ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង បើក​វគ្គ​បណ្ដុះបណ្ដាល ផ្នែកជួសជុល និងថែទាំ​ផលិតផល​អេ​ឡិ​ក​ត្រូ​និក ជំនា​ន់ទី​៥ ដល់​យុវជន​ ៨០នាក់

ភ្នំពេញ​៖ វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥ ត្រូវបាន​បើក​ជា​ផ្លូវការ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​ ​៨០ នាក់ នៅព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨។

​វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​សាម​សុង ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​កម្ពុជា ក្នុង​ការបញ្ចេញ​សក្តានុពល ផ្នែក​បច្ចេកវិទ្យា និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វិស្វករ អេ​ឡិ​ក​ត្រូ​និក​នៅ​ប្រទេស​កម្ពុជា ដូចជា​ការជួសជុល និង​ការថែទាំ​ផលិតផល​អេ​ឡិ​ក​ត្រូ​និក ដែល​រួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​ជាដើម​។

​ដោយ​ប្រកាន់​ភ្ជាប់​ជាមួយ​គោលការណ៍ រួមចំណែក​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម ក្នុង​ប្រតិបត្តិ​ការផ្តល់សេវា និង​ផ្គត់ផ្គង់​ផលិតផល ក្រុមហ៊ុន​សាម​សុង តែងតែ​បង្កើត​ឱកាស​សម្រាប់​ប្រជាជន និង​សហគមន៍ សំរាប់​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។ ក្នុងនោះ ការរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស គឺជា​អាទិភាព​មួយ​របស់​ក្រុមហ៊ុន ដោយ​ធ្វើយ៉ាងណា​ជួយ​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​អាច​បញ្ចេញ​សក្តានុពល និង​ទេ​ព្យ​កោសល្យ​របស់ខ្លួន ក្នុងការ​បម្រើ​ជីវភាព​ខ្លួនឯង​ផង និង​សង្គមជាតិ​ទាំងមូល​ផង​។

​ថ្លែង​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​នោះ លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា “​សម្រាប់​សាម​សុង នេះ​គឺជា​កិច្ចការ​ដែលមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ដល់​សង្គម ព្រោះ​គោលបំណង​របស់​យើង មិនមែន​ផ្ដោត​តែ​លើ​ការលក់​ផលិតផល​នោះ​មួយ​មុខ​នោះឡើយ ពោលគឺ​យើង​ក៏​ចួ​ល​រួម​ផ្ដល់ ផលប្រយោជន៍​ដល់​សង្គម តាមរយ​:​ការពង្រីក​ចំណេះដឹង ទៅលើ​ផ្នែក​គ្រឿង​អេឡិចត្រូនិក​។​”

​លោក​បាន​បន្តទៀតថា “​យើង​រំពឹងទុក​ថា វគ្គ​បណ្ដុះបណ្ដាល​ជំនា​ន់ទី​៥​នេះ នឹង​បន្ត​ភាពជោគជ័យ​របស់​យើង ក្នុងការ​ផ្ទេរ​ចំណេះ​និង​ជំនាញ​ចាំបាច់ ដល់​សិក្ខាកាម​ទាំង​៨០​នាក់ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​នេះ ហើយ​សង្ឃឹម​ជឿជាក់ថា ជំនាញ​ទាំងនេះ នឹង​ជួយ​ឲ្យ​ប្អូនៗ ចូលរួមបាន​កាន់តែច្រើន​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ និង​អនាគត​របស់ខ្លួន​។​”

​ឯកឧត្តម បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិ​ទ្យ​ស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍ ថា វគ្គ​បណ្តុះបណ្តាល Samsung Tech Institute នេះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ នៃ​ការចូលរួម​របស់​វិស័យ​ឯកជន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ក៏ដូចជា​ការចូលរួម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​ផងដែរ ។

​គួររំលឹកថា Samsung Tech Institute ត្រូវបាន​បង្កើតឡើង​ចំនួន ៤ ជំនាន់​រួចមកហើយ តាំងពី​ឆ្នាំ ២០១៤ ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម​សរុប​ជិត 300 នាក់ ហើយ​ដែល សិក្ខាកាម​ទាំងនេះ បាន​នឹង​កំពុង​បន្ត​ចែកចាយ​ចំណេះដឹង របស់គាត់​ដល់​ប្រជាជន​កម្ពុជា រាប់ពាន់នាក់​តាម​ការ​បង្ហាត់បង្ហាញ​ក្រៅ​សាលា ។ ដោយឡែក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៥​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់ ដើម្បី​សិក្សា​លើ​ជំនាញ​ជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ ក្នុង​រយៈពេល​៣​ខែ ។ គួរ​កត់សម្គាល់ថា Samsung Tech Institute នេះ​គឺជា​វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ពិសេស​និង​ទំនើប​ជាងគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ព្រមទាំង​ទទួល​នូវ​ការប្រឹក្សា​យោបល់ ពី​អ្នកជំនាញ​របស់​សាម​សុង​ផងដែរ ។​

​ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល សិក្ខាកាម​ទាំងអស់ នឹងត្រូវ​ឆ្លងកាត់​ការប្រលង​បញ្ចប់​ការសិក្សា ដើម្បី​ទទួល​វិញ្ញាបនបត្រ ហើយ​សិស្ស​ឆ្នើម​ចំនួន​៨​នាក់ នឹង​ទទួលបាន​ឱកាស​ការងារ និង​ការបណ្ដុះបណ្ដាល​ការងារ ពី​បណ្ដាញ​ដៃគូ​ក្រុមហ៊ុន​ធំៗ ជាច្រើន​របស់​សាម​សុង​នៅ​កម្ពុជា​ផងដែរ​៕