ព័ត៍មានទាន់​ហេតុការណ៏
Search

ការចោទប្រកាន់​របស់ “​អង្គការ​បោះឆ្នោត​អាស៊ាន” ដែលមាន​ប្រវត្តិ​មិនល្អ ​គឺ​គ្មាន​អ្វីដែល​ថ្មី​នោះឡើយ​

​យោងតាម​សេចក្តីរាយការណ៍​ របស់​ទីភ្នាក់ងារសារព័ត៌មាន យូ​ភី​អាយ (UPI) ចេញផ្សាយ​នៅ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១២ បានឱ្យដឹងថា ប្រធាន​ក្រុម​តាមដាន​ការបោះឆ្នោត​អាស៊ាន​បាន​រិះគន់ថា​ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ​មិនមាន​ឆន្ទៈ​បង្កើតឱ្យមាន​តម្លាភាព​ ផ្នែក​នយោបាយ​នោះឡើយ ទោះបីជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ បាន​អញ្ជើញ​អ្នកសង្កេតការណ៍​បោះឆ្នោត ឱ្យ​ចូលរួម​សង្កេតការណ៍​ក្តី​។​

​«​ប្រសិនបើ​គេ​ចង់ឱ្យ​ប្រជាធិបតេយ្យ​ ភាវូបនីយកម្ម​មាន​និរន្តរភាព ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ មាន​តម្លាភាព និង​ស្មោះ​ត្រង់នោះ គេ​គួរតែ​អនុញ្ញាតឱ្យ​មានកា​រ​យក​ព័ត៌មាន​ដោយ​សេរី និង​អនុញ្ញាតឱ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស និង​ក្នុង​តំបន់​ចូលរួម​ដែរនោះ​។​» លោក ស៊ុម​ស្រ៊ី ហា​ណា​នុ​នតា​ស៊ុ​ក (Somsri Hananuntasuk) អតីត​ប្រធាន​អង្គការ​សង្កេតការណ៍​បោះឆ្នោត​អាស៊ាន អាន​ហ្វ្រិ​ល (Anfrel) បាន​និយាយ​។​

អតីត​ប្រធាន​អង្គការ អាន​ហ្វ្រិ​ល រូបនេះ​បាន​និយាយ​បន្តថា​៖ «​ទោះបីជា​យ៉ាងណា អ្នកសង្កេតការណ៍​ទាំងនោះ​ គួរតែមាន​សិទ្ធិ​ចូលទៅ​កន្លែង​បោះឆ្នោត​ទាំងអស់​ដោយ​សេរី គឺ​មិន​គ្រាន់តែ​ទៅ​កន្លែង ​ដែល​គេ​ឱ្យទៅ​នោះទេ​។ បើ​មិន​ដូច្នេះ​ទេ ការសង្កេត​ការណ៍​ គ្រាន់តែ​ដូចជា​គ្រឿងសំអាង (​គ្រាន់តែ​ដើម្បី​ល្អមើល​) ​ប៉ុណ្ណោះ​។​»​

​ទោះបីជា​យ៉ាងណា អ្នកស្រី អង់​សាន ស៊ូ​ឃ្យី (Aung San Suu Kyi) បាន​ស្វាគមន៍​ ការបើក​ទូលាយ​នៃ​លទ្ធិប្រជាធិបតេយ្យ ​ដោយ​លោក​ប្រធានាធិបតី ថេ​ន សេន (Thein Sein) ដែលជា​អតីត​មេដឹកនាំ​ របប​យោធា​ភូមា​នោះ​។​​

​ទន្ទឹមនឹងនេះ បន្ទាប់ពី​មានការ​រិះគន់ និង​ការចោទប្រកាន់​ ដោយ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​អាស៊ាន​ អស់​រយៈពេល​៣​ឆ្នាំ​ក្រោយមក នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៥ អ្នកស្រី អង់​សាន ស៊ូ​ឃ្យី បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត​ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅពេលនោះ​។​​

