ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តរតនគិរី និយម​ទិញ​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​របស់​ជនជាតិ​ដើម​ភាគតិច ព្រោះ​គ្មាន​ជាតិគីមី

រតនគិរី ​៖​ បន្លែ​ និង​ផ្លែឈើ​ធម្មជាតិ​ជាច្រើន​ប្រភេទ​រួមមាន ផ្កាល្ពៅ គល់​ស្លឹកគ្រៃ ផ្កាននោង​ព្រៃ ស្លឹក​បាស់ ត្រពាំង ល្ពៅ ខ្ទឹម ផ្ទីរ ក្រូចឆ្មារ ក្រូច​ខ្លុង ល្ហុង ចេក រួមទាំង​បន្លែ និង​ផ្លែឈើ​ជាច្រើន​មុខ​ទៀត របស់​បងប្អូន​ជនជាតិដើម​ភាគតិច ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្រុង​បាន​លុង និង​តាម​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តរតនគិរី និយម​ទិញ​យក​មក​បរិភោគ ព្រោះ​បន្លែ និង​ផ្លែឈើ​ទាំងនោះ ​គ្មាន​ជាតិគីមី ធ្វើអោយប៉ះពាល់​ដល់​សុខភាព។​

លោកស្រី រឿន សុផាត មាន​អាយុ​៤៩​ឆ្នាំ​ ជា​ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បានអោយ​សារព័ត៌មាន​ដឹង នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះ ថា ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅក្នុង​រដូវវស្សា​នេះ ដែល​សម្បូរ​​​ទៅដោយ​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​ចម្រុះ​ជាច្រើន​មុខ ជាហេតុ​នាំអោយ​លោកស្រី​និយម​ចូលចិត្ត​ទិញ​បន្លែ សាច់ និង​ផ្លែឈើ ពី​ជនជាតិដើម​ភាគតិច ដើម្បី​យកទៅ​ធ្វើ​ម្ហូប​បរិភោគ។​

​ស្ត្រី​មេផ្ទះ​ដែល​និយម​ដើរ​ផ្សា​រទិញ​ម្ហូប​រូបនេះ​បាន​បញ្ជាក់ថា មូល​ហេតុដែល​លោកស្រី​និយម​ទិញ​ទី​១ ដោយសារ​ទីតាំង​លក់​នៅ​ជិត​ផ្ទះ ទី​២ ដោយសារ​គាត់​បានដឹង​ច្បាស់​ថា បន្លែ និង​ផ្លែឈើ​របស់​ជនជាតិដើម​ភាគ គឺជា​របស់​ធម្មជាតិ​ពិតៗ បរិភោគ​ទៅ​ជួយ​ដល់​សរីរាង្គ និង​សុខភាព គ្មាន​ជាតិគីមី មិន​បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព។​

​អាជីវករ​ជនជាតិ​គ្រឹ​ង​ម្នាក់ ឈ្មោះ ក្វែន រ៉ា មាន​អាយុ ៤៧ ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែល​បាន​យក​បន្លែបង្ការ​មក​លក់​នៅក្នុង​ផ្សារ​ជនជាតិ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ផ្សារ​បាន​លុង បាន​រៀបរាប់​អោយដឹងថា នៅក្នុង​រដូវវស្សា​ធ្លាក់ភ្លៀង​នេះ បន្លែបង្ការ​ធម្មជាតិ​ក៏​កំពុង​ហុច​ផល​អោយ​ផងដែរ ដែលមាន​ដុះ​ឡើង​នៅក្នុង​ព្រៃ ក៏ដូចជា​នៅតាម​បណ្តា​ចំការ​ក្នុងភូមិ​របស់​ពួកគាត់។​

អាជីវករ​ជនជាតិ​គ្រឹ​ង​លក់​បន្លែ​ធម្មជាតិ​រូបនេះ បាន​អោយដឹងទៀតថា នៅក្នុង​រដូវវស្សា​នេះ ធ្វើអោយ​ផ្ទៃដី​មាន​អំណោយផល និង​ជីវជាតិ ធ្វើអោយ​បន្លែបង្ការ និង​ផ្លែឈើ​ធម្មជាតិ ដុះ​ឡើង​ពេញ​ព្រៃ ក៏ដូចជា​តាម​ចំការ ដែល​ធ្វើអោយ​អាជីវករ​ដទៃទៀត ក៏បាន​ប្រមូល​ផល​បន្លែ​ពី​ចំការ​យកមក​លក់​នៅក្នុង​ផ្សារ​ជនជាតិ​នេះដែរ ទើប​ធ្វើអោយ​ចំណូល​របស់​ពួកគាត់ ទទួលបាន​តិចជាង​រដូវវស្សា។​

ដោយឡែក​អាជីវករ​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ​ឈ្មោះ ឡាក់ វាចារ មាន​អាយុ​៣៧​ឆ្នាំ ដែល​ប្រកបមុខរបរ​លក់​ផ្លែឈើ​នៅក្នុង​ផ្សារ​បាន​លុង អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ បានអោយដឹងថា នៅក្នុង​រដូវវស្សា​នេះ ផ្លែឈើ​ធម្មជាតិ​ជាច្រើន​ប្រភេទ កំពុង​ផ្តល់​ផល​យ៉ាងច្រើន ដូច្នេះ​ធ្វើអោយ​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង មានការ​ធ្លាក់ចុះ​ក្នុង​ការ​នាំចូល ប៉ុន្តែ​ក៏​នៅ​មាន​ផ្លែឈើ​មួយចំនួន​ផ្សេងទៀត ក៏​នៅតែ​មានការ​នាំចូល​នៅឡើយ​ទេ។

អាជីវករ​លក់​ផ្លែឈើ​រូបនេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ សូមអោយ​បន្ត​ការគាំទ្រ​នូវ​ដំណាំ​បន្លែ ផ្លែឈើ​ធម្មជាតិ អោយបាន​ផុលផុស​ជាង​បច្ចុប្បន្ននេះ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ម្ចាស់​ចំការ​ដំណាំ​ផង​ដែរ ទន្ទឹម​ហ្នឹង​នោះ​អាជីវករ​រូប​នេះ ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ចំការ​ដំណាំ​ដទៃទៀត​អោយ​បង្កើន​ការ​ដុះ​នូវ​បន្លែបង្ការ និង​ផ្លែឈើ​ធម្មជាតិ​អោយបាន​ច្រើន​បន្ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684