ព័ត៍មានទាន់​ហេតុការណ៏
Search

​សំឡេង​ឈ្នះឆ្នោត​ ​អះអាង​ដោយ ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ជាការ​ស្មាន​ហួស​ពី​ការពិត​

ពាក្យ​ទំនៀម​ខ្មែរ​មួយ​និយាយថា​៖ «​ពេល​សង្គ្រាម​ គេ​ត្រូវការ​អ្នកក្លាហាន ពេល​ស្រុក​សាន្តត្រាណ​ គេ​ត្រូវការ​អ្នកចេះដឹង​។​»​

ដូច្នេះហើយ នៅក្នុង​សម័យ​សង្គ្រាម​តស៊ូ​ផ្តួលរំលំ​ របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ក្នុង​ចុង​ទសវត្សរ៍​៧០ កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ​បាន​ប្រមូលផ្តុំ​អ្នក​ដែល​ភាសខ្លួន ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​បម្រើ​ក្នុង​ជួរ​កងទ័ព ដោយ​មិន​គិតពី​កម្រិត​នៃ​ការសិក្សា​រៀនសូត្រ​នោះឡើយ​។ អ្វីដែល​ចាំបាច់​បំផុត គឺ​ការហ្វឹកហ្វឺន​អំពី​យុទ្ធវិធី​កងទ័ព និង​ការ​វាយ​ដណ្តើមយក​ជ័យជម្នះ​នៅលើ​សមរភូមិ​។​

​ទោះបីជា​យ៉ាងណា បន្ទាប់ពី​របប​ខ្មែរក្រហម ​ត្រូវបាន​ផ្តួលរំលំ​នៅ​ឆ្នាំ​១៩៧៩ ជាពិសេស​ក្រោយ​ពេលដែល​ប្រទេស​កម្ពុ​ជា មាន​សន្តិភាព​ពេញបរិបូរណ៍ នៅ​ចុង​ទសវត្សរ៍​៩០ រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន បាន​ប្តូរ​គោលនយោបាយ​ថ្មី ដោយ​ព្យាយាម​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជ្រើសរើស​អ្នក​ដែលមាន​សមត្ថភាព ដើម្បី​កាន់កាប់​តួនាទី​ផ្សេងៗ​ នៅក្នុង​ជួរ​រដ្ឋាភិបាល ជាពិសេស​តំណែង​ជា​តំណាងរាស្ត្រ និង​សមាជិក​រដ្ឋសភា​នេះឯង​។​

ប៉ុន្តែ អ្វីដែល​ចម្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​នោះ នៅក្នុង​គោលនយោបាយ​របស់​គណ​បក្ស​មួយ ​ដែល​ចូលរួម​ប្រឡូក​នៅក្នុង​ដំណើរការ​បោះឆ្នោត​ ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​អាណត្តិ​ទី​៦​នេះ គេ​បែរជា​ជ្រើសរើស​បេក្ខជន​តំណាងរាស្ត្រ​ពី​ប្រភព​កសិករ​ទៅវិញ​។​​

ជាការ​ពិតណាស់ គណបក្សនយោបាយ​ថ្មី​មួយ​នេះ គឺ​គ្មាន​គណបក្ស​ណាមួយ​ក្រៅ​អំពី​ «​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​»​ របស់លោក យ៉ង់ សាំង​កុមារ ដែលជា​អតីត​ប្រធាន​អង្គការ​សេ​ដាក់​ ដែលមាន​ជំនាញ​ខាង​កសិកម្ម​នោះឡើយ​។​

(រូបភាព៖ លោក យ៉ង់ សាំង​កុមារ (កណ្ដាល) ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន)

​លើសពីនេះទៅទៀត​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​គោលដៅ​ យក​ឱ្យបាន​យ៉ាងតិច​ ៤២​អាសនៈ​នៅក្នុង​រដ្ឋសភា ហើយ​អះអាងថា​គណបក្ស​នេះ​អាច​ឈ្នះ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ ប្រសិនបើ​គ្មាន​យុទ្ធនា​ការ មិន​ទៅ​បោះឆ្នោត​របស់​អតីត​បក្សប្រឆាំង​នោះ​។​