ជាការ​ពិតណាស់ ប្រសិនបើ​អតីត​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ មិនមាន​ឆន្ទៈ​បើ​ចំហ​ផ្នែក​នយោបាយ និង​មាន​តម្លាភាព​ទេនោះ អ្នកស្រី អង់​សាន ស៊ូ​ឃ្យី ក៏​មិន​សង្ឃឹមថា​ បាន​ជាប់ឆ្នោត​នាពេល​នោះដែរ​។​​

រយៈពេល​៣​ឆ្នាំក្រោយ​មកទៀត នៅ​ខែកក្កដា​ឆ្នាំ​២០១៨​នេះ អង្គការ​សង្កេតការណ៍​បោះឆ្នោត​អាស៊ាន​ដដែល​នេះ ក៏បាន​ចាប់ផ្តើម​រិះគន់ ​ដំណើរការ​បោះឆ្នោត​សកល​នៅក្នុង​ប្រទេស​កម្ពុជា​ម្តង ដោយ​អង្គការ​មួយ​នេះ បាន​និយាយថា​ ​ការដាក់​អ្នកសង្កេតការណ៍​ជាតិ​ជិត ​៨​ម៉ឺន​នាក់ មិនអាច​ជឿទុកចិត្ត​បានទេ ដោយ​ថា​ពួកគេ​មាន​ប្រភព​មកពី​គណបក្សកាន់អំណាច និង​គ្មាន​ជំនាញ​ច្បាស់លាស់​។​​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី «​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ នៅមុន​ការបោះឆ្នោត​» នៅ​ថ្ងៃទី​២៤​ខែកក្កដា​នេះ លោកស្រី ចាន់​ដា​នី វ៉ា​តា​វ៉ា​ឡា (Chandanie Watawala) នាយិកា​ប្រតិបត្តិ​ថ្មី​ របស់​អង្គការ​សម្ព័ន្ធ​អាស៊ាន​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា អាន​ហ្វ្រិ​ល បាន​ដេញដោល​សួរ​ពី​សមត្ថភាព និង​ជំនាញ​នៃ​ការវាយតម្លៃ​បោះឆ្នោត ​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្ដរជាតិ ដែល​គ្រោង​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា ​នាពេល​ខាងមុខនេះ​។​​

ជាការ​ពិតណាស់ ការរិះគន់ និង​ការចោទប្រកាន់​របស់​អង្គការ​សង្កេតការណ៍​បោះឆ្នោត អាន់​ហ្វ្រិ​ល ស្អី​គេ​នោះ ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ដទៃទៀត​នោះ គឺ​គ្មាន​អ្វីដែល​ថ្មី​នោះឡើយ ពោលគឺ​ពួកគេ​ធ្វើការ​រិះគន់​គ្រាន់តែ​ដើម្បី​រិះគន់ និង​ដើម្បី​បំពេញ​តាមរបៀប​វារៈ​ នយោបាយ​របស់គេ​តែប៉ុណ្ណោះ​។​​

ដូច​លោក ហ៊ុយ វណ្ណៈ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​អង្គភាព​របស់លោក​ បានដាក់​អ្នកសង្កេតការណ៍​ ជាង​៣​ម៉ឺន​នាក់​ឃ្លាំមើល​ការបោះឆ្នោត ​នាពេលខាងមុខ បានលើកឡើង ការរិះគន់​របស់​អង្គការ​មួយ​នេះ​ មិនអាច​ទទួលយកបាន​នោះឡើយ​។​

