ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​បាន​សម្រេច តែ​រត់​មិន​រួច​ ដោយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​យក​កៅអី​គប់​អោយ​ដួល​ម៉ូតូ ចាប់បាន​ម្នាក់​ រត់​រួច​២​នាក់​

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​យុវជន​ម្នាក់នេះ ​និង​បក្សពួក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច តែ​រត់​មិន​រួច ​ដោយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​យក​កៅអី​គប់​អោយ​ដួល ទើប​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់​នេះ​តែម្តង។

អំពើ​ឆក់​នេះ​ បាន​កើតឡើង​កាលពី​រាត្រី ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច​.​សំរឹទ្ធិស័ក ​.​ព​.​ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​វេលា​ម៉ោង​២១​និង​០០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥៦ ផ្លូវ​លេខ​១២២ ក្រុមទី​៣៦ ន​ភូមិ​១០ ន​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ​គ្រី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦១J ផ្លូវ​វេ​ង​ស្រេង ​​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

វត្ថុ​តាង​ចាប់​យក​រួមមាន ១- ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Honda C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GZ-2967 លេខ​តួ និង ម៉ាស៊ីន​: 5254081 (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​) ។ ២- ទូរស័ព្ទ​ចំនួន ០១ គ្រឿង ម៉ាក iphone 6 plus ពណ៌​ខ្មៅ (​ជា​របស់​ជនសង្ស័យ​) ។​ ៣- ខ្សែដៃ​ចំនួន ១ ខ្សែ​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​ស្លេក (​ជា​របស់​ជនសង្ស័យ)។

ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស អាយុ​ប្រហែល​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ (​យក​ទូរស័ព្ទ​ពី​ជនសង្ស័យ បាន​មក​វិញ​មិន​ដាក់ពាក្យ​ប្ដឹង​ឡើយ)។ មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បានអោយដឹង​ដោយ​តាម​ការបំភ្លឺ​របស់​ឈ្មោះ ណុប គា ថា នៅ​មុន​ពេល​កើតហេតុ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​ប្រហែល​២១ និង 00 នាទី ជនរងគ្រោះ​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅមុខ​ហាង​ផឹកស៊ី យីហោ​ជៀម មាស (​ផ្ទះ​លេខ​១៥៦ ផ្លូវ​លេខ​១២២ ក្រុមទី​៣៦​ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី ១ (​កន្លែងកើតហេតុ​) ក៏​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ គ្រី សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​ឃាត់ខ្លួន​បាន​)​រួម​ជាមួយ​បក្សពួក​០៣​នាក់ ទៀត​ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បានសម្រេច ហើយ​បាននាំគ្នា​ជិះ​ម៉ូតូ​គេច​តាមផ្លូវ​លេខ​១២២​ទិសដៅ​ពី​កើ​តទៅ​លិច​ក៏ត្រូវ​បាន​ពលរដ្ឋ​រួម​នឹង​ឈ្មោះ ណុប គា ស្ទាក់​យក​កៅអី​គប់​ទៅលើ​ជន សង្ស័យ​បណ្ដាលឱ្យ​ដួល​ម៉ូតូ​ចំនួន ០១​គ្រឿង ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គ្រី សុភ័ក្ត្រ ចំណែក​ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​ដែល​ដួល​បាន​រត់ឡើង​ជិះ​ម៉ូតូ​របស់​បក្សពួក​គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ​ចំណែក​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​របស់ខ្លួន​បាន​វិញ ហើយ​បាន​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​ដោយ​ពុំ​បានមក​ដាក់ពាក្យ​ប្ដឹង​ឡើយ។​

មន្ត្រី​ប៉ូលីស​បន្តថា នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​យក​ទឹកនោម​របស់​ជនសង្ស័យ​ទៅធ្វើ​តេស្ត​ស្វែង​រកសារ​ធាតុ​ញៀន​ជា​លទ្ធផល អវិជ្ជមាន។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ គ្រី សុភ័ក្ត្រ កំពុងឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684