ព័ត៍មានទាន់​ហេតុការណ៏
Search

ដីស្រែ ​និង​លំនៅឋាន​មួយ​ចំនួន​របស់​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត​ រង​ការ​លិចលង់​មួយអន្លើ

កំពត​ ៖ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត នៃ​ស្រុក​កំពង់ត្រាច ខេត្តកំពត ចំនួន​១៨៨​គ្រួសារ បាននិងកំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ផ្ទៃ​បឹង​ឈូក​មាន​កម្ពស់​ទឹក​ខ្លាំង ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

ប្រជាពលរដ្ឋ​ខាងលើ​បាន​លើកឡើងថា ដី​បឹង​ឈូក​កន្លងមក​មាន​បុគ្គល​មួយ​គ្រួសារ​ ដែល​រស់នៅ​ក្នុងភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ចេះតែ​ប៉ុនប៉ង​ចាក់ដី​រំលោភ​យក​ដោយ​គ្មាន​ការ​អៀនខ្មាស ប៉ុន្តែ​ការរំលោភ​នេះ​ត្រូវ​បរាជ័យ ដោយសារ​ត្រូវ​អាជ្ញាធរ​ស្រុក​ទប់ស្កាត់​បាន​ទាន់ពេលវេលា​។​ ប៉ុន្តែ​ទោះជា​មានការ​ហាមប្រាម​មិន​អនុញ្ញាត​ឲ្យ​មានការ​ទន្ទ្រាន​ដី​បឹង​ឈូក​បែបណា​ក្តី គេ​ឃើញ​សកម្មភាព​បុគ្គល​ខាងលើ ដែល​ប្តី​ឈ្មោះ សំ អេ​ន និង​ប្រពន្ធ ឈ្មោះ​សេង យិ រស់នៅក្នុង​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច នៅតែ​រក​ល្បិចកល​គ្រប់​រូបភាព ដើម្បី​ទាមទារ​យក​ដី​បឹង​ដែល​ជា​​សម្បត្តិ​របស់​រដ្ឋ​មក​ធ្វើ​ជា​សម្បត្តិ​ឯកជន​តែ​ដដែល​។​ ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ថា បើ​បុគ្គល​លោភលន់​ខាង​លើ​នេះ​ ចាក់ដី​បឹង​ក្រសោប​យកបាន​សម្រេច​វិញ ដីស្រែ​និង​ផ្ទះសំបែង​របស់​ពួកគាត់​ នឹង​ត្រូវ​លិចលង់​គ្មាន​សល់ ខណៈ​មាន​ភ្លៀង​បន្តបន្ទាប់​គ្នា​បែបនេះ។

ប្រជាពលរដ្ឋ​ទាំង​១៨៨​គ្រួសារ​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​ខាងលើ បាន​សំណូមពរ​ដល់ លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច​ថ្មី និង​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពត​ទើប​ឡើងកាន់តំណែង មេត្តាជួយ​មាន​វិធានការ​ទប់ស្កាត់​រាល់​ក​រ​ណី​វាត​ទន្ទ្រាន​ដី​បឹង​ឈូក​នៅ​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ពី​សំណាក់​ជនខិលខូច ដែលមាន​ខ្នងបង្អែក​នៅ​ពីក្រោយ​នេះ​ផង​។​

គេ​ចាំ​មើលថា បុគ្គល​មួយ​គ្រួសារ និង​ប្រជាពលរដ្ឋ​ចំនួន​១៨៨​គ្រួសារ តើ​អាជ្ញាធរ​ត្រូវ​ជ្រើស​រើសយក​ខាង​ណា​។​ ម្យ៉ាងទៀត​មាន​គេ​ខ្សឹប​ប្រាប់ថា ​បុគ្គល​មួយ​គ្រួសារ​ដែល​ថ្លើមធំ​ហ៊ាន​រំលោភ​យក​ដី​បឹង​ឈូក​នេះ​មាន​ខ្នងបង្អែក ពីរ​ឬ​បីនាក់​ចាំ​កាង​ពីក្រោយ ហើយ​គេ​ចង់ដឹងថា អ្នកកាង​នោះ​ជា​នរណា​ទៅ​ម្តេចក៏​ថ្លើមធំ​ពាសមេឃ​ហ៊ាន​ឃុបឃិត​ចង់​ក្រសោប​យក​ដី​បឹងបួ​របស់​រដ្ឋ​មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​បែបនេះ​។ គេ​ចាំ​អ៊ុត​មើល​ទៀតថា តើ​អាជ្ញាធរ​ដែល​ប្រៀបបាន​នឹង​ឪពុក ម្តាយ ​អាច​ការពារ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​បានដែរ​ឬទេ​.?​។​

យ៉ាងណាមិញ​ដី​បឹង​ដែល​គេ​បំណង​រំលោភ​យក​នោះ ជាទី​តាំង​អាង​ស្តុក​ទឹក​និង​ជា​ជ្រលង​បង្ហៀរទឹក​សម្រាប់​បញ្ចៀស​ពី​ជំនន់​ភ្លៀង​ក្នុង​រដូវវស្សា ហើយ​ទីតាំង​នេះ​ជា​ចំណុច​ដែល​ងាយ​នឹង​ប្រឈម​ការលិចលង់​ណាស់ ពិសេស​ដីស្រែ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត​តែម្តង ​ឲ្យ​តែមាន​ភ្លៀង​ធំៗ​បន្ត​ជាប់​គ្នា​ពិតជា​លិចលង់​លំនៅឋាន និង​ស្រែចម្ការ​គ្មាន​សល់​ឡើយ ចុះ​ទម្រាំ​មានការ​គេ​ចាក់ដី​រំលោភ​យក​បឹង​ឈូក​ដែលជា​ផ្លូវ​បង្ហូរទឹក​បណ្តាល​ឲ្យ​បិទ​ជិត​នោះ តើ​តំបន់​ខាងលើ​នឹង​លិច​លង់ដល់​កម្រិតណា​ទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684