ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ខេត្ត​ស្ទឹងត្រែង​ ដឹកនាំ​កម្លាំង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព

ស្ទឹងត្រែង ​៖​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា ទំនប់​វារីអគ្គិសនី​ Se-pian Se Nam Noi នៅក្នុង​ខេត្ត​អត្ត​ពឺ​(Attapeu)​ប្រទេស​ឡាវ ​បាន​បាក់​ជន់​លិច​​​ភូមិ​ចំនួន​៦ ធ្វើអោយ​ប្រជាពលរដ្ឋ​ឡាវ​បាត់​ខ្លួន​ជាច្រើន​រយ​នាក់ ​និង​៦​ពាន់​នាក់​គ្មាន​ទីជម្រក ហើយ​នៅ​ព្រឹក​ថ្ងៃ​២៥​ ខែ​កក្កដា​នេះ ​អភិបាលខេត្ត​ស្ទឹងត្រែង​​បាន​ដឹកនាំ​កម្លាំង​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេកុង​ក្នុងស្រុក​សៀម​ប៉ាង ​ដែល​នៅ​តាម​វាលទំនាប​ប្រឈម​នឹង​ការ​លិចលង់​ មកកាន់​ទីទួល​សុវត្ថិភាព។

យោង​តាម​ព័ត៌មាន​ទាន់​ហេតុការណ៍​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៤ ខែ​​កក្កដា​ ឆ្នាំ​២០១៨​នេះ ​ទំនប់​វារីអគ្គិសនី​ក្នុង​ខេត្ត​អត្តពឺ​ប្រទេស​ឡាវ​ ដែល​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​៥​លាន់​ម៉ែត្រគូប​ និង​អាច​ផលិត​ថាមពលអគ្គីសនី​បាន​៤១០​មេ​ហ្គា​វ៉ា​ត់ និង​មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ឡាវ​នោះ​ បាន​បាក់។

លោក​ប៉ាង​ប៉េង​ប្រធាន​មន្ទី​រធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់​ថា​ ៖​ បន្ទាប់​មានការ​បាក់​ទំនប់​អគ្គិសនី​នៅ​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ កាលពី​ល្ងាច​ថ្ងៃទី​២៤​កក្កដា​ នៅ​ស្រុក​សៀម​ប៉ាង​ មាន​កម្ពស់​ទឹក​១០​ម៉ែត្រ​៤៦ ​និង​នៅ​ព្រឹក​ថ្ងៃទី​២៥​កក្កដា​នេះ ​មាន​កម្ពស់​ទឹក​១១​ម៉ែត្រ​៣០ ភាពខុសគ្នា​កើនឡើង​០.៨៤​នៅសល់​០​,២០​ម៉ែត្រ​ទៀត​នឹង​ត្រូវ​ប្រកាសអាសន្ន​។​

លោក​ជឹម​អេ​ន​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​បាន​បញ្ជាក់ថា ​នៅ​ពេល​នេះ ​​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយសារ​មាន​ទឹក​លិច​ជា​បណ្តើរៗ​ហើយ​នោះ លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​ បាន​ដឹកនាំ​កម្លាំង​គ្រប់​ស្ថាប័ន​​ពាក់ព័ន្ធ​ចុះ​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុងស្រុក​មួយ​នេះ​ ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ដោយសារ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ ដែល​អាច​ជន់​លិច​មកដល់​ស្រុក​សៀម​ប៉ាង​នៅ​ថ្ងៃ​២៥​កក្កដា​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114