ព័ត៍មានទាន់​ហេតុការណ៏
Search

ផលិតផល​ទូរស័ព្ទដៃ ASUS Zenfone 5 និង Zenfone Max Pro (M1) ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ ផលិតផល​ទូរស័ព្ទដៃ ASUS Zenfone 5 និង Zenfone Max Pro (M1) ជា​ប្រភេទ​ទូរស័ព្ទ FULL HD+ និង​មាន​ភាព​ឆ្លាត​វៃ ជាទី​ចាប់អារម្មណ៍​របស់លោក​អ្នក បានចាប់ផ្តើម​ចរាចរ​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ​។

​នៅក្នុង​ពិធី​សម្ពោធ​ផលិតផល ASUS ទូរស័ព្ទដៃ Zenfone5 និង Zenfone Max Pro (M1) កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ លោក ហុង លីម នាយក​ក្រុមហ៊ុន VIT ថ្លែងថា បើទោះបី​ផលិតផល ASUS របស់​យើងខ្ញុំ​បានធ្វើ​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​ បាន​មួយរយៈ​ពេល​ដ៏​ខ្លី​ក៏ដោយ ក្រុមហ៊ុន​សង្កេតឃើញថា ផលិតផល​ទូរស័ព្ទដៃ ASUS កំពុងមាន​ការទទួល​ស្គាល់ និង​ផ្តល់​ទំនុកចិត្ត​ទាំង​លើ​គុណភាព តម្លៃ និង​សេវាកម្ម​។

​ក្នុងឱកាស​ដ៏​មានតម្លៃ​នេះ លោក​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បាន​ជាវ និង​គាំទ្រ​ផលិតផល​ទូរស័ព្ទដៃ ASUS នាពេល​កន្លងមក​។ ជាពិសេស​ទៅទៀត​នោះ​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ហាង​ទូរស័ព្ទដៃ ក៏ដូចជា​ម្ចាស់​ហាង​កុំព្យូទ័រ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​នាពេល​កន្លងមក និង​បន្ត​គាំទ្រ​ទូរស័ព្ទដៃ ASUS ដ៏​មាន​ប្រជាប្រិយភាព​នេះ​ទៀត​។​

លោក Peter Chan នាយករង​ក្រុមហ៊ុន ASUS នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍​បញ្ជាក់ថា ទូរស័ព្ទដៃ Zenfone5 ចាប់ផ្តើម​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ ចំណែក​ទូរស័ព្ទដៃ Zenfone5(Z) នឹងធ្វើ​ការនាំ​ចូលក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

ទូរស័ព្ទដៃ ASUS Zenfone5 និង​ទូរស័ព្ទដៃ​ASUS Zenfone Max Pro(M1) ជា​ប្រភេទ​ទូរស័ព្ទដៃ ដែលមាន​ដំណើរការ​ខ្ពស់​។ ជា​ទូរស័ព្ទដៃ​ដែល​ផ្តល់​ថាមពល​ក្នុង​ជីវិត មាន​ផាសុខភាព ផ្តោត​សំខាន់​លើ​កា​ម៉េ​រ៉ា ដែល​ទទួលបាន​ពិន្ទុ រហូតដល់​៩៣ ជា​ទូរស័ព្ទដៃ ដែលមាន​តម្លៃ​សមរម្យ ហើយ​មាន​សមត្ថភាព ក្នុង​ការថត​ឆ្លាត​វៃ​ប្រកបដោយ​សុ​ប្ប​និមិត្ត​។

ចំណែក​ទូរស័ព្ទដៃ Zenfone Max Pro(M1) វិញ​គឺជា​ប្រភេទ​ទូរស័ព្ទដៃ​មួយ ដែលមាន​តម្លៃ​សមរម្យ ហើយ​មាន​ដំណើរការ​ខ្លាំង​មាន CPU “636” មាន​កម្លាំង​ថ្ម​រហូត​ទៅដល់ ៥០០០mAh ដែល​អាច​ប្រើប្រាស់​បាន ក្នុង​រយៈពេល​ពីរ​ថ្ងៃ សម្រាប់​អ្នក​ដែល​ធ្វើការ​ធម្មតា នៅក្នុង​ជីវិត​រស់នៅ ជា​ទូរស័ព្ទដៃ​ដែលមាន​ទាំង​ថ្ម ទាំង​កា​ម៉េ​រ៉ា​ខ្លាំង ដែលមាន​លក្ខណៈពិសេស​។

សម្រាប់​ទូរស័ព្ទដៃ Zenfone5 ដែលមាន CPU “636” មាន AI ជាច្រើន មានតម្លៃ​លក់​ក្នុង​ទីផ្សារ ៣៤៩​ដុល្លារ​។ សម្រាប់​ទូរស័ព្ទដៃ Zenfone Max Pro(M1) គឺមាន​ពីរ​ម៉ូ​ដែល គឺ​ម៉ូ​ដែល​​ 3G និង​មាន Memory រហូតដល់ ៣២​ជី​(32G) មានតម្លៃ ១៧៩​ដុល្លារ និង Zenfone Max Pro(M1) ម៉ូ​ដែល​ 4G  និងមាន Memory រហូតដល់ ៦៤​ជី (64G) គឺមាន​តម្លៃ ២២៩​ដុល្លារ ជា​ប្រភេទ​ទូរស័ព្ទដៃ​កម្រិត FULL HD+​។

​លោក Peter Chan បាន​បន្តថា សម្រាប់​ទូរស័ព្ទដៃ Zenfone Max Pro(M1) ៣២​ជី​(32G) តម្លៃ ១៧៩​ដុល្លារ ជា​ប្រភេទ​ទូរស័ព្ទដៃ​មានការ​គាំទ្រ​ខ្លាំង​នៅក្រៅ​ប្រទេស ហើយ​លោក​សង្ឃឹមថា នឹង​ទទួលបាន​ជោគជ័យ នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ​។ នេះ​ជា​ជំហាន​ទី​១ ដែល​ក្រុមហ៊ុន​ASUS នាំចូល​ផលិតផល​ទូរស័ព្ទដៃ Zenfone លើ​ទីផ្សារ​កម្ពុជា ចំណែក​កុំព្យូទ័រ​ម៉ាក ASUS វិញ ក្រុមហ៊ុន​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង ទទួល​ចំណាត់ថ្នាក់​លេខ​១​រួចហើយ លើ​ទីផ្សារ​កម្ពុជា​។ ឥឡូវនេះ​សម្រាប់​ទូរស័ព្ទដៃ ASUS ក្រុមហ៊ុន​ទើបតែ​នាំចូល និង​ទទួលបាន​ប្រមាណ ៥% នៃ​ចំណែក​ទីផ្សារ នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​៕ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684