ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកាស​វិធានការ​សន្តិសុខ ​ដោយ​ស្ថានទូត​អាមេរិក ​នៅ​ថ្ងៃ​បោះឆ្នោត ​អាចឱ្យ​មានការ​យល់ច្រឡំ​

​យោងតាម​សេចក្តីរាយការណ៍ ​របស់​សារព័ត៌មាន ស៊ី​ប៊ី​ស៊ី (CBC) របស់​កាណាដា ចេញផ្សាយ​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ស្ថានទូត​សហរដ្ឋ​អាម​រិ​កនៅ​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កាណាដា បានចេញ​សេចក្តីប្រកាស​ផ្នែក​សន្តិសុខ ​ជា​សាកល​មួយ ដោយ​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន​ អំពី​ការគំរាមកំហែង​ អំពី​ការវាយប្រហារ​ដោយ​ភេរវកម្ម នៅលើ​ទឹកដី​កាណាដា​។ ការព្រមាន​នេះ ក៏ត្រូវ​បានប្រកាស​ផ្សាយ​នៅក្នុង​ប្រទេសមួយ​ចំនួន​ដែរ​។​

សេចក្តីប្រកាស​ផ្នែក​សន្តិសុខ​ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​ ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ប្រទេស​កាណាដា បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ មានការ​ប្រុងប្រយ័ត្ន ដោយ​ដាក់ខ្លួន​ឱ្យទាប ពិនិត្យ​ផ្លូវ និង​ម៉ោង​ធ្វើដំណើរ​ឡើងវិញ ដើម្បី​កុំឱ្យ​គេ​ស្មានដឹង​ អំពី​ការធ្វើដំណើរ​របស់ខ្លួន ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​នៅ​ទីសាធារណៈ​។​

​«​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅមាន​ការព្រួយបារម្ភ​ថា​ ពួក​ភេរវ​ករ​មានបំណង​វាយប្រហារ​ ទៅលើ​ជនជាតិ​អាមេរិក រួមទាំង​កុមារ​ផងដែរ​។ ពួក​ភេរវ​ករ​អាច​ប្រើ​ល្បិចកល​គ្រប់បែបយ៉ាង ដូចជា​ការវាយប្រហារ​ដោយ​ហិង្សា និង​ការចាប់​ពង្រត់​ជាដើម​។​» សេចក្តីប្រកាស​សន្តិសុខ ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​ប្រទេស​កាណាដា បានលើកឡើង​នៅពេលនោះ​។​

​នៅ​ចម្ងាយ​ប្រមាណ​ជាង​ ១១៨០០​គីឡូម៉ែត្រ ​ភាគ​នីរ​តី​នៃ​ប្រទេស​កាណាដា នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ កាលពីពេល​ថ្មី​នេះ ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្តីប្រកាស​សន្តិសុខ សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក ក្នុងការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​បោះឆ្នោត​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខ​នេះដែរ​។​

​គួរ​បញ្ជាក់ថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បានចេញ​សេចក្តីប្រកាស​សន្តិសុខ​ នៅលើ​គេហទំព័រ​របស់ខ្លួន នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ ដោយ​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​អាមេរិក​ដែល​រស់នៅ ឬ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ថា​៖ «​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​នេះ អាច​ជម្រុញឱ្យមាន​ការប្រមូល​ផ្តុំគ្នា ​ផ្នែក​នយោបាយ ការធ្វើ​បាតុកម្ម ឬ​ការ​ចល័ត​កងកម្លាំង​សន្តិសុខ​។ ទោះបីជា​ការជួប​ជុំគ្នា​ផ្នែក​នយោបាយ​ នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ជាទូទៅ​មាន​ភាព​អហិង្សា​ក្តី ការធ្វើ​បាតុកម្ម ឬ​ការជួប​ជុំគ្នា អាច​ក្លាយជា​ការប្រឈមមុខ​ដា​ក់​គ្នា ដោយ​មិនបាន​ប្រាប់ឱ្យដឹង​ជា​មុខ​។​»

​ជាការ​ពិតណាស់ ស្ថានទូត​សហរដ្ឋអាមេរិក ក៏ដូចជា​ស្ថានទូត​ប្រទេស​ណាមួយ​ប្រចាំ​កម្ពុជា មាន​កាតព្វកិច្ច​ការពា​រ​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​របស់ខ្លួន ជាពិសេស​ដោយ​ការចេញ​សេចក្តីប្រកាស​សន្តិសុខ ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក​​ ប្រចាំ​ប្រទេស​កាណាដា ដែល​បានប្រកាស​អំពី​ការ​គំរាម​វាយប្រហារ ​ដោយ​ភេរវកម្ម​នៅ​ខែឧសភា​ឆ្នាំ​២០១៨​នេះ ជាដើម​។​​

