ព័ត៍មានទាន់​ហេតុការណ៏
Search

នាវា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ​កំពុង​បោះពួយ​ទៅមុខ ​«​បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើងរាទឹក​»

ក្នុងខណៈ​ពេលដែល​ ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ កំពុង​ជិត​ខិតជិត​មកដល់ ប្រជាពលរដ្ឋ​កម្ពុជា​ បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​បញ្ចេញ​មតិយោបល់​គ្រប់បែបយ៉ាង តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះឯង​។​

ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុង​ការជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចូលរួម​បញ្ចេញមតិ​យោបល់​ផ្សេងៗ​ ​ទាក់ទង​នឹង​ក្តីកង្វល់ និង​សំណូមពរ​នានា ជាពិសេស​តាមរយៈ​ការ​ទៅ​ចូលរួម​ បោះឆ្នោត​ឱ្យបាន​ច្រើន​កុះក​នេះឯង​។​

​ទោះបីជា​យ៉ាងណាក្តី មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ​ដែល​ហាក់ដូចជា​មិនបាន​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ផ្តល់​ផលប្រយោជន៍​ ដល់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​នោះឡើយ​។ ​

ទន្ទឹមនឹងនេះ មាន​បុគ្គល​មួយចំនួន​ថែមទាំង​ជឿ​ តាម​ការ​ញុះញង់​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​ ដែល​កំពុង​ធ្វើ​យុទ្ធនាការ ​«​ម្រាមដៃ​ស្អាត​»​ ស្អី​គេ​នោះ ដោយ​បន្ត​បង្ហោះ​សារ​បញ្ចុះបញ្ចូល ​ប្រជាពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​ជាការ​ពិតណាស់ ទង្វើ​អសកម្ម​បែបនេះ​ មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ដំណើរការ ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​អាច​នាំ​ទោស​ដល់​ខ្លួនគេ​ទៀតផង​។​

​គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា​៖ «​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​ ​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​ ២០,០០០,០០០ (​ម្ភៃ​លាន​)​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ សមត្ថកិច្ច​កំពុង​តាមដាន​មើល ​អ្នក​បង្ហោះ​រូប​មិន​ទៅ​បោះឆ្នោត នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​អនុវត្ត​វិធានការ​ច្បាប់ ប្រសិនបើ​រកឃើញថា​ មានការ​រារាំង​ដល់​ដំណើរការ​បោះឆ្នោត​នោះ​។​

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យមើល​ សកម្មភាព​ពលរដ្ឋ​ទាំងនោះ ដើម្បី​កំណត់ថា ​តើ​សកម្មភាព​របស់​ពួកគេ ពិតជា​រារាំង​ដល់​សិទ្ធិ​ពលរដ្ឋ​ដទៃ មិន​ឱ្យទៅ​បោះឆ្នោត​ដែរ ឬ​យ៉ាងណា​។ ហើយ​បើ​រកឃើញ​ពិតជា​រារាំង​មែន​នោះ ពួកគេ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​

​ ​«​យើង​មិនអាច​ដាក់ពិន័យ​ទៅលើ​ពួកគាត់ បាន​ភ្លាមៗ​នោះទេ គឺ​យើង​ត្រូវ​ពិនិត្យមើល​សិន​ថា ការ​បង្ហោះ​រូប​មិន​ទៅ​បោះឆ្នោត​នោះ វា​ពិតជា​រារាំង​ដល់​សិទ្ធិ​អ្នកដទៃ ដែល​មានចែង​ក្នុង​ច្បាប់​ដែរ​ទេ​? ហើយ​តើ​អ្នក​បង្ហោះ​រូបនោះ គាត់​បង្ហោះ​ក្នុង​គោលបំណង​អ្វី​? ព្រោះ​បើ​គាត់​មិនសូវ​ចេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក ហើយ​ចេះតែ​ចែករំលែក​តាម​គ្នា ក៏​យើង​មិនអាច​ដាក់ពិន័យ​បានដែរ គឺ​យើង​ត្រូវ​អប់រំ​គាត់ ។ ហើយ​បើ​គាត់​មិន​ស្ដាប់ ​គឺ​ដាក់ពិន័យ​។ ប៉ុន្តែ​បើ​យើង​ពិនិត្យឃើញថា គាត់​បង្ហោះ​ក្នុង​បំណង​រារាំង​អ្នកដទៃ មិន​ឱ្យទៅ​បោះឆ្នោត​នោះ យើង​នឹង​ចាត់វិធានការ​ តាមផ្លូវ​ច្បាប់​តែម្ដង​។​» លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​​ «​ថ្មីៗ​» ចេញផ្សាយ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​ទោះបីជា​យ៉ាងណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ធ្លាប់បាន​បញ្ជាក់ថា ទោះជា​ចំនួន​ពលរដ្ឋ ​ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ​ដែរ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​។​

​ទន្ទឹមនឹងនេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ប៉ូលីស​មិនអាច​ចាប់​ អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​បានទេ ប៉ុន្តែ​អ្នក​ទាំងនោះ ​ត្រូវ​ប្រឈម​នឹង​ការពិន័យ​ ជា​ប្រាក់​តាមច្បាប់​បោះឆ្នោត​កំណត់​។ សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​ដូច្នេះ ​ក្នុងខណៈ​ពេលដែល​សម្ដេច ​ចុះ​ជួប​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តព្រៃវែង កាលពីពេល​ថ្មីៗ​នេះ​។​

​ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​ទាំងអស់​ គួរតែ​ធ្វើខ្លួន​ឱ្យ​ក្លាយជា​ប្រជាពលរដ្ឋ​ល្អ ​នៅក្នុង​សង្គម ដូច​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ច​ន អិ​ហ្វ ខេន​ណិ​ឌី (John F. Kennedy) ដែល​បាន​អប់រំ​ប្រជាពលរដ្ឋ​អាមេរិក​ថា​៖ «​ត្រូវ​សួរថា តើ​អ្នក​បានធ្វើ​អ្វីខ្លះ ​ចំពោះ​ប្រទេស​របស់​អ្នក​? មិនត្រូវ​សួរថា តើ​ប្រទេស​របស់​អ្នក ​បានធ្វើ​អ្វីខ្លះ​ចំពោះ​អ្នក​នោះឡើយ​?»​

ម្យ៉ាងវិញទៀត ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ មិនអាច​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ប្រទេសជាតិ​ខ្លួន​នោះទេ ពួកគេ​មិនគួរ​រារាំង​ចំពោះ​ ដំណើរការ​អភិវឌ្ឍ​ប្រទេសរបស់ខ្លួន​នោះឡើយ ដូច​សុភាសិត​ខ្មែរ​ដែល​និយាយថា​៖ «​បើ​មិន​ជួយ​ចូក​ជួយ​ចែវ​ទេ កុំ​យកជើងរាទឹក​។​»​

ការ​ញុះញង់​ប្រជាពលរដ្ឋ​ មិនឱ្យ​ទៅ​បោះឆ្នោត​ នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​នា​សប្តាហ៍​នេះ មិន​ខុសពី​ការយក​ជើង​ទៅ​រាទឹក​នោះឡើយ​។ ប៉ុន្តែ នាវា​នៃ​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​កម្ពុជា​ កំពុង​បោះពួយ​ទៅមុខ​ គ្មានអ្វី​រារាំង​បានឡើយ ហើយ​អ្នក​ដែល​យកជើងរាទឹក​ អាច​ជួប​ប្រទះ​គ្រោះថ្នាក់ ជាក់​ជាមិនខាន​ឡើយ​៕ (បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684