ព័ត៍មានទាន់​ហេតុការណ៏
Search

ខាន់ ជេ​ម​ស៍ ប្រកាស​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ ខណៈ​Account Facebook​ត្រូវ​ជនអនាមិក​លួច​ទៅ​គ្របគ្រង

ភ្នំពេញ​ ៖ ​នេះ​ពុំ​មែន​ជា​ករណី​ថ្មី​ ដែល​ទើប​កើតមានឡើង​ចំពោះ​អ្នក​សិល្បៈ​ខ្មែរ​ឬ​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​​​Hack Account Facebook ទៅ​គ្រប់គ្រង​ពី​សំណាក់​ជនអនាមិក​ដើម្បី​បោកប្រាស់​ ឬ​ប្រព្រឹត្ត​ទង្វើ​​ផ្សេងៗ ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម។

​ជាក់ស្តែង​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​លោក ខាន់ ជេ​ម​ស៍ ស្របពេល​ជាមួយគ្នានេះ​បាន​ចេញមុខ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ឲ្យ​មហាជន​មានការ​ប្រុងប្រយ័ត្ន​ ខណៈដែល Account Facebook​ផ្លូវការ​របស់​លោក​ត្រូវ​បាន​ជនអនាមិក​លួច​យក​ទៅ​គ្រប់គ្រង ​និង​ផ្ញើ​សារ​ខ្ចី​លុយ​អ្នក​សិល្បៈ​ដូចគ្នា។

តារាចម្រៀង​លោក ខាន់ ជេ​ម​ស៍ បាន​បញ្ជាក់ថា Account Facebook របស់លោក​ថ្មីៗ​នេះ ​ត្រូវបាន​ជនអនាមិក​Hack​យកទៅ​គ្រប់គ្រង​ និង​ថែមទាំង​បាន​ផ្ញើ​សារ​ខ្ចី​លុយ​អ្នកសិល្បៈ​ដូចគ្នា​យ៉ាងច្រើន​ផងដែរ​។​ ដូច្នេះហើយ​ក្នុងនាម​សាមីខ្លួន​លោក ខាន់ ជេ​ម​ស៍ ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​មហាជន​មានការ​ប្រុង​ប្រយ័ត្ន​ក្រែង​មាន​ករណី​ណាមួយ​ ដែល​ល្មើស​ទៅ​នឹង​ច្បាប់​។​

លោក ខាន់ ជេ​ម​ស៍ បាន​និយាយថា ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ជនខិលខូច​​ ​បាន​ចូល​Hack Account Facebook​របស់ខ្ញុំ​ទៅ​គ្រប់គ្រង​ និង​ថែមទាំង​ផ្ញើ​សារ​ដើរ​ខ្ចី​លុយ​គេ​ស្ទើរ​គ្រប់គ្នា​ទៀត​ផង។ បើសិន​មានការ​ឆាត​ឬ​ផ្ញើ​សារ​ទៅ​ខ្ចី​លុយ​បន្ត​ទៀត ​សូម​បងប្អូន​កុំ​ផ្ញើ​លុយ ​ឬ​ឆ្លើយតប​ឲ្យ​សោះ ​ព្រោះ​ជន​នោះ​កំពុង​ធ្វើ​សកម្មភាព​ដោយ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដើរ​ខ្ចី​លុយ​គេ​គ្រប់គ្នា។

តារាចម្រៀង​លោក ខាន់ ជេ​ម​ស៍ បានបញ្ជាក់​បន្ថែមថា ​ចំពោះ​Account Facebook​របស់ខ្ញុំ​ដែល​ត្រូវបាន​គេ​លួច​ទៅគ្រប់​គ្រង​នោះ ​មានឈ្មោះ​ជា​អក្សរ​ខ្មែរ ខាន់ ជេ​ម​ស៍ និង​មាន​រូបភាព​ពាក់អាវ​ពណ៌​មាស​ និង​ពាក់​វែ​នតា​។ ​ខ្ញុំ​ក៏​មិន​ទទួលខុសត្រូវ​លើ​ករណី​ណាមួយ​ដែល​ត្រូវបាន​បុគ្គល​អនាមិក​រូបនេះ​កំពុង​ប្រព្រឹត្ត​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114