល​ព្រឹក​ថ្ងៃអាទិត្យ ៨​កើត ខែ​មិគសិរ ឆ្នាំរកា ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា​គ​.​ស ២០១៧​កន្លងមកនេះ​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតីភាព​បញ្ចុះបឋមសិលា​សាងសង់​សាលាឆាន់ ដែល​សាលាឆាន់​នេះ​មាន​ទទឹង​១២​ម៉ែត្រ​បណ្តោយ​២៤​ម៉ែត្រ ក្រោម​ជំនួយ​ផ្ទាល់​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ជា​អតីត​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី។​

លោក សំ លាង​ទ្រី ធ្លាប់បាន​បញ្ជាក់​អោយដឹង​ហើយ​ថា ភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ពីមុនមក​មិនមាន​វត្ត​សម្រាប់​ប្រជាពលរដ្ឋ​គោរពបូជា​និង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​នោះទេ។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ទើប​រូបលោក​និង​ដោយមាន​ការគាំទ្រ​ពី​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បង្កើតអោយមាន​វត្ត​ថ្មី​នេះ​ឡើង​តែម្តង​។

គួរបញ្ជាក់​ទៀតថា នៅក្នុង​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក្រោយមក​លោក​ក្លាយជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​សង្កែ​២​មក​ក្នុង​ឃុំ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន​លូ​និង​ប្រឡាយ​។ ឃុំ​សង្កែ​២​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ចំនួន​៣១១​គ្រួសារ​ស្មើនឹង​១.៥២០​នាក់​ប្រកបមុខរបរ​ធ្វើស្រែ​និង​ចំការ​ជាធំ​។​ ក្នុង​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​លោក​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ឆែប​លុះ​មកដល់​ឆ្នាំ​២០១៨​នេះ ​លោក​សំ លាង​ទ្រី ជា​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​វិញ ​តែ​លោក​មិន​បោះបង់ចោល​ឃុំ​សង្កែ​២​ឡើយ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684