«​តាម​ស្ថិតិ​នៃ​អ្នកបោះឆ្នោត ៨,៣ លាន​នាក់​ ​បក្ស​ប្រជាជន មាន​អ្នកគាំទ្រ​តែ ៣,៥ លាន​នាក់ GDP នៅមាន​លទ្ធភាព​ឈ្នះ បើ​ពលរដ្ឋ​ចង់​ដូរ ៤ ទៅ ៥ លាន​នាក់​ទៅ​បោះឆ្នោត​។ បញ្ហា​ប្រឈម​គឺ​យុទ្ធនាការ​ដេក​ផ្ទះ​របស់ លោក សម រង្ស៊ី ដែល​បង្ក​ការរំខាន​។ យ៉ាងណាក៏ដោយ យើង​នៅ​ចង់​បំបែក​សំឡេង ២/៣ របស់​បក្ស​ប្រជាជន គឺ​យើង​ចង់បាន​កៅអី​រដ្ឋសភា ​យ៉ាងតិច​៤២ កៅអី​។​» លោក សាម អ៊ី​ន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស ​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​មិនតែប៉ុណ្ណោះ លោក សាម អ៊ី​ន បាន​និយាយថា​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ អាច​ឈ្នះ​លើសពី​ ៤២​កៅអី​ទៀត ប្រសិនបើ​គ្មាន​យុទ្ធនា​ការ ឱ្យ​ពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ របស់​អតីត​ន្ត្រី​គណបក្សប្រឆាំង​នោះ​។​

​លោក សាម អ៊ី​ន បាន​និយាយ​បន្ថែមថា​៖ «​ប្រសិនបើ​ពុំមាន​ការអំពាវនាវ ​ឱ្យ​ដេក​ផ្ទះ ឬ​មានការ​ប្រែប្រួល GDP នៅមាន​លទ្ធភាព​ឈ្នះ ដោយមាន​សំឡេង​លើសពី​៥០ ភាគរយ​បូក​១​។​»

(រូបភាព៖ លោក សាម អ៊ី​ន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស ​ប្រជាធិបតេយ្យ​មូលដ្ឋាន)

​ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា​ ការអះអាង​របស់​គណបក្ស ​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រាន់តែ​ជាការ​និយាយ​ ឱ្យ​គ្រាន់តែ​ល្អមើល​តែប៉ុណ្ណោះ ពីព្រោះ​គោលនយោបាយ​របស់​គណ​បក្ស​នេះ​ មិនមាន​អ្វី​ទាក់ទាញ ដូចជា​គោលនយោបាយ​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះឡើយ​។​

​ទន្ទឹមនឹងនេះ គោលនយោបាយ​ជ្រើសរើស ​បេក្ខជន​តំណាងរាស្ត្រ​ ចេញពី​ប្រភព​កសិករ​នោះ គ្រាន់តែ​ជា​គោលនយោបាយ​ ប្រជា​ភិ​ថុ​ត​តែប៉ុណ្ណោះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ គ្មាន​គោលបំណង​បន្ទាបបន្ថោក ​ប្រជាកសិករ​ខ្មែរ​បស់​យើង​នោះឡើយ ដូច​កវី ក្រម​ង៉ុ​យ​ធ្លាប់​ទូន្មាន​ថា​៖​ «​កុំ​ដៀល​អ្នកស្រែ ត្រកូល​ឯង​ខ្មែរ កុំ​ប្រែ​ក្រឡាស់ ក្រឡេកឃើញ​គុណ ទន់​ខ្លួន​សំពះ កុំ​ធ្វើ​អ្នក​ណាស់ កុំ​ត្មះ​អ្នកក្រ​» ដូច្នេះ​ដែរ​។​​

ប៉ុន្តែ នៅក្នុង​សតវត្សរ៍​ទី​២១​នេះ ប្រទេស​នីមួយៗ ​ត្រូវការ​ធនធានមនុស្ស​ ដែលមាន​ការចេះដឹង​ខ្ពស់ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន ជាពិសេស​នៅក្នុង​សម័យ​ព័ត៌មានវិទ្យា និង​សកលភាវូបនីយកម្ម​នោះ ដែល​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​ ត្រូវ​ប្រកួតប្រជែង​ ជាមួយ​ប្រទេស​ដទៃទៀត នៅលើ​ឆាក​អន្តរជាតិ​។​​

ទោះបីជា​យ៉ាងណា យើង​មិន​បោះបង់​កសិករ​ចោល​នោះទេ ដោយ​យើង​អាច​ផ្តល់​តួនាទី​ សមរម្យ​នៅក្នុង​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ ដូចជា​ប្រធានភូមិ ឬ​មេឃុំ​ជាដើម ទៅតាម​កម្រិតយល់ដឹង និង​បទពិសោធន៍​របស់​ពួកគេ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អនុវត្ត​កន្លងមក​។​

(រូបភាព៖ លោក សាម អ៊ី​ន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស ​ប្រជាធិបតេយ្យ​មូលដ្ឋាន)

​ជាថ្មី​ម្តងទៀត កាសែត​កម្ពុ​ជាថ្មី ​នៅតែមាន​ជំនឿ​មុតមាំ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​នឹង​ទទួលបាន​សំឡេង​​ ដ៏​ច្រើន​លើសលប់ នៅក្នុង​អំឡុងពេល​បោះឆ្នោត​សកល នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ ជាមិនខាន ដូចជា​ការរំពឹងទុក​របស់លោក សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​នោះ​។​​