​ទោះបីជា​យ៉ាងណា ការប្រកាស​វិធានការ​សន្តិសុខ សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក នៅ​ថ្ងៃ​បោះឆ្នោត​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ហាក់ដូចជា​មិនចាំបាច់​នោះឡើយ ហើយ​វា​អាច​នាំឱ្យមាន​ការយល់ច្រឡំ​ថា ​ប្រទេស​កម្ពុជា នៅតែមាន​ភាពអសន្តិសុខ ដូចជា​សម័យ​សង្គ្រាមស៊ីវិល​ ជាង​ពីរ​ទសវត្សរ៍​កន្លងមក​ដូច្នេះ​ដែរ​។ ​

ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង សភាពការណ៍​ពិត​នៅ​កម្ពុជា​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ស្ថិតនៅក្រោម​ដំបូល​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ ដោយ​គ្មាន​នរណាម្នាក់​ភ័យព្រួយ ដូច​សារ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​នោះទេ​។

«​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ មិនបាន​ឆ្លុះបញ្ចាំង​ពី​សុវត្ថិភាព​ជាក់ស្តែង ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​ ហើយ​ចោទថា ការជូនដំណឹង​របស់​ទូត​អាមេរិក​ ​គឺ​ធ្វើ​ដោយមាន​ហេតុផល​នយោបាយ​ ដោយ​ចង់​បង្ហាញថា ការបោះឆ្នោត​នៅ​កម្ពុជា ​ពុំមាន​សុវត្ថិភាព​។​» លោក​សុខ ឥសាន បាន​និយាយ​។​

​ទន្ទឹមនឹងនេះ សារ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​ ដល់​ពលរដ្ឋ​អាមេរិក​នៅ​កម្ពុជា ​ក៏បាន​ជម្រុញ​ឱ្យ​ពលរដ្ឋ​អាមេរិក​ គេចចេញ​ពី​ក្រុមមនុស្ស​ច្រើន ហើយ​គេចខ្លួន​ចេញពី​តំបន់​នោះ​ជាបន្ទាន់ គេច​ចេញពី​ក្រុម​បាតុកម្ម និង​សកម្ម​ភាពទាក់ទង​នឹង​ការបោះឆ្នោត​ជាដើម​។​

​អ្វីដែល​យើង​មានការ​ព្រួយបារម្ភ​នោះ សារ​សន្តិសុខ​របស់​ស្ថានទូត​អាមេរិក ​អាចធ្វើឱ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដ៏ទៃទៀត ​ខ្លាច​មិន​ហ៊ាន​ធ្វើដំណើរ​ មក​ទស្សនា​ប្រទេស​កម្ពុជា​នោះ​។​

​ជាការ​ពិតណាស់ យោងតាម​សេចក្តីរាយការណ៍​របស់​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​នគរបាលជាតិ បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៦ ម៉ឺន​នាក់​ នឹងត្រូវ​ដាក់ពង្រាយ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ​នៅ​ថ្ងៃទី ២៩​ខែកក្កដា​នេះ ក្នុងនោះ​មាន​ទាំង​កម្លាំង​នគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កម្លាំង​កងរាជអាវុធហត្ថ រួមទាំង​កម្លាំង​ប្រជា​ការពារ​ថែមទៀត​។​

​ដូច្នេះ ស្ថានទូត​សហរដ្ឋ​អាម​រិ​ក​ប្រចាំ​នៅ​ម្ពុ​ជា ​មិនចាំបាច់​ព្រួយបារម្ភ ​អំពី​ប្រជាពលរដ្ឋ​អាមេរិក ​ដែល​រស់នៅ​ប្រទេស​កម្ពុជា ឬ​គ្រោង​មក​ប្រទេស​កម្ពុជា ពេក​នោះទេ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​រស់នៅ​ក្រៅប្រទេស ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ទាំងអស់ សូមមេត្តា​បន្ត​កក់​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ ព្រមទាំង​រក្សា​នូវ​កាលបរិច្ឆេទ ​នៃ​ការ​មក​ធ្វើ​ទស្សនកិច្ច ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ខាងមុខនេះជាធម្មតា ដោយ​មិនចំបាច់មាន​ការផ្លាស់ប្តូរ​នោះឡើយ​។​

​ជាការ​ពិតណាស់ ប្រហែលជា​គ្មាន​នរណាម្នាក់​ ​អាច​វាយតម្លៃ​អំពី​សន្តិសុខ​ នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​សមត្ថកិច្ច និង​អាជ្ញាធរ​កម្ពុជា​នោះឡើយ​។ ប្រសិនបើ​សមត្ថកិច្ច​កម្ពុជា ​អះអាងថា​អាច​ការពារ​សន្តិសុខ​បាន​នោះ ប្រជាពលរដ្ឋ​អាមេរិក ក៏ដូចជា​ជនជាតិ​ទាំងអស់​ ដែល​រស់ ឬ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ប្រាក​ដា​ជាមាន​សុវត្ថិភាព​ជាមិនខាន​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684