ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ប្ដូរ​ពី​របប​មួយ​ទៅ​របប​មួយ​ នឹង​ផ្តល់​ភាព​វេទនា​ដល់​ប្រជាពលរដ្ឋ

កែប ​៖​ ការ​ផ្លាស់ប្ដូរ​របប​មួយ​ទៅ​របប​មួយទៀត វា​មិនអាច​ងាយ​ស្រួល​នោះ​ទេ ដោយ​ការ​ប្តូរ​របប​ម្តងៗ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនា​ឥត​ស្រាកស្រាន្ត។

ការ​លើក​ឡើង​បែបនេះ​ ជា​ប្រសាសន៍​របស់​ឯកឧត្តម កិត្តិ​សេដ្ឋា ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កែប ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា​ ភូមិ​ដំណាក់​ចំបក់ និង​ភូមិ​អូរ​ក្រសារ ​សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ ​នៅ​ស្នាក់ការ​គណបក្ស​សង្កាត់​អូរ​ក្រសារ។

ឯកឧត្តម បាន​គូស​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន ពិសេស​បាន​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ ដើម្បី​ពិនិត្យមើល​ស្ថានភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​មិនអាច​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​។​ឯកឧត្តម កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ក៏បាន​ក្រើន​រំឭក​ដល់​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ សូមកុំ​ជឿ​ពាក្យ​ញុះញង់​របស់​ក្រុម​ខិលខូច​មួយ​ក្តាប់​តូច​ដែល​តែងតែ​ដើរ​បំប៉ោង​សភាពការណ៍ និង​បង្ក​ភាព​ចលាចល​។​ លោក​ថា គណបក្ស​នយោបាយ​ខ្លះ​ដើរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត ខ្លះ​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​អូសទាញ​ឲ្យ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បោះឆ្នោត​ឲ្យ​គេ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​។​ ឯកឧត្តម​បាន​បន្ថែមថា ការផ្លាស់ប្តូរ​ពីរបប​មួយ​ទៅ​របប​មួយ​គឺ​មិនមាន​ភាពងាយស្រួល​នោះទេ ការផ្លាស់ប្តូរ​នឹងធ្វើ​ឲ្យ​ប្រជាជន​យើង​រងទុក្ខវេទនា និង​និរាស​ព្រាត់ប្រាស​ ហើយ​សង្គមជាតិ​នឹង​ត្រូវ​រលាយ​ខ្ទេចខ្ទាំ​គ្មាន​សេសសល់​អ្វី​ឡើយ​។ ​ដូច្នេះ​លោកតា​លោកយាយ​និង​បងប្អូន​ប្រជាពលរដ្ឋ​សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា ហើយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដើម្បី​គាំទ្រ​សម្តេច ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្តទៀត។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​បោះឆ្នោត​ឲ្យ​ខ្លួនឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​បាន​បោះឆ្នោត​ជូន​អ្នក​ដែល​ជួយសង្គ្រោះ​ជីវិត​យើង ការពារ​យើង និង​ជួយ​យើង​គ្រប់ពេលវេលា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684