«​អង្គការ​ទាំងនោះ មិនគួរ​មើលងាយ​ប្រជាជន​ខ្លួនឯង​ពេក​ទេ អាហ្នឹង​វា​ជា​សិទ្ធិ និង​សេរីភាព ហើយ​គេ​ធ្វើ​ក្នុងន័យ​វិជ្ជមាន​ទេ​។ ហើយ​ការចូលរួម​នេះ ​គ្រប់​មជ្ឈដ្ឋាន គឺ​ត្រូវអនុវត្ត​តាមច្បាប់​ ស្ដីពី​ការបោះឆ្នោត និង​ក្រមសីលធម៌ ដូច្នេះ បើ​គេ​មិនបាន​ធ្វើ​ខុស​នឹង​ចំណុច​៣​ជា​គោល ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ យើង​ក៏​មិនគួរមើលងាយ ​ប្រជាជន​ខ្លួនឯង​ដែរ វា​អត់​ល្អ​។​» លោក ហ៊ុយ វណ្ណៈ បាន​ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

ទន្ទឹមនឹងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ក៏បាន​ហៅ​ការរិះគន់​ របស់​អង្គការ អាន​ហ្វ្រិ​ល នេះ​ថា មាន​លក្ខណៈ​រើសអើង និង​បណ្ដុះបង្អាប់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ពីព្រោះ គ​.​ជ​.​ប បានផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ ជំនាញ​ដល់​ពូកគេ​គ្រប់គ្រាន់ ទោះបី​ពួកគេ​មិន​ធ្លាប់​ចូលរួម ​សង្កេតការណ៍​បោះឆ្នោត​ក៏ដោយ​។​

«​ទោះបីជា​អ្នកខ្លះ​មិន​ធ្លាប់​ ធ្វើជា​អ្នកសង្កេតការណ៍​ក៏ដោយ ក៏ប៉ុន្ដែ គាត់​បានចាប់ផ្ដើម ​ធ្វើជា​អ្នកសង្កេតការ​ណ៍ហើយ ប្រសិនបើ​សាមីខ្លួន ឬក៏​អង្គការ​ស្ថាប័ន​ណាមួយ​ មានបទពិសោធន៍​ជា​អ្នកសង្កេតការណ៍ ហេតុអ្វី​ចាំបាច់​ទៅ​រើសអើង ​អ្នក​ដែល​មិន​ធ្លាប់​សង្កេតការណ៍​។ សរុបមក នេះ​គឺ​គ្រាន់តែ​ជា​សេចក្ដីថ្លែងការណ៍​មួយ​ ដែលមាន​បំណង​មិន​សប្បាយ​ចិត្ត នឹង​ការបោះឆ្នោត​នេះ ប៉ុន្ដែ ការបោះឆ្នោត​នឹងត្រូវ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​។​» លោក ហង្ស ពុទ្ធា បាន​និយាយ​ពន្យល់​។​

​ជាការ​ពិតណាស់ ដូចជា​ការបោះឆ្នោត ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​កន្លងមក ទោះបីជា​ការបោះឆ្នោត​ណាមួយ​ ដំណើរការ​ទៅដោយ​សេរី និង​យុត្តិធម៌​ក្តី សម្រាប់​អង្គការ​សង្កេតការណ៍​បោះឆ្នោត អាន​ហ្វ្រិ​ល ក៏ដូចជា​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ ពួកគេ​នៅតែ​ចោទប្រកាន់ និង​រិះគន់ថា​ មិនអាច​ទទួលយកបាន​ដដែល​។​

​ណ្ហើយចុះ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា​ គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គួរតែ​ធ្វើ​មិនដឹងមិនឮ​ខ្លះទៅ ទោះបីជា​អង្គការ​ណា​រិះគន់ ឬ​ចោទប្រកាន់​យ៉ាងណាក្តី​។ ការប្រឹងប្រែង​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ ​រៀបចំ​ការបោះឆ្នោត​កន្លង​មក បានបង្ហាញ​នូវ​សមត្ថភាព​ របស់ខ្លួន​គ្រប់គ្រាន់​ទៅហើយ​។ ដូច្នេះ​គ្មាន​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ ​ចំពោះ​កា​រិះគន់​ណាមួយ​នោះទេ ដូច​សុភាសិត​ខ្មែរ​ដែល​និយាយថា​៖ «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​» ​នោះឡើយ​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684