ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បង្ហាញ​ពី​របៀប​ការពារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅពេល​ទឹកជំនន់

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​បង្ហាញ​ពី​របៀប​ការពារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅមុន​និង​ក្រោយ​ទឹក​ជំនន់​ ខណៈដែល​នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ការ​លិចលង់​ដោយ​ទឹកជំនន់​នៅ​ឡើយ។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ហូប​ស្អាត រស់នៅ​ស្អាត និង​ផឹក​ស្អាត​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​ ដែល​បណ្តាលមកពី​ទឹក​ខ្វក់​ និង​មាន​មេរោគ​ជាច្រើន​នៅពេល​ទឹក​ស្រក​។​

ការបង្ហាញ​ពី​របៀប​ការពារ​សុខភាព​នៅមុន​និង​ក្រោយ​ទឹកជំនន់​របស់​ក្រសួងសុខាភិបាល​នេះ​ បន្ទាប់​ពី​មាន​ខេត្ត​រាជធានី​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​ បានទទួល​រង​ដោយ​ជំនន់​ទឹក​ភ្លៀង ​និង​ការបាក់​ទំនប់​វា​រី​អគ្គិសនី​ពី​ប្រទេស​ឡាវ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ប្រឈម​នឹង​បញ្ហា​សុខភាព ​និង​សត្វ​អាសិរពិស​ផ្សេងៗ​។​

ថ្លែង​នៅក្នុង​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃទី​២៦​ខែកក្កដា ​ឆ្នាំ​២០១៨​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​មានប្រសាសន៍ថា​ នៅពេល​ដែលមាន​ទឹកជំនន់​ នឹងធ្វើ​ឲ្យ​មាន​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយសារ​ទឹក​មិន​ស្អាត ការពុល​ចំណីអាហារ ជំងឺរាគ អាសន្នរោគ និង​ជំងឺ​ដែល​បង្កឡើង​ដោយ​ភ្នាក់ងារ​ចម្លង​មួយចំនួន​ដូចជា គ្រុនចាញ់ គ្រុនឈាម ជំងឺ​រមាស់ ភ្នែក​ក្រហម រលាក​ផ្លូវដង្ហើម របួស​ដោយសារ​ការ​ប៉ះទង្គិច​នឹង​វត្ថុ​ផ្សេងៗ ពស់​ចឹក លង់ទឹក និង​វិបត្តិ​ផ្លូវចិត្ត​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សម្រាន្ត​នៅក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុន ចាញ់​និង​ជំងឺ​ផ្សេងៗ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ពស់ ​ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ​និង​ក្នុងផ្ទះ ត្រូវ​ស្តារ​និង​លាង​សំអាត​អណ្តូង​ទឹក​ឡើងវិញ​មុននឹង​ប្រើប្រាស់​ និង​ជួសជុល​ និង​សាងសង់​ឡើងវិញ ​និង​ត្រូវ​បន្ទោរ​បង់​ក្នុង​បង្គន់​គ្រប់ពេល។

ជាមួយគ្នានេះដែរ​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​ដើម្បី​ត្រៀម​រក​ទីទួល​សុ​វត្ថិភាព​និង​ស្បៀងអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​នៅពេល​មាន​ទឹកជំនន់។

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន ​និង​ពិនិត្យ​ផ្ទៃពោះ​ទៅតាម​ការកំណត់​របស់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បើ​ស្ត្រី​ជិត​គ្រប់​ខែ​ដល់ពេល​សម្រាល​ត្រូវ​ស្វែងរក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​។ ​ត្រូវ​នាំ​កូនៗ​ទៅ​ទទួល​ថ្នាំ​បង្ការ​ទៅតាម​ការកំណត់​របស់​គ្រូពេទ្យ​និង​ផ្តល់​ចំណីអាហារ​ដល់​កុមារ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ត្រូវការពារ​កុមារ​កុំ​ឲ្យ​លេង​ទឹក និង​ត្រូវ​ចេះ​ជួយ​ដល់​ស្ត្រី មាន​ផ្ទៃពោះ កុមារ មនុស្ស​ចាស់ និង​ជនពិការ នៅក្នុង​កំឡុងពេល​ទឹកជំនន់​។

យ៉ាងណាក៏ដោយ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​បាន​ណែនាំ​ថា​ មុនពេល ក្នុងពេល​និង​ក្រោយពេល​ទឹកជំនន់​ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​សូម​ស្វែងរក​ការពិគ្រោះ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែ​រ​ទីទួល​សុ​វត្ថិភាព​ឬ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បង​បង្អូន​បំផុត​។​

ក្នុងករណី​មាន​ជំងឺឆ្លង​រាតត្បាត​សូម​ទាក់ទង​មកកាន់​លេខ​១១៥​ដោយ​ឥតគិតថ្លៃ​ទាក់ទង​ទៅ​លោក​វេជ្ជបណ្ឌិត កុល ហេ​រ៉ូ លេខ​០១៧៩៩៩៥៨៦​ឬ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ ស៊ា​ង ០១២៩២៥៧៤១៕
​ ​