ព័ត៍មានទាន់​ហេតុការណ៏
Search

​នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​អ្នក​នៅរស់​ពី​គ្រោះមហន្តរាយ​ទឹកភ្លៀង​ ហើយ​សន្យា​ផ្តល់ជំនួយ​បន្ថែមទៀត

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe កាលពី​ថ្ងៃ​សុក្រ​ បាន​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​ភ្លៀង​ធ្លាក់​ដ៏​សាហាវ​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​២០៤​នាក់​ នៅក្នុង​គ្រោះទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​សន្យា​ផ្តល់ជំនួយ​បន្ថែមទៀត​។​

ចំនួន​អ្នកស្លាប់​ដោយសារ​ការធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​មិន​ធ្លាប់​មានបាន​បន្ត​កើនឡើង​ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជីក​តាម​កម្ទេចកម្ទី​និង​ស្វែងរក​សព​មនុស្ស​រាប់សិប​នាក់​ដែល​កំពុង​បាត់​ខ្លួន​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ឥឡូវនេះ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​២០៤​នាក់​ហើយ​ខណៈដែល​មនុស្ស​២៨​នាក់​នៅតែ​កំពុង​បាត់​ខ្លួន​។​

លោក​បាន​និយាយថា បុគ្គលិក​ជួយសង្គ្រោះ​ប្រមាណ​៧៣,០០០​នាក់​រួមទាំង​ប៉ូលិស​និង​កងទ័ព​ផងដែរ​កំពុង​ប្រឹងប្រែង​ធ្វើការ​តាម​ដែល​ពួកគេ​អាច​ធ្វើបាន​ជាមួយនឹង​អាទិភាព​សង្គ្រោះ​ជីវិត​។​

លោក Abe ដែល​កាលពីដើម​សប្តាហ៍​នេះ​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​គឺ​បានធ្វើ​ដំណើរ​ជា​លើក​ទី​ពីរ​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​។​

វីដេអូ​ក្នុង​ទូរទស្សន៍​បានបង្ហាញ​ពី​គាត់​ធ្វើដំណើរ​ទៅកាន់​ក្រុង Seiyo នៅក្នុង​ខេត្ត Ehime ដែលជា​កន្លែង​គាត់​បាន​ទៅ​មើល​ផ្ទះ​ដែល​រង​ការខូចខាត​នៅក្នុង​គ្រោះមហន្តរាយ​នេះហើយ​បាន​និយាយ​ជាមួយ​ពលរដ្ឋ​ដែល​កំពុងតែ​ព្យាយាម​បោសសម្អាត​។​

ខណៈពេល​ជួប​ជាមួយ​ក្រុមការងារ​ទទួល​បន្ទុក​គ្រោះមហន្តរាយ​របស់​រដ្ឋា​ភិ​បាល​នៅ​ព្រឹក​ថ្ងៃ​សុក្រ លោក Abe បាន​ប្តេជ្ញា​ផ្តល់ជំនួយ​បន្ថែមទៀត​។​

រដ្ឋាភិបាល​បាន​និយាយ​រួចទៅហើយ​ថា ខ្លួន​នឹង​ទាញយក​ប្រាក់​បម្រុង​ចំនួន​១៨​លាន​ដុល្លារ​ពី​កញ្ចប់​ថវិកា​ឆ្នាំ​នេះហើយ​លោក Abe បាន​និយាយថា​ជំនួយឥតសំណង​ចំនួន​៣១២​លាន​ដុល្លារ​នឹងត្រូវ​បានផ្តល់​ឲ្យ​មុនពេល​កំណត់​ដល់​រដ្ឋបាល​មូលដ្ឋាន​នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​។​

ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​គ្រោះមហន្តរាយ​នេះ​នៅតែ​កំពុង​ត្រូវបាន​គណនា​ប៉ុន្តែ​ក្រសួងកសិកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​វាយតម្លៃ​ការខាតបង់​យ៉ាងហោចណាស់ ២០៧​លាន​ដុល្លារ​។​

តួលេខ​នេះ​ទំនងជា​នឹង​កើនឡើង​បន្ថែមទៀត​នៅពេល​ប្រតិបត្តិការ​បោសសម្អាត​បាន​បន្ត​ហើយ​វិសាលភាព​នៃ​ការខូចខាត​កាន់តែ​ច្បាស់លាស់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114