គួរ​បញ្ជាក់ថា លោក សុខ ឥសាន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​ ជឿជាក់ថា​នឹង​ឈ្នះ​ការបោះឆ្នោតជាតិ​ ខាងមុខនេះ​១០០​ភាគរយ ប៉ុន្តែ​លោក​មិន​ធ្វើ​ការរំពឹង​ខ្ពស់​ រហូតដល់​សំឡេង ២ ភាគ​៣ នៃ​ចំនួន​អ​សនៈ​សរុប​ចំនួន​ ១២៥ នៅក្នុង​រដ្ឋសភា​នោះឡើយ​។​​

អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​អះអាងថា​ គណបក្សកាន់អំណាច​ នឹង​ឈ្នះ​យ៉ាងហោចណាស់​ លើសពី​សំឡេង​៥០​ភាគរយ​បូក​១ ដែលជា​សំឡេង​ ដែល​អាចឱ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។​

«​យើង​នឹង​ឈ្នះ ​ពីព្រោះ​យើង​បាន​បង្កើត​ស្នាដៃ និង​គុណសម្បត្តិ​ផ្សេងៗ ​ជាក់ស្ដែង​ប្រជាពលរដ្ឋ ​មើលឃើញ​ច្បាស់​នឹង​ភ្នែក លោក​ស្ទាប​នឹង​ដៃ ហើយ​លោក​កំពុង​ទទួលបាន ​ផល​នៅក្នុង​ជីវភាព​រស់នៅ​ ក៏ដូចជា​ក្នុង​ផលប្រយោជន៍​ សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​» លោក សុខ ឥសាន បាន​ពន្យល់​ ដោយ​ទំនុកចិត្ត​ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​។​

​ទន្ទឹមនឹងនេះ លោក សុខ ឥសាន បានផ្តល់​ទឡ្ហីករណ៍​ គាំទ្រ​ការរំពឹងទុក​របស់​គ​ណ​បក្ស​កាន់អំណាច​ ដែលថា​ពលរដ្ឋ​នឹង​បន្ត​បោះឆ្នោតឱ្យ ​ដោយសារ​ការរំដោះ​ប្រទេស ​ចេញពី​របប​ខ្មែរក្រហម​ក្នុង​ឆ្នាំ ១៩៧៩ កសាង​សមិទ្ធផល​នានា​ក្រោយ​សង្គ្រាម ការពារ​បាន​រដ្ឋធម្មនុញ្ញ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម ជាដើម​។​

«​បញ្ហាសំខាន់​គឺ​ យើង​រកបាន​សន្តិភាព​ពេញលេញ មានការ​ឯកភាព​ជាតិ ដែល​មិន​ធ្លាប់មាន​ រាប់រយឆ្នាំ​ពីមុន​មកហើយ​។ យើង​មានឱកាស​ស្ដារ កសាង​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ របស់​ប្រជាជន លើកកម្ពស់​ប្រជាជន​ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជា​បន្តបន្ទាប់ និង​មាន​ក្ដីសង្ឃឹម​ទៅ​អនាគត​។​» លោក សុខ ឥសាន បានបញ្ជាក់​ប្រកប​ដោយ​ភាព​មុះ​មុត​។​

​នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី ​សូម​អំពាវនាវ​ដល់​គណ​បក្សនយោបាយ​ទាំងអស់​ ឱ្យ​ចៀសវាង​ធ្វើការ​ទស្សន៍ទាយ​ អំពី​ជ័យជម្នះ​របស់ខ្លួន​ហួសហេតុ​ពេក ពីព្រោះ​ពួកគេ​អាចមាន​ការខកចិត្ត ​នៅពេល​ចាញ់ឆ្នោត ហើយ​អាច​ចោទប្រកាន់​គណបក្សកាន់អំណាច​ថា ​បាន​បន្លំ​សន្លឹកឆ្នោត ដូចជា​អតីត​គណបក្សប្រឆាំង​បានលើកឡើង ក្រោយពី​មានការ​បោះឆ្នោត​នៅ​អាណត្តិ​មុនៗ​នោះ​។​

​ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី ​សូម​ជូនពរ​ឱ្យ​គណបក្ស​ទាំងអស់​ ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ប្រកបដោយ​សុវត្ថិភាព និង​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ​យ៉ាង​ពេញលេញ​ប្រកបដោយ​សេរីភាព និង​ភាពយុត្តិធម៌ ដើម្បី​បន្ត​កសាង​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕ (បទ​វិចារណកថា​​ ដោយ កា​សែ​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684